ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលយ៉ាងហោចណាស់៦០គ្រាប់នៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រហើយយ៉ាងហោចណាស់មីស៊ីលចំនួន៤គ្រាប់បានធ្លាក់នៅកណ្តាលទីក្រុងគៀវ។ នេះបើយោងតាមប្រភពព័ត៌មានAP ចេញផ្សាយកាលពីថ្ងៃសុក្រទី ១៦ខែធ្នូ ឆ្នាំ២០២២ ។ ប្រភពខាងលើនេះបានអោយដឹងថាយ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅពេលដែលអគារលំនៅដ្ឋានមួយត្រូវបានវាយប្រហារនៅកណ្តាលប្រទេសអ៊ុយក្រែនខណៈដែលសេវាអគ្គិសនី និងទឹកត្រូវបានកាត់ផ្តាច់នៅក្នុងទីក្រុងធំជាងគេពីរគឺ គៀវនិងខាគៀវ ។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Inhat បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថាមីស៊ីលជាង ៦០ គ្រាប់ត្រូវបានបាញ់ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើមានមីស៊ីលប៉ុន្មានគ្រាប់ដែលកងទ័ពអ៊ុយក្រែនអាចស្ទាក់ចាប់បាន។ មន្ត្រីខ្លះបានរាយការណ៍ពីជោគជ័យក្នុងការបាញ់ទម្លាក់គ្រាប់ដែលចូលមកខ្លះ។លោកបាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីយន្តហោះ Tu-95 ដោយមីស៊ីលប្រភេទ Kh-555 និង Kh-101 ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា មីស៊ីលKalibr ត្រូវបានបាញ់ចេញពីសមុទ្រខ្មៅហើយយន្តហោះទម្លាក់គ្រាប់បែក S300 និង Tu22M3 បានបាញ់មីស៊ីល X-22។
ការវាយប្រហារនេះបានកើតឡើងបន្ទាប់អាមេរិកមានគម្រោងបញ្ជូនប្រព័ន្ធការពារមីស៊ីទំនើបទៅឲ្យប្រទេសអ៊ុយក្រែន ។ជាមួយគ្នានេះដែរប្រទេសអ៊ីតាលី និងបារាំងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ប្រព័ន្ធការពារដែនអាកាស SAMP/T Mamba ដល់អ៊ុយក្រែន ។នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបង្ហាញដោយសភាបារាំង។

រដ្ឋមន្ត្រីការពារជាតិ៖ រុស្ស៊ីព្យាយាមបង្ខំអ៊ុយក្រែនឱ្យចរចា
ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលជាង ៦០ គ្រាប់ក្នុងការវាយប្រហារចុងក្រោយរបស់ខ្លួនលើទីក្រុងនានារបស់អ៊ុយក្រែន។លោកYuriy Sak បានប្រាប់ BBC ថា ការវាយប្រហារនេះមិនបានធ្វើអោយមានការភ្ញាក់ផ្អើល ទេពីព្រោះរុស្ស៊ីបានព្រមានជាច្រើនសប្តាហ៍មកហើយ។

លោកបន្តថានេះគឺជាយុទ្ធសាស្ត្រ រុស្ស៊ីក្នុងរយៈពេលពីរខែចុងក្រោយនេះដែលកំពុងប្រឈមមុខនឹងការបរាជ័យនៅលើសមរភូមិពួកគេត្រូវការសំណងសម្រាប់វា។ ពួកគេកំពុងព្យាយាមបង្កើតលក្ខខណ្ឌដើម្បីបង្ខំអ៊ុយក្រែនឱ្យចរចា។ នេះនឹងមិនកើតឡើងទេ។ នេះនឹងមិនដំណើរការទេ៕