Friday, November 15, 2024
Homeព័ត៌មានជាតិប្រពន្ធរត់ចោល ប្តីដឹកដៃកូនតាមរក

ប្រពន្ធរត់ចោល ប្តីដឹកដៃកូនតាមរក

ភ្នំពេញ ៖ បុរសម្នាក់ បាននាំកូនស្រីតូចរបស់ខ្លួន ស្កាត់ចេញពីស្រុកកំណើត ឯខេត្តស្វាយរៀង មកដល់រាជធានីភ្នំពេញ ដើម្បីតាមស្វែងរកប្រពន្ធ ដែលបានចុះចោលផ្ទះ ចោលប្តីនិងកូន អស់រយៈពេល ជិត២ខែមកហើយ មិនឃើញវិលត្រឡប់ និងមិនដឹងថាសុខទុក្ខយ៉ាងណា ជាហេតុធ្វើឱ្យបុរសជាប្តី មានការព្រួយបារម្ភ និងដង្ហោយហៅប្រពន្ធវិលវិញមកអូន បងនិងកូនស្រី យំនឹកអូនរាល់ថ្ងៃ។

បុរសដែលបាត់ប្រពន្ធនោះ មានឈ្មោះស៊ាន កក្កដា មានស្រុកកំណើតនៅភូមិសំណាញ់ ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ ចំណែកស្ត្រីជាប្រពន្ធ ដែលបាត់ខ្លួន មានឈ្មោះជា ធា មានស្រុកកំណើតនៅខេត្តស្វាយរៀង ជាមួយគ្នា។

លោកស៊ាន កក្កដា បានរៀបរាប់ប្រាប់ថា លោកនិងប្រពន្ធ ឈ្មោះជា ធា បានចាប់ដៃគ្នាជាប្តីប្រពន្ធ បង្កើតបានកូនស្រីម្នាក់ ជាចំណងនិស្ស័យ ទើបតែមានអាយុប្រមាណជាង ៣ឆ្នាំប៉ុណ្ណោះ។ កន្លងមក ប្តីប្រពន្ធលោក រស់នៅចុះសម្រុងគ្នាល្អណាស់ ទើបតែមួយរយៈចុងក្រោយនេះ ប្រពន្ធហាក់មានអាការប្លែកៗ ធ្វើឱ្យចេះតែកើតរឿងរកាំរកូសក្នុងគ្រួសារមិនឈប់។

បុរសជាប្តី បន្តថា ស្រាប់តែមកដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ប្រពន្ធបានបាត់ខ្លួនចេញពីផ្ទះឈឹង មិនដឹងថាទៅណា ជាមួយអ្នកណា ពោលគឺមិនបានផ្តល់ដំណឹងប្រាប់អ្នកផ្ទះសោះឡើយ។ បន្ទាប់ពីបាត់ប្រពន្ធបែបនេះ គាត់បានតាមស្វែងរកសព្វកន្លែងដែរ តែមិនមានតម្រុយបន្តិចណាសោះ ទើបមកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ គាត់ក៏បានឡើងមកដល់រាជធានីភ្នំពេញ ដើម្បីតាមស្វែងរកប្រពន្ធ បន្តទៀត ដោយមិនមានគោលដៅអ្វីច្បាស់លាស់ឡើយ មានតែដឹកដៃកូន និងកាន់រូបថតប្រពន្ធ ដើរសួរគេពីម្នាក់ទៅម្នាក់ប៉ុណ្ណោះ។

បុរសជាប្តី បានបញ្ជាក់ថា ផ្តាំផ្ញើសម្តីទៅស្ត្រីជាប្រពន្ធ តាម «នគរធំ» ថា «បើអូនបានដំណឹងនេះហើយ សូមអូនឆាប់វិលត្រឡប់មកផ្ទះវិញ ដើម្បីបានរួមរស់ជុំគ្រួសារ ប្តីនិងកូនវិញ ព្រោះកូនស្រីរបស់យើង នឹកអូនខ្លាំងណាស់ ចេះតែយំនឹកអូន ចំណែកបងក៏នឹក បារម្ភចំពោះអូនគ្មានភេ្លចមួយនាទីណាឡើយ»។

បុរសជាប្តីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញមនុស្សស្រីដែលមានភិនភាគដូចក្នុងរូបថតនេះជ សូមជួយផ្តល់ដំណឹងមកដល់រូបលោកជាប្តីផង តាមរយៈលេខទូរស័ព្ទ ០៩៧ ៤៦ ៤២ ៩៩០ និងសូមបងប្អូនក្នុងបណ្តាញសង្គម ជួយចែករំលែក (ស៊ែរ) ព័ត៌មាននេះ ឱ្យបានដឹងដល់ប្រពន្ធរបស់លោកផង៕

RELATED ARTICLES