Thursday, December 5, 2024
Homeព័ត៌មានជាតិតាចេក សារភាព រត់ទៅដេកឱបប្រពន្ធចុង ព្រោះប្រពន្ធដើមប្រចណ្ឌ គប់ក្បាលនឹងពូថៅ

តាចេក សារភាព រត់ទៅដេកឱបប្រពន្ធចុង ព្រោះប្រពន្ធដើមប្រចណ្ឌ គប់ក្បាលនឹងពូថៅ

ភ្នំពេញ ៖ តារាកំប្លែងវ័យចំណាស់ លោកឈុំ ប៊ុនឈឿន ហៅតាចេក ដែលជាអតីតតារាកំប្លែងល្បីឈ្មោះ ក្នុងក្រុមនាយកុយ បានចេញមុខបំភ្លឺរឿងប្រពន្ធដើមនិងកូនស្រី ចោទប្រកាន់ថាបានចុះចោលផ្ទះ ទៅដេកឱបប្រពន្ធចុង និងវ៉ៃប្រពន្ធកូន ការពារប្រពន្ធចុង ដោយលោកទទួលស្គាល់ថា លោកពិតជាកំពុងមានទំនាក់ទំនងស៊ីជម្រៅជាមួយស្រ្តីម្នាក់នោះ (ប្រពន្ធចុង) ហើយអាចនឹងជ្រើសយកនាងចុងនេះ ព្រោះលោកមិនអាចបន្តរួមរស់ជាមួយប្រពន្ធដើមនោះបានទេ ដោយសារប្រឈមនឹងហានិភ័យ អាចនឹងត្រូវស្លាប់នៅថ្ងៃណាមួយក៏ថាបាន ព្រោះប្រពន្ធដើមនេះកាច ពូកែប្រចណ្ឌ រករឿង ជេរដាក់បណ្ដាសាលោក ថែមទាំងធ្លាប់យកពូថៅគប់ក្បាលលោក និងទាញកាំបិតចាក់លោកទៀតផង ។ យ៉ាងណា តាចេក បានបដិសេធថា លោកមិនបានប្រើហិង្សា វ៉ៃដំប្រពន្ធកូន ដូចកូនស្រីលោកចោទប្រកាន់នោះទេ។

            លោកឈុំ ប៊ុនឈឿន ហៅតាចេក អាយុ៦៨ឆ្នាំ បានប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ថា លោកមិនចង់លាតត្រដាងរឿងក្នុងគ្រួសារខ្លួនឯងទេ ប៉ុន្តែដោយសារតែបញ្ហាបានកើតឡើងទៅហើយ លោកត្រូវតែចេញមុខបកស្រាយ ដើម្បីកុំឲ្យមជ្ឈដ្ឋានមហាជន មានការយល់ច្រឡំមកលើលោក ។

តាចេក រៀបរាប់ថា លោកនិងប្រពន្ធ ឈ្មោះទៀ សារ៉ន បច្ចុប្បន្នអាយុជាង៥០ឆ្នាំ មានកូន៤នាក់ តែមុននឹងយកគ្នាជាប្តីប្រពន្ធ គឺធ្លាប់មានប្តីប្រពន្ធនិងកូនរៀងខ្លួន ហើយមិនបានរៀបការឬសែនព្រេន ចុះអេតាស៊ីវិលអីទេ គឺយកគ្នាជាប្តីប្រពន្ធតែម្ដង។ លោកបន្តថា ក្នុងចំណងប្ដីប្រពន្ធក្រោយនេះ លោកនិងប្រពន្ធ បានបង្កើតកូន ២នាក់ទៀត (ស្រីទាំង២) ដែលកូនស្រីទី១ ឈ្មោះឈឿន ស្រីណែត បច្ចុប្បន្នមានអាយុជាង ២០ឆ្នាំហើយ តែនាងតែងខ្លួនជាប្រុស និងមានសង្សារជាស្រីដូចគ្នា ។ កូនស្រីទី២ ឈ្មោះឈឿន ស្រីនិត អាយុជាង ២០ឆ្នាំ ។ ក្រៅពីកូនស្រីបង្កើតទាំង២ ជាមួយប្រពន្ធក្រោយនេះ លោកក៏មានកូន ៤នាក់ ជាមួយអតីតខ្មោចប្រពន្ធមុន។ ចំនែកប្រពន្ធក្រោយនេះ មានកូនជាមួយប្ដីមុន ចំនូន១នាក់ បានមករស់នៅក្រោមបន្ទុកលោកទាំងអស់។ កូនប្ដីមុន របស់ប្រពន្ធលោក បានយកត្រកូលតាមលោកជាឪពុកក្រោយដែរ គឺឈ្មោះឈឿន សារិន និងមានគ្រួសារហើយ ។

លោកចេក បន្តថា កូនៗទាំងអស់ លោកស្រឡាញ់ស្មើគ្នា មិនដែលគិតថាកូនមុន កូនក្រោយទេ ។ ចំណែកប្រពន្ធ លោកក៏ស្រឡាញ់ស្មោះត្រង់នឹងនាងដែរ ហើយក៏តែងតែព្យាយាមសម្របតាមនាងជានិច្ច តែយូរៗទៅ នាងមិនបានយល់ដល់អារម្មណ៍របស់លោកទេ គឺចេញចរិតកាច ប្រចណ្ឌហួងហែងហួសហេតុ ហើយកូនស្រីក្រោយរបស់លោក ក៏កាន់ជើងម្ដាយរបស់គេដែរ រហូតរឿងរ៉ាវដែលផ្ទុះឡើង គឺកូនស្រីដែលតែងខ្លួនជាប្រុស និងមានមុខរបរលក់ទំនិញតាមអនឡាញ ជាអ្នកបង្កាត់ភ្លើងមុន ដោយបានបង្ហោះវីដេអូនិងរូបភាព ចោទប្រកាន់ថាលោកជាឪពុក វ៉ៃប្រពន្ធកូន ដែលតាមពិត ពេលកើតរឿងហ្នឹង នាងមិនបាននៅក្នុងហេតុការណ៍នោះទេ ចុងក្រោយ នាងបែរជាចោទថាលោកវ៉ៃប្រពន្ធកូនដើម ការពារប្រពន្ធចុង ដែលចំណុចនេះ លោកសូមបដិសេធ ព្រោះផ្ទះដែលលោកមកនៅ (ក្នុងខេត្តតាកែវ) មិនមែនជាផ្ទះស្រីទេ គឺជាផ្ទះកូនប្រពន្ធមុន ដែលនាងកំពុងមានផ្ទៃពោះ ជិតគ្រប់ខែហើយ ។ ដូច្នេះក្នុងហេតុការណ៍ពេលនោះ លោកគ្រាន់តែឈរពាំងទ្វារ ខ្លាចពួកគេវ៉ៃត្រូវកូនស្រីដែលកំពុងមានផ្ទៃពោះ ដោយលោកអត់បានវ៉ៃកូននិងប្រពន្ធក្រោយនេះទេ ហើយនៅពេលមានការប្រតាយប្រតប់គ្នានោះ លោកបានចូលទៅឃាត់មែន តែលោកអត់បានវ៉ៃទេ ព្រោះលោកដឹងថា ក្នុងនាមជាឪពុកនិងជាស្វាមី បើវ៉ៃកូនប្រពន្ធបែបនេះ នឹងត្រូវមានទោស ទើបលោកព្យាយាមមិនប្រើហិង្សា ឬបង្កស្លាកស្នាមលើពួកគេ តែនាងបានមួលបង្កាច់លោក ដើម្បីយកឈ្នះលោក ទាំងដែលលោកក៏មានអារម្មណ៍ខ្មាសគេ ដោយសារនាង តាំងពីដើមមក គឺខ្មាសគេត្រង់ថា ក្នុងនាមជាឪពុក លោកចង់ឲ្យកូនស្រី មានប្ដី ជាប្រុសត្រឹមត្រូវដូចគេ តែនាងបែរជាតែងខ្លួនធ្វើប្រុស ហើយទៅស្រឡាញ់ស្រីដូចគ្នាទៅវិញ ។

