ខេត្តសៀមរាប ៖ ទារកកម្សត់ម្នាក់ មានអាយុប្រមាណ ៩ខែ ស្រាប់តែត្រូវបានប្រទះឃើញនៅក្នុងព្រៃ ទាំងយប់ (សង្ស័យម្តាយយកទៅប្លុងចោលក្នុងព្រៃ) សំណាងល្អ ត្រូវបានស្ត្រីម្នាក់ ជិះម៉ូតូមកពីធ្វើការ ប្រទះឃើញ រួចយកមកផ្ទះ និងរាយការណ៍ទៅសមត្ថកិច្ច ដើម្បីស្នើសុំចិញ្ចឹមបីបាច់ថែរក្សាបន្ត។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងព្រៃមួយកន្លែង ខាងលិចឆៀងខាងត្បូងព្រៃដំរី ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា មានទារកម្នាក់ ត្រូវបានឪពុកម្តាយចិត្តអប្រិយ យកមកបោះចោលនៅក្នុងព្រៃ ហើយកុំតែបានស្ត្រីចិត្តធម៌ម្នាក់ ចេញពីធ្វើការបានឮសំឡេងក្មេងយំ ក៏ឈប់ម៉ូតូ ដើររកមើល ហើយក៏ប្រទះឃើញទារកនៅក្នុងថង់ខ្មៅ កំពុងស្រែកយំក្នុងព្រៃ តែម្នាក់ឯង គួរឱ្យអាណិតខ្លាំងណាស់ ក៏យកទៅផ្ទះ ពុំនោះទេ ទារកនេះ អាចក្លាយជាចំណីស្រមោច អង្រង ឬដាច់ពោះស្លាប់ក្នុងព្រៃក៏មិនដឹង។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីឈ្មោះសិន មករា អាយុ៣៥ឆ្នាំ រស់នៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង បានរាយការណ៍មកសមត្ថកិច្ចថា គាត់បានចេញពីធ្វើការនៅរីសត ផ្លូវកែវ សារ៉ាន់ ហើយជិះម៉ូតូមកផ្ទះវិញ ពេលជិះដល់ត្រង់ចំណុចខាងលិចឆៀងខាងត្បូងព្រៃដំរី ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ស្រាប់តែឮសំឡេងក្មេងស្រែកយំ ក៏បានឈប់ម៉ូតូហើយឈួលភ្លើងទូរស័ព្ទ ដើរទៅមើល ក៏ប្រទះឃើញទារកម្នាក់ដែលទើបនឹងកើត ជាកូន (កូនប្រុស) ច្រកក្នុងថង់ខ្មៅចំហមាត់ ក្រោមដើមត្រាច ដោយមិនដឹងថាអ្នកណាម្នាក់យកមកទុកចោលពេលណាទេ។ ឃើញបែបនេះ គាត់ក៏បានយកទារកនោះយកមកផ្ទះតែម្តង ហើយក៏រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដែរ។
បច្ចុប្បន្នទារកកម្សត់នេះ ត្រូវបានស្ត្រីចិត្តធម៌ខាងលើ យល់ព្រមយកមកបីបាច់ថែរក្សាទុកដូចជាកូនបង្កើតរបស់ខ្លួនយ៉ាងដូច្នេះដែរ។
ចំណែកពលរដ្ឋបានលើកឡើងថា ឪពុកម្តាយអីក៏ចិត្តខ្មៅម៉្លេះ ខំពពោះជាង ៩ខែ រួចបង្កើតកូនមក បែរជាមិនចិញ្ចឹមបីបាច់ថែរក្សា ហើយយកមកបោះចោលក្នុងព្រៃ គួរឱ្យសង្វេគយ៉ាងដូច្នេះ៕