Sunday, November 24, 2024
Homeព័ត៌មានជាតិសន្តិសុខអង្គុយសុខៗ ដួលផ្កាប់មុខស្លាប់

សន្តិសុខអង្គុយសុខៗ ដួលផ្កាប់មុខស្លាប់

ភ្នំពេញ ៖ សន្តិសុខវ័យក្មេងម្នាក់ ហេតុតែប្រឹងធ្វើការពេក (១ថ្ងៃយាមដល់ទៅ២វេន ទាំងយប់ទាំងថ្ងៃ) លុះទំនងជាហត់នឿយលើសកម្លាំង ស្រាប់តែពេលកំពុងតែអង្គុយយាមសុខៗ ដួលផ្កាប់មុខស្លាប់នៅនឹងកន្លែងធ្វើការ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះត្រួតពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចហាង The KOI  ទល់មុខវិទ្យាល័យជាស៊ីម សាមគ្គី ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

សពជនងគ្រោះ មានឈ្មោះភួង ផុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខឯកជន យាមប្រចាំការនៅហាង The KOI  ស្នាក់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិត្របែកស្រោង ឃុំតៅក្រសៅ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះគាត់ធ្វើការ ២វេន ដោយពេលថ្ងៃ ទៅធ្វើការសំណង់ និងពេលយប់ ទៅធ្វើជាសន្តិសុខយាមនៅកន្លែងកើតហេតុ។ នៅពេលដែលសន្តិសុខខាងលើ កំពុងតែអង្គុយយាម និងចុចទូរស័ព្ទសុខៗ ស្រាប់តែដួលផ្កាប់មុខ បាត់មាត់បាត់កតែម្តង ធ្វើឲ្យបុគ្គលិកនៅទីនោះ នាំគ្នាជួយសង្គ្រោះបឋម កោសខ្យល់ឲ្យ ប៉ុន្តែនៅតែ មិនទាន់ដឹងខ្លួនទៀត ទើបទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរព្រះកុសុមៈ ឲ្យមកដឹកទៅសង្គ្រោះ តែពេលរថយន្តសង្គ្រោះ មកដល់ ក្រុមគ្រូពេទ្យចុះទៅពិនិត្យរួច ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កើតហេតុ ដើម្បីសាកសួរ និងបានទាក់ទងផ្នែកជំនាញកោសល្យវិច័យ មកពិនិត្យសពជនរងគ្រោះ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ដោយមិនជាប់ពាក់ព័ន្ធទៅនឹងករណីផ្សេងនោះទេ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES