Friday, November 15, 2024
Homeព័ត៌មានជាតិទារបំណុលម៉ែ ចាប់រំលោភកូនស្រី

ទារបំណុលម៉ែ ចាប់រំលោភកូនស្រី

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ជាបុគ្គលិកផ្នែកឥណនទានមីក្រូហិរញ្ញវត្ថុ បានចុះទៅទារប្រាក់ពីអតិថិជនរបស់ខ្លួន លុះទៅដល់ មិនជួបកូនបំណុល ឃើញតែកូនស្រីនៅចាំផ្ទះម្នាក់ឯង ក៏បែកគំនិតចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេច ថែមទាំងគំរាមសម្លាប់បំបិទមាត់ទៀតផង។ លុះក្មេងស្រីរងគ្រោះទម្លាយរឿងប្រាប់ឪពុកម្តាយ ដាក់ពាក្យបណ្តឹង និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ជនសង្ស័យដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះង៉ែត វ៉ាឃីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកផ្នែកឥណទាន ក្រុមហ៊ុនប្រសិទ្ធភាពក្រេឌីត រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ជ.ស.ផ.ន អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលបណ្តឹងតាមទូរស័ព្ទពីលោកមេភូមិភ្នំស្ពង់ និងម្តាយរបស់ក្មេងស្រីរងគ្រោះ ថាមានករណីរំលោភសេពសន្ថវៈលើអនីតិជន អាយុក្រោម ១៥ឆ្នាំ  នៅចំណុចស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ក្រោយពីបានទទួលព័ត៌មានខាងលើនេះភ្លាម លោកអធិការ បានចាត់កម្លាំងជំនាញចុះសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំសាលាក្រៅ ធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នៅកន្លែងកើតហេតុ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឪពុកម្តាយរបស់នាង បាននាំគ្នាចេញទៅចម្ការ ដូចសព្វដង ដោយទុកឱ្យនាងនៅចាំផ្ទះ តែម្នាក់ឯង។ លុះមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃដដែល ក៏លេចមុខជនសង្ស័យខាងលើ មកដល់ផ្ទះរបស់នាង សួររកម្តាយឪពុកនាង បំណងមកទារលុយ។ ពេលនោះ នាងបានប្រាប់ជនសង្ស័យថា ឪពុកម្តាយនាង មិននៅទេ ពួកគាត់ចេញទៅចម្ការអស់ហើយ ស្រាប់តែរំពេចនោះ ជនសង្ស័យឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពចាប់អូសដៃនាងចូលទៅក្នុងផ្ទះ បន្ទាប់មក ក៏ធ្វើសកម្មភាពចាប់សម្រាតខោអាវនាងចេញអស់ រួចរំលោភសេពសន្ថវៈលើរូបនាង រហូតបានសម្រេចតែម្តង។

ក្មេងស្រីរងគ្រោះ បានបន្តថា ក្រោយពីធ្វើសកម្មភាពរំលោភនាងរួចហើយ ជនសង្ស័យបានគំរាមសម្លាប់នាងបំបិទមាត់ទៀតផង បើនាងហ៊ានស្រែក ឬទម្លាយរឿងនេះប្រាប់អ្នកណាម្នាក់។ បន្ទាប់មក នាងបានរត់ចេញមកក្រៅផ្ទះ ស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយឃាត់ជនសង្ស័យជាប់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេចប្រាកដមែន។

ជនសង្ស័យ បានសារភាពបន្តថា មុនពេលកើតហេតុ រូបគេបានធ្វើដំណើរទៅផ្ទះរបស់ក្មេងស្រីរងគ្រោះ បំណងទៅទារបំណុលពីឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ តែពេលទៅដល់ មិនជួបឪពុកម្តាយដែលជាកូនបំណុល ជួបតែកូនស្រីរបស់កូនបំណុល ណាមួយឃើញឱកាសស្ងាត់ ល្អផង ក៏ធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង បញ្ជូននទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES