ភ្នំពេញ៖មាស សុខសោភា ក្លាយទៅជាតួឯករបស់រាម ក្រោយនាងឈជើងនៅទ្រនុំនេះរយៈពេលជិត២ឆ្នាំ ប៉ុន្ដែបទចម្រៀងរបស់នាងមិនសូវមានផ្ទុះឡើយបើប្រៀបធៀបនាងច្រៀងនៅសាន់ដេ,M និងថោន ជាដើម។គេចាំបានថាកាលពីដើមខែមករាឆ្នាំ២០២២ សុខសោភា បានតាំងចិត្តថានៅឆ្នាំ២០២២ នេះនាងត្រូវតែបង្ហាញអ្វីដែលថ្មីបំផុតទៅអ្នកគាំទ្ររបស់នាងទាក់ទងវិស័យចម្រៀង ហើយទស្សនីយ៍ភាពនោះគឺជាអ្វីដែលនាងមិនដែលបានបញ្ចេញទាល់តែសោះក្នុងអាជីព។ក្រុមFan របស់សុខសោភា ដែលមានសឹងតែគ្រប់វ័យនោះជឿរជាក់លើនាងថាទោះជាទៅច្រៀងនៅផលិតកម្មណាក៍នៅតែល្បីដែរ ហេតុនេះហើយពួកគេរងចាំមើលថាតើសោភា នឹងបញ្ចេញអ្វីខ្លះមុនដំណាច់ឆ្នាំ២០២២ ?តែរហូតមកដល់ពេលនេះតារាចម្រៀងសំនៀងផ្អែមរូបនេះនៅតែមិនទាន់ធ្វើឲ្យទីផ្សារចម្រៀងរបស់នាងផ្លាស់ប្ដូរដដែល។

តើមាស សុខសោភា បរាជ័យគម្រោងធំនៅឆ្នាំ២០២២ ?
តាមរយៈការចេញមុខរបស់មាស សុខសោភា នៅតាមបណ្ដារឆាកតន្រ្ដីធំៗគ្រប់ពេលនោះគេមិនអាចនិយាយថានាងប្ដូរពីថោន មករាម នេះបរាជ័យក្នុងអាជីពនោះទេ ព្រោះ១ខែៗសោភា នៅតែអាចរកប្រាក់ចំណូលពីសិល្បៈបានរាប់ម៉ឺនដុល្លារ។តែការស្ទះឬមិនអាចបញ្ចេញអ្វីដែលថ្មីបំផុតដូចការតាំងចិត្តនោះគេជឿរថានាងផ្ទាល់ក៍ខកចិត្តដែរ បើទោះជាពេលនេះនាងនៅតែស្ថិតក្នុងចំណោមតារាលំដាប់ជូរមុខគេក្ដី ព្រោះសុខសោភា នៅតែចង់ប្រជែងទីផ្សារចម្រៀងឲ្យខ្លាំងក្លាដូចមុនទើបនាងលែងចេញទៅច្រៀងសម្ដែងនៅបរទេស ខណៈដែលការទៅរស់នៅកាណាតាមស្វាមីនាងក៍បានស្ងប់ស្ងាត់ទៅវិញដែរ។អ្នកគាំទ្រសុខសោភា ភាគច្រើនថាទោះជានាងទៅច្រៀងនៅផលិតកម្មណាក៍ពួកគេនៅតែគាំទ្ររូបនាងដែរ ប៉ុន្ដែប្រសិនបើសុខសោភា នៅតែគ្មានបទផ្ទុះខ្លាំងដូចមុនៗឡើងវិញទេនោះរលកក្រោយ ច្បាស់ជាច្រានរលកមុនជាមិនខាន។

អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៩ ធ្នូ ថាតាំងពីមាស សុខសោភា ទៅផលិតកម្មថ្មីលោកមិនដែលបានតាមដានបទថ្មីៗរបស់នាងហើយក៍មិនដែលបានជួបគ្នានៅតាមកម្មវិធីសិល្បៈដូចមុនៗដែរ អីចឹងមិនដឹងថាគេ(ភា)បានចេញបទអីខ្លះហើយទេ។យ៉ាងណាលោកនូ ស៊ឹប ថាជាតារាល្បីម្នាក់ត្រូវចេញបទល្បីៗជាបន្ដបន្ទាប់ទើបអាចរក្សារតំណែងបានបើមិនដូច្នេះទេ គេងាកទៅស្ដាប់តារាថ្មីៗវិញម្ដងព្រោះតារាវ័យក្មេងឥឡូវក៍មានសម្ថភាពមិនធម្មតា ហើយក្មេងគេស្អាតៗទៀតផង។តារាចម្រៀងក្លាយទៅជាគ្រូបង្ហាត់បង្រៀនយុវវ័យជាច្រើនឲ្យចេះច្រៀងរូបនេះថាទោះជាតារាល្បីយ៉ាងណាក៍ដោយបើអាយុច្រើនបន្ដិចគឺពិបាក ព្រោះផលិតកម្មខ្លះគេលើកតែក្មេងៗ។ប៉ុន្ដែលោកនូ ស៊ឹប ធ្លាប់និយាយមុនសុខសោភា ចូលរាម ថាសម្ថភាពដូចនាងទោះជាទៅដល់ផលិតកម្មណាក៍នៅតែល្បីដែរ។

អំឡុងពេលដែលមាស សុខសោភា មិនទាន់បញ្ចេញសម្ថភាពអស់នៅរាម នេះផលិតកម្មផ្ទាល់ខ្លួនរបស់នាងឈ្មោះCamtrax ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងបុ្រសនាងលោកមាស សុខរតនៈ នោះក៍លែងចេញបទថ្មីៗទៀតដែរ ហេតុនេះហើយទើបធ្វើឲ្យនាងពឹង១ច្រកតែលើរាម ប៉ុណ្ណោះ។យ៉ាងណាអំឡុងពេលដែលសុខសោភា លែងសូវមានបទផ្ទុះនេះតារាល្បីៗមួយចំនួនទៀតដូចជាឱក សុគន្ធកញ្ញា ,ពេជ្រ សោភា ,សុគន្ធ និសា និងសួស វីសា ជាដើមក៍មិនសូវលេចធ្លោដូចមុនដូចគ្នា។សម្រាប់សុខសោភា វិញនាងនៅមានផលិតកម្ម៣ដែលបើកទ្វាស្វាគមន៍នាងក្នុងនោះគឺហង្សមាស,Galaxy និងថោន ហេតុនេះទោះជាសោភា ជាប់រកស៊ីធំជាមួយថៅកែក្ដី ប៉ុន្ដែគេជឿរថាក្នុងករណីដែលនាងថាបញ្ចេញរបស់ថ្មីតែមិនបានដូចចិត្តនោះ ច្បាស់ជានាងពិចារណាផលិតកម្មខាងលើ ដើម្បីឲ្យទីផ្សារចម្រៀងខ្លាំងដូចមុនឡើងវិញជាមិនខាន៕
