គ្រូបង្វឹកក្លឹបបិសាចក្រហមMan Utd លោក Erik ten Hag បាននិយាយថាការសម្រេចចិត្តរបស់គ្រួសារ Glazer ក្នុងការស្វែងរកលក់ក្លឹបអាចជារឿងល្អ ហើយថាលោកបានធានាថាការផ្លាស់ប្តូរកម្មសិទ្ធិនឹងមិនប៉ះពាល់ដល់ គោលបំណង គោលដៅ និងវប្បធម៌របស់ក្លឹបនោះទេ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែធ្នូ ឆ្នាំ២០២២។ម្ចាស់ក្លឹបManUtdកាលពីខែមុនបានចាប់ផ្តើមសម្លឹងមើលជម្រើសសម្រាប់ម្ចាស់ជើងឯកអង់គ្លេសប្រឺមីញេលីក ២០សម័យ រួមទាំងការវិនិយោគថ្មី ឬការលក់ដ៏មានសក្តានុពល បន្ទាប់ពីទិញក្លឹបនេះបាន១៧ ឆ្នាំ។
លោកTen Hag បាននិយាយថាលោកមិនបាននិយាយជាមួយម្ចាស់ក្លឹបទេ ប៉ុន្តែលោកបាន ពិភាក្សាអំពីផែនការ ជាមួយនាយកប្រតិបត្តិ United គឺលោក Richard Arnold ។
Ten Hag បានប្រាប់អ្នកយកព័ត៌មាននៅឯជំរុំហ្វឹកហាត់របស់ United ក្នុងប្រទេសអេស្ប៉ាញថា ព័ត៌មានរបស់ខ្ញុំគឺ ថាវានឹងក្លាយជារឿងល្អប៉ុណ្ណោះព្រោះវានឹងមានការវិនិយោគកាន់តែច្រើនដែលអាចធ្វើទៅបាន។
យើងបាននិយាយអំពីវប្បធម៌ដែលយើងចង់បាន យើងបាននិយាយអំពីគោលបំណង គោលដៅ និងវប្បធម៌ ហើយលោកArnoldបានបញ្ជាក់ថាវានឹងមិនផ្លាស់ប្តូរទេ វានឹងកាន់តែប្រសើរឡើង ពីព្រោះប្រាក់កាន់តែច្រើន នឹងមានសម្រាប់គម្រោងនេះ។
Ten Hag បន្តថា United ត្រូវការការវិនិយោគដើម្បីបន្តនៅ ប្រឺមីញេលីកហើយវាមានសារៈសំខាន់ដែលមូលនិធិ ត្រូវបានចំណាយដោយឆ្លាតវៃ៕