            តាចេក បានរៀបរាប់បន្តថា ចំពោះស្រី្តដែលប្រពន្ធនិងកូនស្រីចោទថា ជាស្រីស្នេហ៍ ឬជាប្រពន្ធចុងរបស់លោកនោះ មានឈ្មោះយឿត ចាន់ធឿន ។ ដើមឡើយ លោកនិងនាង គ្រាន់តែមានទំនាក់ទំនងគ្នាធម្មតា ក្នុងនាមជាអ្នកសិល្បៈដូចគ្នា ជាដៃគូច្រៀងសម្ដែងកាត់សក់ ក្នុងពិធីមង្គលការជាមួយគ្នាជាដើម ។ ប៉ុន្តែប្រពន្ធក្រោយរបស់លោក  (ប្រពន្ធដើម) ឲ្យតែឃើញលោកប្រើពាក្យទន់ភ្លន់ដាក់ស្រ្តីជាដៃគូសម្តែងនោះ គឺគាត់តែងតែប្រចណ្ឌ ជេរដាក់ទំនាយលោក រហូតធ្វើឲ្យលោកទៅជាមានអារម្មណ៍នឹកអាណិតស្រ្តីជាដៃគូសម្តែងនោះ មិនចង់ឲ្យនាងរងគ្រោះ ខ្មាសគេ ព្រោះតែប្រពន្ធរបស់លោក រហូតដល់លោកបានគំរាមប្រពន្ធវិញថា បើចេះតែចោទប្រកាន់បែបនេះ ប្រយ័ត្នលោកយកនាងមែនទែន ។ ទីបំផុតលោកនាងនិងនាង (ប្រពន្ធចុង) ក៏បានស្រឡាញ់គ្នាមែនទែន ដូចពាក្យចាស់ថា បង្អាប់លេង ចំអន់លេង ទៅជាមែនទែន ។ ប៉ុន្តែលោកថា កំហុសគ្រប់យ៉ាង គឺលោកជាអ្នកខុស ព្រោះបើលោកមិនធានាពីដំបូង នាងនឹងមិនជឿទុកចិត្តលើលោកនោះទេ ។

លោកតាចេក បន្តថា ជាជម្រើសចុងក្រោយ លោកគិតថា បើលោកនៅជាមួយប្រពន្ធ (ទៀ សារុន) នេះ ប្រហែលជាលោកអាចស្លាប់ដោយសារនាង ព្រោះកន្លងមក ប្រពន្ធនេះ ធ្លាប់គប់ក្បាលលោកនឹងពូថៅ កាំបិត ដំបង និងជួនកាល យកកាំបិតដេញចាក់លោកក៏មានដែរ ។ ហេតុនេះ លោកសម្រេចចិត្តថា លែងលះគាត់ ដោយលោកមិនអាចបន្តរួមរស់នៅជាមួយគាត់បានទៀតទេ ។ ប៉ុន្តែលោកសូមជម្រាបដែរថា ជាការទទួលខុសត្រូវលើប្រពន្ធកូន រាល់ថ្ងៃនេះ លោកមានដីនិងផ្ទះ មួយកន្លែង នៅគិរីរម្យ អាចលក់បានប្រហែលជា ១០ម៉ឺនដុល្លារដែរ ដែលលោកមិនទាមទារចែកស្មើទេ គឺលោកសុំលុយប្រាក់ខែ ៦០ម៉ឺនរៀល ក្នុង១ខែ ទុកផ្សែផ្សំបង់បំណុលធនាគារ និងពេលលក់ដីផ្ទះនោះបាន លោកសុំតែ ១ម៉ឺនដុល្លារទេ ទុកសម្រាប់ធ្វើបុណ្យ ពេលស្លាប់ ឯសល់ប៉ុន្មាន លោកទុកឲ្យប្រពន្ធកូនចុះ លោកអត់យកទាំងអស់់ទេ។

