ភ្នំពេញ៖កាលពីចុងខែសីហាលោកព្រាប សុវត្ថិ បានថ្លែងនៅចំពោះមុខអ្នកសារព័តមានថាលោកនឹងមិនទៅណាចោលអាជីពចាស់នោះទេពោលគឺច្រៀងផងធ្វើជំនួញផង ក្រោយលោកក្លាយទៅជាឧកញ៉ានេះ។បន្ទាប់ពីអះអាងបែបនេះគេឃើញលោកសុវត្ថិ បានចេញច្រៀងសម្ដែងតាមកម្មវិធីមង្គលការធំៗមួយចំនួនតែនៅមុខអ្នកសារព័តមានលោកឧកញ៉ាសុវត្ថិ មិនព្រមប្រាប់ថាតើពេលនេះតម្លៃខ្លួនលោកខ្ពស់ជាងមុនឡើងឧកញ៉ាឬរក្សារដដែលឡើយ។ដោយឡែកថ្មីៗនេះដែរគេឃើញលោកខែម ប៊ុនថៃ ក៍បានប្រកាសពីការទទួលរាល់ការច្រៀងសម្ដែងដូចមុនឡើងវិញផងដែរទើបFan តារាទាំងពីរបានលើកឡើងថាលោកឧកញ៉ាសុវត្ថិ-សិរីមន្ដ នេះពិតជាចិត្តដូចគ្នាមែនពោលគឺមុននេះស្ងាត់ស្ងៀមដូចគ្នាហើយស្រាប់តែឥឡូវចេញមកអុកឡុកតាមឆាកតន្រ្ដីជាថ្មីដូចណាត់គ្នាតែម្ដង។

ការសម្រេចចិត្តមិនបោះបង់អាជីពចម្រៀងដូចគ្នារវាងលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ នាពេលនេះគឺពិតជាដូចបំណងរបស់អ្នកគាំទ្រតារាទាំងពីររូបនេះចង់បាន បើទោះជាមុននេះមានអតីតតារា២ដួងបានឡើងងារជាឧកញ៉ាមុនលោកសុវត្ថិ និងប៊ុនថៃ ហើយពួកគេឈប់លេងសិល្បៈទៅហើយនោះគឺលោកឧកញ៉ាទុំ សារុត ហៅឧកញ៉ាឃ្លោគ និងលាន អាហ្រ្វីលគីនីន ខណៈអ្នកដឹកនាំកម្មវិធីសិល្បៈរបស់ទូរទស្សន៍Ctn លោកស៊ិន សិលា ធ្លាប់សំណូមពរថាតារាទាំងឡាយដែលឡើងជាគោរម្យងារជាឧកញ៉ាហើយគូរណាស់តែឈប់ពីសិល្បៈឲ្យដាច់ស្រឡះដើម្បីកុំឲ្យធ្វើជាឧកញ៉ាផងច្រៀងផងនាំតែច្របូកច្របល់ និងពិបាកឡើងអក្សរលើទូរទស្សន៍ព្រោះខ្លាចខុសក្ដី តែលោកឧកញ៉ាស្នាយ និងប៊ុនថៃ មិនទៅណាឆ្ងាយពីក្បាលមីក្រូនោះទេ។

សម្រាប់លោកខែម ប៊ុនថៃ ធ្លាប់ចេញវីដេអូថាច្រៀង៦បទបានដល់ទៅ១ម៉ឺនដុល្លារឯណ្ណោះដែលតម្លៃនេះខុសគ្នាដូចមេឃនិងដីបើប្រៀបធៀបលោកច្រៀងនៅក្លឹបU2 កាលពីឆ្នាំ២០០៤ ដែលបានប្រាក់ខែចំនួនត្រឹមតែ៩០ដុល្លារ ឬ១យប់បានតែ៣ដុល្លារប៉ុណ្ណោះ ហេតុនេះហើយបានជាធ្វើឲ្យម្ចាស់កម្មវិធីតូចតាចខ្លះហាក់រារែកចិត្តមិនហ៊ានជួលលោកប៊ុនថៃ ប៉ុន្ដែសម្រាប់លោកឧកញ៉ាស្នាយ វិញគេជឿរថាតម្លៃខ្លួនរបស់លោកក៍មិនក្រោមសិស្សប្អូនរូបនេះឡើយ។

