Thursday, November 21, 2024
Homeព័ត៌មានជាតិប្រពន្ធកើតកូនភ្លោះ៣ ប្តីដេកភ័យ

ប្រពន្ធកើតកូនភ្លោះ៣ ប្តីដេកភ័យ

ខេត្តកំពង់ឆ្នាំង ៖ ប្តីប្រពន្ធមួយគូ ទើបនឹងចាប់ដៃគ្នាសាងគ្រួសារបានរយៈពេល ១ឆ្នាំ ស្ត្រីជាប្រពន្ធមានផ្ទៃពោះ សម្រាលបានកូនភ្លោះដល់ទៅ៣នាក់ ស្របពេលដែលជីវភាពគ្រួសារកំពុងទីទ័លក្រផង ជាហេតុធ្វើឱ្យប្តីប្រពន្ធទាំង២ កំពុងដេកភ័យព្រួយបារម្ភ មិនដឹងថាត្រូវចិញ្ចឹមកូនភ្លោះ ដោយរបៀបណា?

ស្ត្រីជាម្តាយកូនភ្លោះ៣ បានសម្រាលកូនភ្លោះ៣នាក់ កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯមន្ទីរពេទ្យជប៉ុន រាជធានីភ្នំពេញ ប៉ុន្តែដោយបញ្ហាភាពសុខភាពស្ត្រីជាម្តាយ ទើបគ្រូពេទ្យឱ្យបន្តសម្រាកព្យាបាលរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ ក្រោមការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន ក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌។

លោកកេត សុឃា មេឃុំមេលំ ស្រុកបរិបូណ៌ បានឱ្យដឹងថា ស្ត្រីដែលកើតកូនភ្លោះ៣នាក់នោះ មានឈ្មោះមាន សុមី អាយុ២៣ឆ្នាំ នាងទើបសម្រាលកូនជាលើកដំបូង ព្រោះទើបរៀបការប្តី ឈ្មោះវ៉ាន់ សុវយ័ អាយុ២៤ឆ្នាំ កាលពីមួយឆ្នាំមុន។

លោកមេឃុំ បានបន្តថា ក្រោយពេលរៀបការ ពួកគេបានរស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយឈ្មោះសួស ម៉ើ ប៉ុន្តែដោយសារជួបការលំបាកបញ្ហាជីវភាព ពួកគេក៏បានទៅធ្វើជាកម្មកររោងចក្រ នៅរាជធានីភ្នំពេញ ទាំង២នាក់ប្តីប្រពន្ធ រហូតមានផ្ទៃពោះ។ លុះក្រោយពីពិនិត្យអេកូ ឃើញមានកូនភ្លោះ៣ ធ្វើឱ្យប្តីប្រពន្ធអ្នកទាំងពីដេកភ័យផងអរផង ព្រោះសប្បាយចិត្តពេលកើតកូនម្តងបានដល់ទៅ ៣នាក់ ប៉ុន្តែអ្វីដែលត្រូវពិបាកចិត្តនោះ គឺជីវភាពកំពុងតែក្រីក្រ ធ្វើការរកប្រាក់ចិញ្ចឹមឆ្នាំងសឹងមិនគ្រប់ ហេតុនេះមិនដឹងថាត្រូវចិញ្ចឹមកូនភ្លោះ ៣នាក់ ដោយរបៀបណាឡើយ។

លោកមេឃុំ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃឈឺពោះសម្រាល ប្តីប្រពន្ធទាំងពីរ សម្រេចចិត្តទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន នៅឯរាជធានីភ្នំពេញ រហូតដល់ស្ត្រីជាម្តាយ មានសុខភាពល្អ ទើបក្រុមគ្រូពេទ្យអនុញ្ញាតឱ្យមកផ្ទះវិញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកមេឃុំ បានបញ្ជាក់ថា កូនភ្លោះទាំង៣ (ស្រី២ ប្រុស១) រួមនិងម្តាយ មានសុខភាពល្អជាធម្មតា ប៉ុន្តែបញ្ហាជីវភាព គឺជួបការខ្វះខាត ដែលក្នុងនាមលោកជាអាជ្ញាធរឃុំ សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភដល់គ្រួសារនេះផង៕

RELATED ARTICLES