តាចេក បញ្ជាក់ជាចុងក្រោយថា លោកប្រហែលជាជ្រើសយកស្រី្តជាដៃគូសម្តែង (ប្រពន្ធចុង) នោះហើយ ព្រោះដូចលោកបញ្ជាក់ខាងលើអ៊ីចឹងថា ដោយសារតែប្រពន្ធនិងកូនរបស់លោក ធ្វើបាបនាង ធ្វើឲ្យលោកនឹកអាណិតនាង ចង់ទទួលខុសត្រូវចំពោះនាង ហើយលោកក៏សុំច្រានចោល រឿងប្រពន្ធចោទថា លោកយកលុយ ២០០០ដុល្លារ ដែលអំណោយរបស់លោកស្រី ទ្រី ដាណា មកចិញ្ចឹមស្រី (ប្រពន្ធចុង) នោះ មិនមែនជាការពិតទេ គឺលុយស្អីៗ លោកតែងតែប្រគល់ឲ្យគាត់ (ប្រពន្ធដើម) ដូចជាកន្លងមក លុយលេងល្ខោន ៩យប់ លោកផ្ញើឲ្យគាត់ ជាង ១លានរៀល ៣យប់ លោកផ្ញើ ៦០ម៉ឺនរៀល និង ៤យប់ចុងក្រោយ លោកផ្ញើ ៧៥ម៉ឺនរៀល តែគាត់ថាមិនបានទទួលលុយរបស់លោកទាំងនេះទេ ដែលចំណុចទាំងអស់នេះ លោកចង់ឲ្យសប្បុរសជន ក៏ដូចជាមហាជនដែលធ្លាប់គាំទ្រលោក កុំមានការយល់ច្រឡំ ឬបើចង់ជ្រាបច្បាស់ អាចមកជួបលោកផ្ទាល់បាន លោកនឹងបញ្ជាក់ឲ្យច្បាស់នូវរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងចំពោះលោក និងក្នុងគ្រួសាររបស់លោក ។

            គួរបញ្ជាក់ថា ការចេញមុខបកស្រាយបំភ្លឺ របស់តារាកំប្លែងវ័យចាស់ តាចេក ខាងលើនេះ ធ្វើឡើងបន្ទាប់ពីកូនស្រីរបស់លោក ឈ្មោះឈឿន ស្រីណែត បានបង្ហោះវីដេអូ រូបភាព និងសំណេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា នាងនិងម្តាយ បានតាមទាន់ឪពុក (តាចេក) កំពុងសម្ងំរួមរស់ជាមួយស្ត្រីម្នាក់ (ប្រពន្ធចុង) ហើយត្រូវឪពុក វ៉ៃប្រពន្ធកូន ការពារប្រពន្ធចុង។

            កូនស្រីរបស់តាចេក បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ថា “ប៉ាខ្ញុំ (តាចេក នាយចេក) តារាកំប្លែង លួចមានស្រីសហាយ ចុះចេញពីផ្ទះ មើលមុខមីស្រីហ្នឹងឱ្យហើយទៅ អ្នកលេងល្ខោន កំប្លែងជាមួយគ្នា តាមទាន់ សុំឱ្យទុកពេលថាដោះស្រាយ តែអត់ដោះស្រាយ រហូតដល់ថ្ងៃទី០៥ ១១ ២០២២ គាត់បានចេញពីផ្ទះ ទៅនៅជាមួយមីស្រីហ្នឹងរហូត។ ឥឡូវថ្ងៃ១៦ ១១ ២០២២ ពួកខ្ញុំបានទៅដល់ផ្ទះ កន្លែងនៅជាមួយមីហ្នឹង គាត់វ៉ៃប្រពន្ធកូន ការពារមីស្រីហ្នឹង ឥឡូវចង់លែងលះជាមួយប្រពន្ធ ដោយសារស្រី…”៕ កុលបុត្រ

RELATED ARTICLES