Friday, November 15, 2024
Homeព័ត៌មានជាតិក្មេងធ្លាក់ទឹកស្រះវត្ត លោកសង្ឃជួយអត់ទាន់

ក្មេងធ្លាក់ទឹកស្រះវត្ត លោកសង្ឃជួយអត់ទាន់

ខេត្តបាត់ដំបង ៖ ក្មេងប្រុស ជាសិស្សសាលាម្នាក់ បានដើរលេងនៅក្បែរៗស្រះទឹក ក្នុងវត្ត គាប់ជួនជ្រុះប៊ិក ទើបឱនរើស ស្រាប់តែរអិលជើងធ្លាក់ចូលស្រះទឹក បណ្តាលឱ្យលង់ ហើយភ្លាមៗនោះ ត្រូវបានព្រះសង្ឃគង់នៅក្នុងវត្ត ប្រទះឃើញ ស្ទុះលោតចុះទឹកទៅជួយស្រង់ដែរ តែអកុសល ក្មេងប្រុសរងគ្រោះ បានលង់ទឹកស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងបរិវេណវត្តពោធិ៍វាល ក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះសឺន មុន្នីសុខសម្បត្តិ អាយុ៨ឆ្នាំ មុខរបរសិស្ស រស់ក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងឃុំអន្លុងរុន ស្រុកថ្មគោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះខាងលើ បានមកលេងនៅមុខកុដិរបស់ព្រះសង្ឃ និងក្បែរស្រះទឹក ក្នុងវត្ត។ លុះបន្តិចក្រោយមក ក្មេងប្រុសរងគ្រោះ បានធ្វើឱ្យជ្រុះប៊ិក នៅក្បែរមាត់ស្រះទឹក ទើបឱនទៅរើស ក៏រអិលជើងធ្លាក់ចូលទៅក្នុងទឹកស្រះ ដែលមានជម្រៅជ្រៅ ទើបបណ្តាលឱ្យលង់ ហើយភ្លាមៗនោះ មានព្រះសង្ឃគង់នៅក្នុងវត្ត បានប្រទះឃើញ ក៏ស្ទុះលោតចូលទឹក ទៅជួយស្រង់ក្មេងប្រុសរងគ្រោះភ្លាមៗដែរ តែអកុសល យឺតពេលទៅហើយ ទម្រាំរាវរកឃើញ និងស្រង់ក្មេង ប្រុសឡើងមកដល់លើគោក ក្មេងប្រុសរងគ្រោះ បានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសពក្មេងប្រុសរងគ្រោះ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES