ភ្នំពេញ៖តារាចម្រៀងថោនលោកឆឹម សក្កដា ដែលច្រៀងមិនសូវជោគជ័យដូចសម្ដែងធ្លាប់បានអះអាងកាលពីពាក់កណ្ដាលឆ្នាំ២០២២ ថាលោកនឹងមិនយកប្រពន្ធជាអ្នកសិល្បៈឬតារាដូចគ្នាជាដាច់ខាត។ការដាក់ផែនការណ៍ជីវិតរបស់លោកសក្កដា បែបនេះក្រោយពីលោកឈឺចាប់ព្រោះតែអ្នកមេម៉ាយពេជ្រ សោភា កៀកកើយប្រុសថ្មីនៅលើទឹកដីខេត្តសៀមរាបថ្ងៃឆ្លងឆ្នាំសកល២០២២ ឈានចូល២០២៣ ប៉ុន្ដែរំលងបានជាង១១ខែលោកសក្កដា បែជាភ្ជាប់ពាក្យជាមួយពេជ្រ សោភា ដែលមានអាយុបងខ្លួនច្រើនឆ្នាំទៅវិញ។លោកសក្កដា ដែលធ្លាប់ស្នាក់នៅវត្តមុនក្លាយទៅជាតារាសម្ដែងនិងចម្រៀងនោះថែមទាំងបានប្រាប់អ្នកយកព័តមានយើងនៅថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនកាលពីថ្ងៃទី៣ វិច្ឆិកា នោះថាទំនាក់ទំនងរវាងរូបលោកនិងសោភា មិនអាចលើសពីមិត្តភក្ដិជាដាច់ខាត។ប៉ុន្ដែសោភា វិញបែជាបង្ហាញភាពច្បាស់លាស់ជាមួយលោកសក្កដា ដោយអះអាងថាបើភ្ជាប់ពាក្យក្លែងក្លាយឬថតMV មែននោះគ្រប់គ្នាអាចមើលដឹងថាគេមិនដែលយកឈ្មោះពិតខ្លួនឯងទៅដាក់ក្នុងកម្មវិធីបែបនោះទេ។ការបញ្ជាក់របស់សោភា មានន័យថាមិនយូទេរូបនាងនឹងក្លាយទៅជាភរិយាស្របច្បាប់របស់លោកសក្កដា ជាមិនខាន។

គូរបញ្ជាក់ថាលោកឆឹម សក្កដា ធ្លាប់មានព័តមានថាលោកត្រូវបានប្រុសតាមស្រលាញ់ច្រើនជាងស្ត្រីភេទ រហូតមានការសង្ស័យថាលោកស្រលាញ់ភេទដូចគ្នាទៀតផងហើយរឿងដែលលោកបង្ហាញស្នេហ៍ស្និតជាមួយសោភា រយៈពេលជាង៥ឆ្នាំ ពោលតាំងពីក្រោយតារាហង្សមាសលែងប្ដីកាលពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះត្រូវបានគេម៉ៃថាលោកសក្កដា ចង់ល្បីតោងកាលីពសោភា ដើម្បីឲ្យសារព័តមានទាំងឡាយសរសេរពួកគេផ្គួបគ្នា។

ប៉ុន្ដែក្រោយលោកសក្កដា ក្លាយទៅជាគូដណ្ដឹងរបស់សោភា បែបនេះពាក្យចរចាមអារ៉ាមទាំងឡាយដែលថាលោកគ្មានអារម្មណ៍លើមនុស្សស្រីនោះក៍បានស្ងប់ស្ងាត់ទៅវិញបន្ដិចម្ដងៗ។តែមហាជនភាគច្រើនចាប់ផ្ដើមធុញទ្រាន់និងរឿងស្នេហារបស់លោកសក្កដា ដែលនិយាយកុហក់ពួកគេថាមិនត្រូវការភួយសាច់ជាតារាដូចគ្នា ប៉ុន្ដែឥឡូវនៅតែគេចមិនផុតពីអ្វីដែលលោកថាមិនត្រូវការនោះដដែល ទើបអ្នកខ្លះមានចម្ងល់ថាតើលោកសក្កដា ដែលថាមិនយកប្រពន្ធជាតារា តែបែជាមកភ្ជាប់ពាក្យជាមួយអ្នកមេម៉ាយពេជ្រ សោភា ដោយផ្លាស់ប្ដូរចិត្ត៣៦០ដឺក្រេ បែបនេះ ទៅវិញ?

