Thursday, December 5, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនស្ត្រីអ្នកជំនួញសែកស្អុយ

ឃាត់ខ្លួនស្ត្រីអ្នកជំនួញសែកស្អុយ

ភ្នំពេញ ៖ ស្ត្រីជាអ្នកជំនួញហាយសូម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនតាមដីកាបញ្ជាចូល ខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែក ស្អុយ)។

ការចុះឃាត់ខ្លួនស្ត្រីជាអ្នកជំនួញនោះ ធ្វើឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចវីឡាលេខ 4D ផ្លូវដាវីន បុរីវរជន ក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីជាអ្នកជំនួញដែលត្រូវបានឃាត់ខ្លួន មានឈ្មោះពេជ្រ ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ប្រភពដដែល បន្តថា ការចុះឃាត់ខ្លួនស្ត្រីអ្នកជំនួញខាងលើនេះ ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ចេញដោយលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ហើយការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន ។

បន្ថែមលើនេះ ស្ត្រីជាអ្នកជំនួញរូបនេះ នៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលជនរងគ្រោះបានប្តឹងចូលទៅអាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។

គួររំលឹកថា ស្ត្រីឈ្មោះពេជ្រ ស្រីមុំ នេះ ធ្លាប់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនម្តងរួចមកហើយ កាលពីថ្ងៃទី០៤ ឧសភា ២០២២ នៅចំណុចមុខអគារ Rise Commercial Building នៅខណ្ឌបឹងកេងកង ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦ ០០០ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពាណិជ្ជករ។ កាលនោះ ស្ត្រីសង្ស័យខាងលើ ត្រូវកម្លាំងជំនាញបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផងដែរ៕

RELATED ARTICLES