ព្រាប សុវត្ថិ និងខែម ប៊ុនថៃ បានប្រជែងគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជិត១០ឆ្នាំរហូតមានពេលខ្លះពិបាកបែងចែកថាអ្នកណាខ្លាំងជាងទៀតផង ព្រោះម្នាក់ៗគឺជាតួឯកដូចគ្នារហូតមានព័តមានថាលោកសុវត្ថិ ដើរចេញពីហង្សមាសកាលពីខែសីហា ឆ្នាំ២០២០ នោះដោយសារតែមិនចង់រស់នៅ”ភ្នំ១ ខ្លា២”។ប៉ុន្ដែក្រោយតារាទាំងពីរក្លាយទៅជាឧកញ៉ានោះការឡើងកម្ដៅនៃការប្រជែងគ្នាដ៍ក្ដៅគគុកនោះបែជាស្រាលជាងមុនបន្ដិចទៅវិញក្នុងវិស័យចម្រៀងរបស់ពួកគេហើយម្នាក់ៗគិតតែពីប្រឹងរកស៊ីលក់ដីឡូតិ៍ជាងចេញបទថ្មីៗដូចមុន។

អ្វីដែលគូរឲ្យកត់សម្គាល់តាំងពីព្រាប សុវត្ថិ ដើរចេញពីហង្សមាសចូលGalaxy ជាង២ឆ្នាំមកលោកមិនទាន់មានបទចម្រៀង១បទណាផ្ទុះខ្លាំងដូចកាលនៅហង្សមាសឡើយ ទើបនៅពេលលោកចេញច្រៀងតាមកម្មវិធីធំៗភាគច្រើនគេឭតែបទចាស់ៗរបស់លោកនៅហង្សមាសច្រើនជាងបទថ្មីដែលលោកឧកញ៉ារូបនេះយកទៅបកស្រាយ។ចំណែកលោកខែម ប៊ុនថៃ វិញថ្មីៗនេះបានផុតកុងត្រា នៅហង្សមាសរយៈពេល៥ឆ្នាំទៅហើយ ខណៈដែលទីប្រឹក្សាររបស់លោកគឺអ្នកនិពន្ធខេមរៈ ភារុណ ដែលពាក់ផ្កាយ១លើស្មានោះថ្មីៗនេះបានប្រាប់ថាលោកប៊ុនថៃ មិនទាន់ចុះកុងត្រាថ្មីនៅផផលិតកម្មណាទេពោលគឺនៅទ្រឹងសិន។

មជ្ឈដ្ឋានមហាជនបានលើកឡើងថាទោះជាព្រាប សុវត្ថិ និងខែម ប៊ុនថៃ ធ្លាប់ជាគូប្រជែងគ្នាខ្លាំងក្លាយ៉ាងណាក៍ដោយ តែតារាទាំងពីរនៅតែអាចរួមទ្រនុំជាមួយគ្នាម្ដងទៀតនោះគឺGalaxy ព្រោះថៅកែផលិតកម្មនេះរាប់អានលោកប៊ុនថៃ ខ្លាំងហើយចង់ទិញតារាកូន៣រូបនេះទៅរួមទ្រនុំដូចវិធីដែលលោកបានធ្វើជាមួយលោកសុវត្ថិ ដោយជោគជ័យនោះដែរ។ចម្ងល់របស់មហាជនបានលើកឡើងថាប្រសិនបើលោកសុវត្ថិ និងប៊ុនថៃ ប៉ៈគ្នានៅទ្រនុំតែ១ម្ដងទៀតមែន ថាតាការប្រជែងគ្នានឹងកាន់តែក្ដៅជាងមុនថែមទៀតឬយ៉ាងណា?

អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ធ្លាប់ប្រាប់ថារឿងតារាចម្រៀងមិនត្រូវគ្នាកាច់កុងគ្នានោះគឺមកពីអ្នកគ្រប់គ្រងតែម្ដង ព្រោះសម័យលោកមិនសូវមានរឿងបែបនេះកើតឡើងឡើយ។លោកថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅតែអាចច្រៀងនៅផលិតកម្មតែ១ជាមួយគ្នាបាន បើសិនជាមានអ្នកគ្រប់គ្រងនោះពូកែ៕