ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារ ២គ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីព្យាយាមជិះម៉ូតូគេច ដោយមានអ្នកតាមពីក្រោយ ស្រែកថា «ចោរ!២»។
ហេតុការណ៍បាញ់ប្រហារបុរសម្នាក់ បណ្តាលឱ្យស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ១និង៣០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវ១០១១ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសរងគ្រោះដែលដេកដួលស្លាប់ក្នុងថ្លុកឈាម ដោយសាររងការបាញ់ប្រហារនោះ មានឈ្មោះរិទ្ធី ចិត្ត្រា អាយុ២៤ឆ្នាំ (ឆ្នាំកំណើត ១៩៩៨) មានទីកន្លែងកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក លំនៅបច្ចុប្បន្ន ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-4729 ក្នុងល្បឿនយ៉ាងលឿន បំណងគេចពីមនុស្សប្រុស ១ក្រុម ដែលកំពុងជិះម៉ូតូប្រដេញតាមពីក្រោយ និងស្រែកថា “ចោរ!ៗ” បង្កឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានការផ្ទុះអាវុធចំនួន ២គ្រាប់ បណ្តាលឱ្យត្រូវជនរងគ្រោះ ១គ្រាប់ រួចហើយជនរងគ្រោះ មិនបានឈប់ម៉ូតូភ្លាមនោះទេ គឺនៅតែបន្តដំណើរទាំងដៃឱបពោះ ឆ្ពោះទៅមុខ បានប្រមាណ ៥០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៏ដួលម៉ូតូ ផ្កាប់មុខ ស្លាប់ក្បែរចិញ្ចើមផ្លូវតែម្តង។
ដោយឡែកតាមប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរស ១ក្រុម ស្លៀកពាក់ស៊ីវិល អះអាងថា ជាសមត្ថកិច្ច បានចុះស្រាវជ្រាវមុខសញ្ញាចោរគាស់ផ្ទះ លុះក្រោយមក ក៏បានជិះម៉ូតូប្រដេញតាមជនរងគ្រាះខាងលើ ដោយដេញតាមបណ្តើរ ស្រែកថាចោរ!ៗបណ្តើរ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញដងផ្លូវ។ លុះបន្តិចក្រោយមក ជនរងគ្រោះខាងលើ បានជិះម៉ូតូកាត់មុខរថយន្តទំនើប ១គ្រឿង ម៉ាកឡង់គ្រីសឺរ មិនចាំស្លាកលេខ លុះអ្នកជិះក្នុងរថយន្តនោះ ឮសំឡេងស្រែកថា ចោរ!ៗ ក៏បើកកញ្ចក់រថយន្ត រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់សំដៅជនរងគ្រោះខាងលើ ចំនួន២គ្រាប់ បណ្តាលឱ្យត្រូវជនរងគ្រោះ ១គ្រាប់ តែភ្លាមនោះ ជនរងគ្រោះមិនបានឈប់ម៉ូតូភ្លាមទេ ដោយព្យាយាមជិះម៉ូតូគេចទៅមុខបណ្តើរ យកដៃឱបពោះបណ្តើរ ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ដែលមានចម្ងាយ ប្រមាណ ៥០០ម៉ែត្រ ពីកន្លែងបាញ់ប្រហារ ជនរងគ្រោះ បានរេចង្កូតម៉ូតូដួលផ្កាប់មុខ លែងកម្រើកតែម្តង លុះពេលចូលទៅពិនិត្យមើល ទើបដឹងថា ជនរងគ្រោះរូបនោះ បានស្លាប់បាត់ទៅហើយ។ ដោយឡែក ក្រុមជនស៊ីវិលដែលអះអាងថាជាសមត្ថកិច្ច រួមនិងខ្មាន់កាំភ្លើង បានបែកផ្លូវគ្នាគេចបាត់ស្រមោលអស់ភ្លាមៗតែម្តង ដោយបន្សល់ទុកជនរងគ្រោះខាងលើ ដេកស្លាប់ក្នុងថ្លុកឈាម នៅកន្លែងកើតហេតុ។
ជុំវិញហេតុការណ៍ផ្ទុះអាវុធខាងលើនេះ មិនទាន់ដឹងថាជាករណីអ្វី ឬបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ។ យ៉ាងណា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព ព្រមទាំងសាកសួរសាក្សីដែលឃើញហេតុការណ៍នានា ដើម្បីកំណត់មុខសញ្ញាខ្មាន់កាំភ្លើង និងតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់។
ចំណែកសព ត្រូវបានដឹកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