ភ្នំពេញ ៖ ក្មេងស្រីតូចម្នាក់ ដែលមានជំងឺអូទិសឹមធ្ងន់ និងត្រូវបានសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា អន្តរាគមន៍ជួយព្យាបាលនោះ ពេលនេះសុខភាពកាន់តែល្អប្រសើរ បន្ទាប់ពីទទួលបានការព្យាបាលដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ហើយពេលនេះ គ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ទៅផ្ទះវិញហើយ ធ្វើឲ្យស្ត្រីជាម្តាយរំភើបត្រេកអរ និងថ្លែងអំណរគុណសម្តេចនាយករដ្ឋមន្ត្រី ដែលជួយប្រស់ជីវិតកូនស្រីគាត់ ឲ្យរស់ឡើងវិញ។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅក្នុងពិធីសំណេះសំណាលរវាងសម្តេច ហ៊ុន សែន និងប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់អង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង អ្នកស្រី នួន និរតី បានបីកូនស្រីរបស់ខ្លួន ឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា ដែលកើតជំងឺអូទិសឹមធ្ងន់ធ្ងរ មកជាមួយ លុះសម្តេចហ៊ុន សែន បានឃើញសភាពជំងឺក្មេងស្រីមនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជូនក្មេងស្រីនេះទៅព្យាបាល។ បន្ថែមពីលើនោះ សម្តេចហ៊ុន សែន បានផ្តល់ថវិកាចំនួន៣ពាន់ដុល្លារ និង២លានរៀល ជូនអ្នកស្រី នួន និរតី ជាម្តាយ ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពផងដែរ។
បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្តេចហ៊ុន សែន លោកស្រី យក់ សម្បត្តិ បានចាត់ចែងបញ្ជូនក្មេងស្រីរូបនេះ មកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រោមកិច្ចប្រឹងប្រែងព្យាបាលរបស់គ្រូពេទ្យ សុខភាពរបស់កុមារី គ្រីស្ទីនរ៉ូសាណា បានល្អប្រសើរជាលំដាប់។ លុះដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ កុមារីនេះ ត្រូវបានបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប ស្ថិតនៅជិតគេហដ្ឋានរបស់ខ្លួន។
បន្ទាប់ពីការពិនិត្យនិងព្យាបាលយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលមានឯកទេសផ្នែកកុមារនោះ សុខភាពរបស់ក្មេងស្រី គ្រីស្ទីនរ៉ូសាណា កាន់តែល្អប្រសើរ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ប្រាប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា គ្រូពេទ្យជំនាញៗ ព្រមទាំងគ្រូពេទ្យបរទេសផង បានជួយព្យាបាលក្មេងស្រីខាងលើ ឱ្យធូរច្រើនមែនទែន។ ឥឡូវនេះក្មេងស្រីនេះ អាចអង្គុយលើរទេះដោយខ្លួនឯង។ សភាពជំងឺរបស់ក្មេងស្រីនេះ បានធូរច្រើនមែនទែន។ បើទោះបីអនុញ្ញាតឱ្យចេញទៅផ្ទះយ៉ាងណាក្តី តែក្រុមគ្រូពេទ្យនៅតែបន្តទាក់ទងជាមួយអាណាព្យាបាល ពិនិត្យស្ថានភាពជំងឺ និងបន្តព្យាបាលជូនក្មេងស្រី។
គួរបញ្ជាក់ថា ក្មេងស្រីខាងលើ ធ្លាប់បានកើតជំងឺរលាកស្រោមខួរ និងខួរក្បាល ពេលមានអាយុមួយខួបកន្លះ បង្កើតឱ្យមានផលវិបាក និងមានស្ថានភាពធ្ងន់ធ្ងរ។ ព្រោះតែស្ថានភាពជំងឺនេះ ធ្វើឱ្យក្មេងស្រី ដន គ្រីស្ទីនរ៉ូសាណា រស់នៅឱបជំងឺក្នុងស្ថានភាពឈឺចាប់បែបមនុស្សរុក្ខជាតិ អស់ជាច្រើនឆ្នាំមកហើយ។ អាណាព្យាបាល ត្រូវរស់ក្នុងភាពអស់សង្ឃឹម ពោរពេញដោយទម្ងន់ទុក្ខ និងក្តីក្រៀមក្រំសង្វេគចិត្តអាណិតកូនស្រី។
ការជួយជ្រោមជ្រែងសង្គ្រោះឱ្យក្មេងស្រី គ្រីស្ទីនរ៉ូសាណា មានសុខភាពល្អប្រសើរឡើងវិញនេះ បាននាំមកនូវក្តីសង្ឃឹម និងក្តីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមបាននោះឡើយ សម្រាប់អាណាព្យាបាលដែលពោរពេញដោយមនោសញ្ចេតនា និងការស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកូន។
អ្នកស្រី នួន និរតី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេច ហ៊ុន សែន ដែលបានផ្តល់ក្តីសន្តោសប្រណី ប្រៀបដូចឥសីប្រស់ជីវិតជាថ្មីជូនកូនស្រីរបស់ខ្លួន។ អ្នកស្រី នួន និរតី បានបញ្ជាក់ថា គុណបំណាច់មហាធំធេងរបស់សម្តេចនាយករដ្ឋមន្ត្រី អ្នកស្រី និងក្រុមគ្រួសារ ចងចាំគ្មានថ្លៃបំភ្លេចឡើយ៕