ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់ចំនួន២០រថយន្ត ទើបភ្លើងបានរលត់ទៅវិញទាំង ស្រុង។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចរោងចក្រស៊ីនវៃជា មានទីតាំងស្ថិតនៅតាមផ្លូវលេខ១១ ក្រុម៤ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពពីកម្មកររោងចក្រកើតហេតុខាងលើ បានឱ្យដឹងថា ករណីនេះ ឆេះចំថ្ងៃអាទិត្យហេតុនេះកម្មករបានឈប់សម្រាកអស់ទៅ ហើយ តែភាគច្រើនកម្មករគឺជួលបន្ទប់ស្នាក់នៅក្បែររោងចក្រតែម្តង ហើយកើតហេតុភ្លាម កម្មករកំពុងសំរាកនៅបន្ទប់ជួល បានចេញជួយ ជញ្ជូនសម្ភារៈជាពិសេស ខោដែលដេររួចសម្រេច ចេញទាន់ពេល រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ភ្លាមៗ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មានពីអាជ្ញាធរមូលដ្ឋានផង និងពីប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ៦៦៦ ផង ថា មានអគ្គិភ័យកំពុងឆាបឆេះរោងចក្រកាត់ដេរសម្លៀក បំពាក់មួយកន្លែងនៅក្រោយមណ្ឌលសុខភាពទឹកថ្លា ភ្លាមៗនោះ លោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យ នៅគ្រប់គោលដៅទាំងអស់ក្នុង រាជធានីភ្នំពេញ ចេញជួយអន្តរាគមន៍សង្គ្រោះផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩ឡាន ស្មើរនឹង៧៦ម៉ែត្រគូប។ រថយន្តជំនួយមកពីកងពលតូចលេខ៧០ (ង៧០) ចំនួន៤គ្រឿង ពុំបានប្រើប្រាស់ទឹក។ និងរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៦ម៉ែត្រគូប ទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១រសៀលថ្ងៃដដែល។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ហើយក្នុងនោះធ្វើឱ្យខូចខាតឆេះសម្ភារៈក្នុងរោងចក្ររួមមាន ម៉ាស៊ីនដេរចំនួន ៣២គ្រឿង ឆ្នាំងអ៊ុតចំនួន៨គ្រឿង្ប ក្រណាត់អស់មួយចំនួន និងពុំ បណ្តាលឱ្យរាលដាលដល់ផ្ទះអ្នកក្បែរ និងបង្កលឱ្យមានរបួសដល់អ្នកណាម្នាក់ នោះឡើយ។/