Friday, November 15, 2024
Homeព័ត៌មានជាតិពុលស្រា-ស និងថ្នាំ ៧០នាក់ ស្លាប់៣

ពុលស្រា-ស និងថ្នាំ ៧០នាក់ ស្លាប់៣

ខេត្តកំពង់ចាម ៖ ក្រុមកម្មករ-កម្មការិនី ស៊ីឈ្នួលដាំចេក ឱ្យក្រមហ៊ុន ១កន្លែង មានគ្នាប្រមាណ៧០នាក់ នៅសុខៗស្រាប់តែមានអាការពិបាកដកដង្ហើម ណែនដើមទ្រូង និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល កម្មករចំនួន ៣នាក់ ក្នុងចំណោមនោះ បានបាត់បង់ជីវិត ដែលករណីនេះ ត្រូវបានសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីពុលស្រា-ស និងថ្នាំបាញ់ស្មៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅក្នុងចម្ការចេក ឡុង ស្រេង បឹងកេត ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង។

លោកឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ បានឱ្យដឹងថា មានកម្មករប្រុស ចំនួន៣នាក់ បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ខណៈបាញ់ថ្នាំស្មៅ និងបោចស្មៅក្នុងចម្ការចេក បន្ទាប់មក មានអាការថប់ៗ ពិបាកដកដង្ហើម និងចុកទ្រូង។

លោកអធិការ បញ្ជាក់ទៀតថា រង់ចាំខាងក្រុមគ្រូពេទ្យពិនិត្យព្យាបាល តាមដានសិនថា តើបង្កមកពីមូលហេតុអ្វី? ព្រោះបច្ចុប្បន្ន កម្មករជាច្រើន ដែលមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ហើយបានធូរស្រាលត្រឡប់ទៅផ្ទះវិញ។

តាមសម្តីជនរងគ្រោះម្នាក់ ដែលធ្វើការនៅចម្ការចេក ឡុង ស្រេង បឹងកេត នោះ បានបញ្ជាក់ប្រាប់ថា ក្រោយពីពួកគេយកថ្នាំបាញ់ស្មៅក្នុងចម្ការ ដូចសព្វដង រួចស្រាប់តែកម្មករជាច្រើននាក់ ចាប់ផ្តើមមានអាការថប់ៗ ពិបាកដកដង្ហើម និងចុកទ្រូង ហើយប្រសិនបើមិនបានបញ្ជូនមកកាន់មន្ទីរពេទ្យទាន់ពេលទេនោះ អាចបង្កឱ្យស្លាប់ភ្លាមៗ។

លោកវេជ្ជបណ្ឌិត យឹម ណាវី ប្រធានការិយាល័យសុខាភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ក្រោយពីទទួលបានព័ត៌មានករណីកម្មករ កម្មការិនីចម្ការចេក ស្ថិតក្នុងភូមិ៣៥ មានអាការពុល ទន់ដៃជើងរួចមក ក៏មានរថយន្តសង្គ្រោះ ជាច្រើនគ្រឿង បានចេញទៅដឹកបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ជាបន្តបន្ទាប់ តែអ្នកជំងឺបានកើនឡើងរហូតដល់ប្រមាណ ៦៩នាក់ ក្នុងនោះអ្នកដែលមានអាការធ្ងន់ ត្រូវបានដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម រហូតដល់ជាង ៣០នាក់។

លោកវេជ្ជបណ្ឌិត យឹម ណាវី បន្តថា តាមការពិនិត្យ សាកសួរពីក្រុមគ្រូពេទ្យលើជនរងគ្រោះបានឆ្លើយថា ពួកគាត់មានអាការពិបាកដកដង្ហើម ណែនទ្រូង និងឈឺក្បាល ហើយក្រោមការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ បានធ្វើឱ្យកម្មករមួយចំនួន ធូរស្រាលបន្តិចម្តងៗហើយ រហូតដល់អ្នកខ្លះបានចេញពីពេទ្យ ត្រឡប់ទៅផ្ទះវិញផងដែរ។

ប្រភពដដែល បន្តថា ចំពោះមូលហេតុដែលបណ្តាលឱ្យកម្មករពុល គឺមកពីពួកគាត់ទទួលទានស្រា-ស ស្រាកំប៉ុង ហើយនៅចម្ការនោះ បានបាញ់ថ្នាំស្មៅផងដែរ។ ក្នុងជំហានដំបូង មន្ត្រីសុខាភិបាលស្រុក ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត រួមនិងថ្នាក់ដឹកនាំខេត្ត បានប្រឹងប្រែងចុះស្រាវជ្រាវដល់មូលដ្ឋានផ្ទាល់ ក្នុងនោះក៏បានយកស្រា-ស ទៅពិនិត្យនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។ ជាលទ្ធផលដំបូង បានបង្ហាញថា ស្រា-សនោះ មានជាតិមេតាណុលខ្ពស់ ជាហេតុបណ្តាលឱ្យពុលស្លាប់។ បន្ទាប់មកទៀត កម្លាំងជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅប្រមូលស្រានៅកន្លែងលក់ផ្សេងៗ នៅភូមិ៣៥ ដើម្បីយកទៅពិសោធន៍ម្តងទៀត ដែលលទ្ធផលនឹងចេញឆាប់ៗនេះ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ទទួលបាន គឺនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះបញ្ជូនមកមន្ទីរពេទ្យស្រុក មាន១នាក់ នៅថ្ងៃទី២៦ ខែតុលា មាន១នាក់ នៅថ្ងៃទី២៧ ខែតុលា មានចំនួន ២៧នាក់ នៅថ្ងៃទី២៨ ខែតុលា មានចំនួន១០នាក់ នៅថ្ងៃទី២៩ ខែតុលា មានចំនួន២៣នាក់ ថ្ងៃទី៣០ ខែតុលា មាន៤នាក់ និងថ្ងៃទី៣១ ខែតុលា មានចំនួន ៣នាក់ សរុបទាំងអស់ ជនរងគ្រោះដែលពុល គឺចំនួន ៦៩នាក់។

លោកវេជ្ជបណ្ឌិតយឹម ណាវី ប្រធានការិយាល័យសុខាភិបាលស្រុក បញ្ជាក់ថា គិតរហូតមកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កម្មករដែលពុលស្រា បណ្តាលឱ្យស្លាប់ បានកើនឡើងដល់ចំនួន ៣នាក់ ក្នុងនោះរួមមាន ៖ ទី១-ឈ្មោះឡោ ឡន ភេទប្រុស អាយុ៥៤ឆ្នាំ ទី២-ឈ្មោះមុល ប៉ី ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៣- ឈ្មោះសុំ សុខហ៊ីម ភេទប្រុស អាយុ៤៦ឆ្នាំ។  ដោយឡែកកម្មករ ចំនួនជាង២៧នាក់ទៀត ក្នុងនោះស្រីចំនួន ១៣នាក់ កំពុងតែសម្រាកព្យាបាលបន្សាបជាតិពុល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ នៅឡើយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES