ភ្នំពេញ ៖ ស្ត្រីម្នាក់បានបង្ហាញនូវអារម្មណ៍សោកសៅ ក្តុកក្តួលយ៉ាងខ្លាំង ខណៈដែលបានបាត់បង់កូនស្រីជា ទីស្រលាញ់របស់ខ្លួន បន្ទាប់ពីទើបនឹងសម្រាលកូនរួច បាន៣ម៉ោងប៉ុណ្ណោះ ដែលករណីនេះ ត្រូវបានស្ត្រីជាម្តាយ បន្ទោសគ្រូពេទ្យនៃមន្ទីរពេទ្យឯកជនមួយកន្លែង ថាធ្វើឱ្យកូនស្រីរបស់ខ្លួនស្លាប់ បន្សល់ទុកចៅម្នាក់ កើតមកមិនទាន់ស្គាល់មុខម្តាយផង ត្រូវកំព្រាម្តាយ។
ករណីស្ត្រីសម្រាលកូនបាន ៣ម៉ោង បាត់បង់ជីវិតនេះ បានកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីស្ត្រីជាម្តាយរបស់ស្ត្រីរងគ្រោះ បានបង្ហោះរូបភាពកូនស្រីជាទីស្រលាញ់របស់ខ្លួន និងកូនតូចដែលទើបនឹងសម្រាល ភ្ជាប់ជាមួយនឹងសារទុក្ខសោក។
ស្ត្រីអភ័ព្វដែលសម្រាលកូនរួច បាត់បង់ជីវិតនោះ មានឈ្មោះប៉ាក់ ម៉ានិច្ច អាយុ២៦ឆ្នាំ មានស្វាមីឈ្មោះស៊ន ប៊ុនមាន រស់នៅភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ស្ត្រីអភ័ព្វខាងលើ ត្រូវបានក្រុមគ្រួសារអះអាងថា បានទទួលមរណភាព កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានទទួលសេវាសម្រាលកូនបែបធម្មជាតិ នៅមន្ទីរពេទ្យឯកជន មួយកន្លែង យីហោ អឃីត កោះពេជ្រ មានទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ស៊ឹម សុគន្ធា ដែលត្រូវជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះខាងលើ បានបង្ហោះសារ អមដោយរូបថតចៅដែលទើបនឹងកើត និងរូបថតពិធីបុណ្យសពកូនស្រីរបស់ខ្លួន តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក ដោយរៀបរាប់ថា “កូនស្រីខ្ញុំទៅគ្មានថ្ងៃត្រឡប់ បន្សល់ទុកចៅមួយ ព្រោះតែគ្រូពេទ្យនៅ Orgkid កោះពេជ្រ”។ ស្ត្រីជាម្តាយ បានបន្ថែមថា “ពេលកូនសម្រាលបុត្រហើយ ម៉ាក់សប្បាយចិត្ត តែ៣ម៉ោងក្រោយ ម្តាយស្លុតចិត្ត ព្រោះតែពេទ្យ…”។
ដោយឡែក ស្វាមីរបស់ស្ត្រីរងគ្រាះ គឺលោក សន ប៊ុនមាន បានបង្ហោះសារទុក្ខសោកយ៉ាងខ្លីថា “ការចាកចេញដោយមិនបានលា”។
យោងតាមប្រភពព័ត៌មានដែលស្និទ្ធនឹងគ្រួសារសព បានប្រាប់អ្នកសារព័ត៌មានថា ដំបូងឡើយស្ត្រីរងគ្រាះឈ្មោះប៉ាក់ ម៉ានិច្ច បានសម្រាលកូនតាមធម្មជាតិ នៅក្នុងបន្ទប់ឯកជនមួយ នៃមន្ទីរពេទ្យអឃីត កោះពេជ្រ។ បន្ទាប់ពីសម្រាលកូនរួច ស្ត្រីរងគ្រោះ បានសុំយកកូនដាក់លើទ្រូងរបស់ខ្លួន បន្ទាប់មក ទារកត្រូវបានប្រគល់ឱ្យស្វាមី និងក្រុមគ្រួសារ។ ចំណែកខាងពេទ្យជំនាញ បានបន្តការងារតាមជំនាញ ដែលត្រូវបានចំណាយពេលរហូតដល់៣ម៉ោង។
ប្រភពដដែល បន្តថា ដោយសារតែចាំយូរពេក ក្រុមគ្រួសារបានចូលទៅសួរពីមូលហេតុដែលចំណាយពេលយូរនេះ ទើបគ្រូពេទ្យនៅមន្ទីរពេទ្យ អឃីត បានប្រាប់ថា ស្ថានភាពរបស់ស្ត្រីរងគ្រោះ មានសភាពមិនស្រួល ដោយចង្វាក់បេះដូងលោតញាប់ ត្រូវបញ្ជូនទៅពេទ្យរដ្ឋ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ក្រោយពីបញ្ជូនទៅពេទ្យរដ្ឋ និងសង្គ្រោះរួចមក ចង្វាក់បេះដូងរបស់ស្ត្រីរងគ្រោះ បានត្រឡប់មកស្ថានភាពធម្មតា ក៏ប៉ុន្តែជាអកុសល នាងបានប្រតិកម្មភ្លាមៗ ដែលបណ្តាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមនៅទីនោះតែម្តង។
ជុំវិញករណីនេះ នៅមិនទាន់មានការសន្និដ្ឋានច្បាស់លាស់ណាមួយ ពីមូលហេតុដែលបណ្តាលឱ្យមានការបាត់បង់ជីវិតស្ត្រីរងគ្រោះខាងលើនៅឡើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារ ពិសេសស្វាមីរបស់ស្ត្រីរងគ្រោះ មិនអស់ចិត្ត។
បន្ទាប់ពីមានការចែករំលែកពីករណីស្ត្រីសម្រាលកូនបាន ៣ម៉ោងស្លាប់ ពេញក្នុងបណ្តាញសង្គម អ្នកសារព័ត៌មាន បានព្យាយាមទាក់ទងសុំការបំភ្លឺពីខាងមន្ទីរពេទ្យ អឃីត កោះពេជ្រផងដែរ ប៉ុន្តែខាងមន្ទីរពេទ្យ សុំមិនបំភ្លឺឱ្យលម្អិតឡើយ។ រហូតមកដល់សៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបខាងមន្ទីរពេទ្យ អឃីត កោះពេជ្រ បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា «មន្ទីរពេទ្យ អឃីត កោះពេជ្រ សូមជម្រាបជូនដល់សាធារណជនទាំងអស់ អំពីករណីកម្រដែលអាចកើតមានលើស្ត្រីមានផ្ទៃពោះ ឬកំពុងសម្រាល ឬក្រោយសម្រាលដោយធម្មជាតិ ឬដោយការវះកាត់។
ករណីការជ្រៀតទឹកភ្លោះរបស់កូន ចូលក្នុងសរសៃឈាមសួតរបស់ម្តាយ (Amniotic Fluid Embolism) ដែលបង្កជាបញ្ហាធ្ងន់ធ្ងរដល់បាត់បង់អាយុជីវិតរបស់ម្តាយ ឬទារក។
រោគសញ្ញា ៖ ស្ត្រីចុកទ្រូង ឬពិបាកដកដង្ហើម មានការហើមសួតភ្លាមៗនិងធ្ងន់ធ្ងរ សម្ពាធឈាមធ្លាក់ចុះភ្លាមៗ បាត់បង់ស្មារតី ឬប្រកាច់ភ្លាមៗ ចង្វាក់បេះដូង កើនឡើងភ្មាមៗ ករណីខ្លះម្តាយមានធ្លាក់ឈាមធ្ងន់ធ្ងរ ដោយសារឈាមអត់កក។
មូលហេតុ ៖ ដោយសារការជ្រៀតចូលនៃបំណែកតូចៗនៃទឹកភ្លោះរបស់កូន ចូលក្នុងសរសៃឈាមម្តាយ ហើយចូលទៅស្ទះនៅក្នុងសរសៃឈាមនៅក្នុងសួតរបស់ម្តាយ ធ្វើឲ្យម្តាយមានអាការះស្ទះសសៃឈាមភ្លាមៗ ហើយបណ្តាលឲ្យគាំងបេះដូង (ភាគច្រើនស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលមិនអាចឲ្យគ្រូពេទ្យសង្គ្រោះទាន់ពេលវេលាបានទេ)។
កក្តាហានិភ័យ ៖ មកដល់បច្ចុប្បន្ននេះ គេមិនអាចដឹងបានពីមូលហេតុច្បាល់លាស់នៅឡើយទេ។ ជាប្រភេទជំងឺកម្រជួបប្រទះ និងពិបាកព្យាបាល ដែលអាចកើតមានក្នុងចំណោមស្ត្រីពពោះ១ ក្នុង១០០០០នាក់។
ផលវិបាក ៖ ក្រោយសង្គ្រោះរួច ស្ត្រីមានការពិការនៅខួរក្បាល ដោយសារមិនមានឈាមគ្រប់គ្រាន់ទៅចិញ្ចឹមខួក្បាល។ ការសម្រាកពេទ្យ នៅផ្នែកសង្គ្រោះបន្ទាន់ រយ:ពេលយូរ។ កូនអាចស្លាប់ក្នុងពោះ ក្នុងករណីស្ត្រីធ្វើទុក្ខពេលមិនទាន់បានសម្រាលទារក (កូនមិនទាន់បាន សម្រាលចេញមក)។ អត្រាស្លាប់របស់ម្តាយខ្ពស់ ទោះបីជានៅក្នុងប្រទេសអភិវឌ្ឍន៍ដោយ។
ករណីខាងលើនេះ ក្នុងវិស័យសម្ភពទាំងអស់ មិនថានៅក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេសទេ សុទ្ធតែអាចជួបប្រទះ។ ពេលដែលកើតមានករណីនេះឡើង គ្រូពេទ្យបានត្រឹមតែខិតខំប្រឹងប្រែងជួយសង្គ្រោះអស់ពីសមត្ថភាព។
ហើយពេលថ្មីៗនេះ ករណីបែបនេះ បានកើតឡើងផងដែរចំពោះអតិថិជនដែលបានមកសម្រាលបុត្រនៅមន្ទីរពេទ្យ អឃីត កោះពេជ្រ។ មន្ទីរពេទ្យ អឃីត កោះពេជ្រ បានប្រឹងប្រែងតាមគ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះតាមបែបវេជ្ជសាស្ត្រ ដល់អតិថិជនរបស់ខ្លួន (សូមបញ្ជាក់ថា ៖ មន្ទីរពេទ្យ អឃីត មានវេជ្ជបណ្ឌិតជំនាញឯកទេស និងសម្ភារៈទំនើបគ្រប់គ្រាន់ សម្រាប់ក្នុងការជួយសង្គ្រោះនៅនឹងកន្លែងទាន់ពេលវេលា ហើយបានធ្វើរោគវិនិច្ឆ័យត្រឹមត្រូវពីករណីគ្រោះថ្នាក់នេះផងដែរ)។ បន្ទាប់ពីអ្នកជំងឺមានស្ថានភាពនឹងនបន្តិច (Stabilized) មន្ទីរពេទ្យ ក៏បានសម្រេចបញ្ជូនទៅសង្គ្រោះបន្ត ពាក់ព័ន្ធនឹងជំងឺដែលគាត់កំពុងមាន (Acute respiratory distress with pulmonary edema due to amniotic fluid embolism) តែគួរឱ្យសោកស្តាយ ស្ថានភាពអ្នកជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរ និងមិនអាចសង្គ្រោះបាន»។
សពស្ត្រីរងគ្រោះឈ្មោះប៉ាក់ ម៉ានិច្ច ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ 35A ផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ សព ត្រូវបានដង្ហែទៅបូជានៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២៕