ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ ទើបនឹងចេញពីពន្ធនាគារ បានទិញថ្នាំញៀន មកសម្ងំជក់តែម្នាក់ឯង ជាប្រចាំ លុះស្ត្រីជាម្តាយប្រទះឃើញកូនប្រុសកំពុងជក់ថ្នាំញៀន ក៏ចូលទៅហាមឃាត់ដែរ ប៉ុន្តែកូនប្រុសមិនខ្ចីស្តាប់ ទើបស្ត្រីជាម្តាយ បានចេញទៅរៀបចំដាំបាយទឹកហូប ស្រាប់តែរំពេចនោះ កូនប្រុសពាលរូបនេះ បែរជាបែកគំនិតចូលទៅចាប់ផ្តួលម្តាយ រួចសម្រាតខោអាវចេញអស់ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើម្តាយបង្កើតខ្លួនឯង រហូតបានសម្រេច លុះម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនប្រុស នាំយកទៅចាត់ការតាមច្បាប់។
ករណីកូនប្រុសចាប់រំលោភរំលោភសេពសន្ថវៈលើម្តាយបង្កើតខ្លួនឯងនេះ បានកើតឡើង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល។ លុះមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នាំយកទៅចាត់ការតាមច្បាប់។
ជនសង្ស័យដែលចាប់រំលោភម្តាយបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះអ៊ីន កំសត់ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពីបទហិង្សា និងទើបត្រូវបានដោះលែងវិញ កាលពីពេលថ្មីៗ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានអាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ីន កំសត់ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះអ៊ីន កំសត់ ត្រូវជាកូនប្រុសបង្កើតរបស់ខ្លួន ថាបានធ្វើសកម្មភាពចាប់រំលោភគាត់ជាម្តាយ រហូតដល់បានសម្រេច។
តាមសម្តីស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់ឃើញកូនប្រុសរូបនេះ នៅសម្ងំជក់ថ្នាំក្នុងផ្ទះ តែម្នាក់ឯង ទើបគាត់បានដើរទៅហាមឃាត់ដែរ ប៉ុន្តែកូនប្រុសនេះ មិនព្រមស្តាប់ទាល់តែសោះ ទើបគាត់ខ្ជិលនិយាយវែងឆ្ងាយ ខ្លាចមានរឿងរ៉ាវ ក៏ដើរចេញ ទៅផ្ទះបាយ ដើម្បីរៀបចំដាំបាយទឹកហូបទាំងអស់គ្នា។ លុះពេលដែលគាត់កំពុងដាំបាយ ស្រាប់តែលេចមុខកូនប្រុសទុរយសខាងលើ បានចូលមកចាប់ផ្តួលគាត់ទាំងកំរោល បន្ទាប់មកក៏ធ្វើសកម្មភាពចាប់សម្រាតខោអាវរបស់គាត់ចេញអស់ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈលើរូបគាត់ទាំងកំរោល ទោះជាគាត់ស្រែកអង្វរយ៉ាងណា ក៏គេមិនព្រមឈប់ លុះគាត់ព្យាយាមរើបម្រះផង ស្រែកហៅឱ្យអ្នកជិតខាងជួយផង ស្រាប់តែកូនប្រុសកំណាចរូបនេះ បានយកអាវមកខ្ទប់មាត់គាត់ជាប់ បន្ទាប់មកក៏បន្តសកម្មភាពរំលោភគាត់ជាម្តាយបង្កើត រហូតដល់បានសម្រេចតែម្តង។
ស្ត្រីជាម្តាយ បន្តថា បន្ទាប់ពីធ្វើសកម្មភាពរួចហើយ កូនប្រុសនេះ បានរត់គេចចេញពីផ្ទះបាត់ភ្លាមៗ។ ចំណែកគាត់ ក៏ប្រញាប់រត់ទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗដែរ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ ឈ្មោះអ៊ីន កំសត់ បាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ រួចក៏នាំយកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យដែលចាប់រំលោភម្តាយបង្កើតខ្លួនឯងនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលម្តាយបានប្តឹងចោទប្រកាន់មែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ លោកជា ប៉ោ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះអ៊ីន កំសត់ នៅពន្ធនាគារខេត្តក្រចេះ ជាបណ្តោះអាសន្ន រង់ចាំបើកសវនាការនៅពេលក្រោយ៕