Friday, November 15, 2024
Homeព័ត៌មានជាតិលែងប្រពន្ធរួច នឹកពេក ចងកស្លាប់

លែងប្រពន្ធរួច នឹកពេក ចងកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់​ ទើបនឹងលែងលះប្រពន្ធថ្មីៗ មិនដាច់អាល័យ នឹកប្រពន្ធពេក ចេះតែអង្គុយស្រងូតស្រងាត់ ៤-៥ថ្ងៃមកហើយ ណាមួយកើតមានអារម្មណ៍អន់ចិត្តរឿងបងប្អូនស្តីបន្ទោសផង ស្រាប់តែបែកគំនិតគិតខ្លី ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងចំណុចបន្ទប់ជួលជាន់ទី១ (បន្ទប់គ្មានមនុស្សស្នាក់នៅ) ក្នុងភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បុរសដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះឈឹង កែវ អាយុ២៨ឆ្នាំ មុខរបរដើរទិញអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយបង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិរំចេក ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ ដែលរស់នៅជាប់កន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ រូបគាត់បានឃើញជនរងគ្រោះតែងតែមកអង្គុយលេងនៅខាងមុខបន្ទប់ជួល ជាន់ទី១ ដែលជាបន្ទប់កើតហេតុ អស់រយៈពេល ៥ថ្ងៃមកហើយ ខណៈដែលបន្ទប់ជួលនោះ មិនមានមនុស្សជួលស្នាក់នៅទេ។ លុះក្រោយមក នៅវេលាម៉ោងកើតហេតុ គាត់បានប្រទះឃើញជនរងគ្រោះ មកអង្គុយលេងនៅខាងមុខបន្ទប់ជួលនោះម្តងទៀត ទាំងទឹកមុខស្រងូតស្រងាត់ និងមានខ្សែមួយចង្វាយ កាន់ជាប់ដៃផង ប៉ុន្តែគាត់ក៏មិនបានចាប់អារម្មណ៍អ្វីទេ។

ប្រភពដដែល បន្តថា លុះបន្តិចក្រោយមក ពេលដែលគាត់ក្រឡេកភ្នែកបន្តិច ស្រាប់តែបាត់មិនឃើញជនរងគ្រោះសោះ តែគាត់នឹកស្មានថា ជនរងគ្រោះត្រឡប់ទៅបន្ទប់ជួលរបស់ខ្លួនវិញហើយ ទើបគាត់មិនបានសង្ស័យអ្វី។ រហូតដល់ក្រោយមកទៀត មានអ្នកដើរកាត់បន្ទប់ជួលដែលគ្មានមនុស្សស្នាក់នៅនោះ បានស្រែកឆោឡោថា មានមនុស្សចងក ទើបផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង នាំគ្នាឡើងទៅមើល ក៏ប្រទះឃើញជនរងគ្រោះខាងលើ ចងកក្នុងបន្ទប់នោះបាត់ទៅហើយ រួចក៏នាំគ្នាកាត់ខ្សែចំណង ដាក់ចុះមកក្រោម ដើម្បីសង្គ្រោះភ្លាមៗដែរ ប៉ុន្តែ ពិនិត្យទៅ ដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានបង្ហើបប្រាប់ថា ជនរងគ្រោះខាងលើ ទើបនឹងលែងលះគ្នាជាមួយប្រពន្ធ មិនបានប៉ុន្មានផង ចេះតែមានអារម្មណ៍ស្រងូតស្រងាត់ប្លែក មិនសូវនិយាយស្តីអ្វីទីងាំអស់ សង្ស័យនៅមិនទាន់ដាច់អាល័យពីប្រពន្ធ ឬនឹកប្រពន្ធ ហើយថ្មីៗនេះ ជនរងគ្រោះ បានកើតមានការអាក់អន់ស្រពន់ចិត្តជាមួយនឹងបងប្អូនថែមទៀត ខណៈដែលត្រូវបងប្អូនស្តីបន្ទោសតិចតួច ស្រាប់តែមកដល់ថ្ងៃកើតហេតុ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ដើម្បីឱ្យចុះមកពិនិត្យសព។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES