ភ្នំពេញ៖តារាកូនខ្មែរកាត់ចិននាងឃីន ស្រីនាថ ហៅអ៊ីវ៉ា នៅបាំងមិនដល់១ខែទៀតនោះទេ នាងនឹងឈានចូលដល់វ័យ៣០ឆ្នាំដែលពេលនោះក៍ជាវេលាដែលនាងត្រូវលាភាពនៅលីវតាមរយៈការរៀបការប្ដីតាមបំណងឪពុកនាងលោកអ៊ូ វ៉ាវ ដែលបានដាស់តឿននាងជាញឹកញាប់ថាកុំទុកវ័យនៅលីវយូពេកនាំតែអត់ប្រយោជន៍។ប៉ុន្ដែអនាគតស្វាមីរបស់អ៊ីវ៉ា ជាបុរសណានោះនៅតែមិនទាន់ត្រូវបានតារាសាន់ដេរូបនេះវែកមុខឲ្យគ្រប់គ្នាបានស្គាល់ឡើយទោះជាមុននេះនាងបង្ហើបថាម្ចាស់បេះដូងនាងជាបុរសម្នាក់នៅក្នុងរង្វង់អ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារក្ដី។តែលោកវ៉ាវ ជាឪពុកនាងធ្លាប់បង្ហើបថាលោកចង់បានកូនប្រសារជាមនុស្សវ័យចំណាស់បន្ដិច មិនមែនជាប្រុសវ័យក្មេងស្ទាវនោះទេ ខណៈស្រីនាថ នៅតែព្យាយាមលាក់មុខបុរសដែលបានឆក់យកបេះដូងនាងនោះដដែលហើយថែមទាំងមិនធ្លាប់បណ្ដើរគ្នាទៅកម្មវិធីអ្នកសិល្បៈឬកៀកកើយគ្នាដូចគូស្នេហ៍តារាដ៍ទៃឡើយ។

សូមបញ្ជាក់ថាតារាវ័យ២៩ឆ្នាំនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានសម្រេចចិត្តបន្ដអាជីពចម្រៀងនៅសាន់ដេដោយច្រៀងមិនមានកុងត្រានោះទេ តែថៅកែផលិតកម្មបានផ្ដល់សិទ្ធិពិសេសឲ្យនាងតាមរយៈនាងអាចច្រៀងសម្ដែងតែបទណាដែលនាងស្រលាញ់ពេញចិត្តប៉ុណ្ណោះដែលមានន័យថាបទណានាងមិនចូលចិត្តមានសិទ្ធិបដិសេធ។ការជ្រើសទ្រនុំចាស់របស់អ៊ីវ៉ា នេះមានន័យថានាងមើលរំលងផលិតកម្មដែលចាប់អារម្មណ៍ចង់បាននាងដល់ទៅ៣ក្នុងនោះគឺហង្សមាស,ថោន និងGalaxy ស្របពេលឪពុកនាងថាស្រីនាថ បានចាត់ទុកសាន់ដេជាឪពុកម្ដាយទី២របស់ខ្លួនព្រោះធ្វើឲ្យនាងមានឈ្មោះល្បីដល់ពេលនេះ។

ប៉ុន្ដែសម្រាប់អ្នកជំនាញសិល្បៈមើលឃើញថាអ៊ីវ៉ា នារយៈពេលចុងក្រោយនេះនាងហាក់បាត់បង់ឱកាសប្រជែងទីផ្សារចម្រៀងឲ្យខ្លាំងក្លា បើប្រៀបធៀបទៅនាងតន់ ច័ន្ទសីម៉ា ឬរ៉េត ស៊ូហ្សាណា នោះបើទោះជានៅឆាកតន្រ្ដីធំៗនាងនៅតែបន្ដលេចមុខជាបន្ដបន្ទាប់ក្ដី។ការលើកឡើងបែបនេះដោយសារតែគេយល់ថាអ៊ីវ៉ា ពេលនេះដៃគូចម្រៀងរបស់នាងមានតែលោកកែវ វាសនា និងវេហាស៍ តែបើនាងចូលហង្សមាសឬGalaxy នោះនាងអាចនឹងមានដៃគូថ្មីបទពិសោធន៍ថ្មីហើយអាចធ្វើឲ្យទីផ្សារចម្រៀងប្រែប្រួលជាមិនខាន។តែអ៊ីវ៉ា ធ្លាប់ប្រាប់ថាផលិតកម្មធំមានតារាច្រើនពេកក៍មិនមែនជាជម្រើសរបស់នាងឡើយ។ដោយឡែករឿងស្នេហាវិញនាងថាមនុស្សស្រីរៀបការប្ដីអាយុ៣០ឆ្នាំគឺសមរម្យបំផុតទើបនាងចង់ធ្វើជាកូនក្រមុំនៅអាយុប៉ុណ្ណឹង។

មហានរងចាំមើលថាអ៊ីវ៉ា នឹងរៀបការនៅអាយុ៣០ឆ្នាំ ឬឆ្នាំ២០២៣ ខាងមុខនេះដូចនាងសន្យាមែន ឬមួយក៍នាងគ្រាន់តែនិយាយដើម្បីឲ្យលោកវ៉ាវ សប្បាយចិត្ត?
