ភ្នំពេញ៖រយៈពេល២ឆ្នាំមកហើយដែលឌុច លីដា បានបង្ហាញមុខស្វាមីចំណាស់ដោយបើកចំហ ដើម្បីទប់ស្កាត់រឿងគេចោទនាងថាប្ដីនាងអាចមានភរិយារួចហើយទើបមិនអាចបញ្ចេញមុខឲ្យគេស្គាល់…។ប៉ុន្ដែទោះជាពេលខ្លះលីថា ហ៊ានទាំងបង្ហាញរូបស្វាមីដោយដើរកម្សាន្ដនៅតាមមាត់ស្ទឹង ,ជិះរថយន្ដជាមួយប្ដីនិងកូន រួមទាំងថ្ងៃខួបកំណើតកូននាងក្ដី តែតារាកូន១រូបនេះមិនដែលនាំស្វាមីទៅចូលរួមកម្មវិធីមង្គលការ ឬខួបកំណើតរបស់អ្នកសិល្បៈរួមអាជីពម្ដងណាឡើយ។មិត្តភក្ដិជិតដិតរបស់លីដា សង្ស័យថាការដែលនាង មិនហ៊ានកៀកកើយប្ដីជាសារធារណៈបែបនេះ ដោយសារតែនាងធុញទ្រាន់រឿងគេតាមសួរពេលណាទើបរៀបការ តែលីដា បានប្រាប់អ្នកយកព័តមានយើងថានោះមិនមែនជាបញ្ហាចោទឡើយ តែរឿងមិនអាចទៅកម្មវិធីអ្នកសិល្បៈរួមគ្នានោះគឺព្រោះតែប្ដីនាងរវល់លើកិច្ចការងាររបស់គាត់ គ្មានពេលវេលាគ្រប់គ្រាន់ដែលថាទៅណាត្រូវតែទៅជាមួយគ្នាគ្រប់ពេលឡើយ។

ឌុច លីដា បានខកខានថតភាពយន្ដជាច្រើនរឿងតាំងពីដើមឆ្នាំ២០២០ ក្រោយនាងសម្រាលកូនប្រុសព្រោះនាងផ្ដោតលើការបំពេញតួនាទីជាស្រ្ដីមេផ្ទះ និងមើលថែកូនឲ្យបានដិតដល់។តែលីដា ថាស្វាមីនាងមិនដែលហាមឃាត់រូបនាងក្នុងការលេងសិល្បៈនោះទេ ប៉ុន្ដែរូបនាងផ្ទាល់ទេ ដែលរងចាំឲ្យកូនធំបន្ដិចទើបអាចឆ្លៀតពេលវេលាជាមួយការងារចាស់បានច្រើនឡើងវិញ។

ឌុច លីដា បានរៀបការបែបសែនព្រេនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈពេលនេះកូនប្រុសរបស់នាងឈ្មោះកិត្យាមណី មានអាយុជាង២ឆ្នាំ ហើយនាងថាគ្មានគម្រោងយកកូនទី២ ក្នុងពេលឆាប់ៗនេះឡើយ។លីដា ថាមង្គលការមិនមែនជារឿងចាំបាច់បំផុតសម្រាប់រូបនាងទេ ព្រោះមនុស្ស២នាក់ស្រលាញ់គ្នាសំខាន់ថាតើអាចនឹងបន្ដដឹកដៃគ្នាទៅមុខទៀតបានដែរឬអត់?ប៉ុន្ដែនាងតាំងចិត្តថានៅពេលដែលកូនប្រុសនាងមានអាយុ៥ទៅ៦ឆ្នាំ(ឆ្នាំ២០២៤ -២០២៥) នោះនាងនឹងរៀបការហើយចំពោះមូលហេតុដែលត្រូវការពេលវេលាជាក់លាក់បែបនេះ ដោយសារតែនាងរងចាំឲ្យកូនធំបន្ដិច ដែលពេលនោះគេនឹងធ្វើជាកូនអណ្ដើកឲ្យម្ដាយការតែម្ដង។

គេកត់សម្គាល់ថាតាំងពីឌុច លីដា មានស្វាមីនិងកូន១មក នាងមិនដែលហ៊ានថតសម្ដែងឈុតស្នេហាបែបស្រើបស្រាលនោះទេ ដែលទំនងជាខ្លាចប៉ៈពាល់ដល់កិត្តិយសប្ដីជាមន្រ្ដីរាជការម្នាក់ ហេតុនេះឈុតក្ដៅសាច់ប្រហែលជាអាចបញ្ចប់ក្នុងអាជីពរបស់នាងទៅហើយ។តែលីដា ថាស្វាមីនាងមិនដែលហួងហែងពីរឿងនេះទេ ព្រោះថានាងក៍មិនធ្លាប់លេងរឿងស៊ិចស៊ីហួសហេតុដែរ ។យ៉ាងណាគេចាំថារឿង”ស្បែកគង់”និងរឿង”នារីវេទមន្ដ”នោះលីដា ធ្លាប់ធ្វើឲ្យប្រុសមិនតិចនាក់ទេក្ដៅសាច់ដោយសារតែសាច់ភ្លៅនាង៕
