Wednesday, November 20, 2024
Homeព័ត៌មានជាតិទប់​ស្កាត់​ពុក​រលួយ សង្គម​ស៊ីវិល​​ស្នើ​អ្នក​នយោ​បាយ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សា​ធា​រណៈ មុន​បោះ​ឆ្នោត

ទប់​ស្កាត់​ពុក​រលួយ សង្គម​ស៊ីវិល​​ស្នើ​អ្នក​នយោ​បាយ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សា​ធា​រណៈ មុន​បោះ​ឆ្នោត

ភ្នំពេញ ៖ អង្គការសង្គមស៊ីវិល ធ្វើការ លើកផ្នែកលើកកម្ពស់តម្លាភាពនៅក្នុងសង្គម ជំរុញឱ្យគណបក្សនយោបាយដែលចូលរួមការ ប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាង មុខនេះ ត្រូវប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត មានសេចក្តីទុកចិត្ត និងជាផ្នែកមួយសំខាន់ក្នុងការចូលរួម ទប់ស្កាត់អំពើពុករលួយ។

យោងតាមរបាយការណ៍អង្គការគណនេយ្យភាពកម្ពុជា បានឱ្យដឹងថា គិតត្រឹមចុង ឆ្នាំ២០១៦នេះ មានបុគ្គលិកអង្គការសង្គមស៊ីវិល បុគ្គលិកក្រុមហ៊ុន មន្ត្រីរដ្ឋ មន្ត្រីគណបក្សចំនួន ជាង៤០នាក់ បានស្ម័គ្រចិត្តប្រកាសទ្រព្យសម្បត្តិ ខ្លួនជាសាធារណៈ។ ក្នុងនោះ សាធារណជន ពិសេសថ្នាក់ដឹកនាំគណបក្សនយោបាយ អាច ប្រកាសទ្រព្យជាសាធារណៈ ជាមួយគេហទំព័រ របស់អង្គការគណនេយ្យភាពកម្ពុជា ឬអាច ប្រកាសលើគេហទំព័រផ្ទាល់ខ្លួនក៏បាន ដើម្បីឱ្យ សាធារណជនបានដឹង និងបង្ហាញតម្លាភាព។

ប្រធានអង្គការគណនេយ្យភាពកម្ពុជា លោកគុយ មាសសំណាង បានមានប្រសាសន៍ ថា ការប្រកាសទ្រព្យជាសាធារណៈរបស់ថ្នាក់ ដឹកនាំបក្ស ពិសេសគណបក្សធំៗដែលមាន អាសនៈនៅក្នុងរដ្ឋសភា មានផលប្រយោជន៍ ច្រើនដូចជាការបង្ហាញភាពជាគំរូ ក្នុងការប្រឆាំង អំពើពុករលួយ លើកកម្ពស់តម្លាភាពសង្គម និង ផ្តល់ទំនុកចិត្តដល់ពលរដ្ឋជាដើម។ ដូច្នេះលោក នឹងចាប់ផ្តើមយុទ្ធនាការនេះ នៅដើមឆ្នាំ២០១៧ ខាងមុខនេះ ដោយបានដាក់លិខិតទៅគណបក្ស នយោបាយនានា ជាពិសេស គណបក្សធំទាំង ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ រួចហើយ តែនៅមិនទាន់មានការ ឆ្លើយតប។

លោកគុយ មាសសំណាង បានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា “តើលោក អ្នកចង់ឃើញមេដឹកនាំគណបក្សណាមួយក្នុង ចំណោម គណបក្សខាងក្រោម ជាមេដឹកនាំគំរូ ដើម្បីបង្ហាញសុចរិតភាពដល់ប្រជាពលរដ្ឋចូល រួមប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្ត តាម ប្រព័ន្ធអ៊ីនធើរណេត មុនពេលបោះឆ្នោតឆ្នាំ ២០១៨  ៖

ក. ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណ- បក្សសង្គ្រោះជាតិ។

ខ.សម្តេចតេជោហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា។

គ.លោកយ៉េង វីរៈ ប្រធានគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន។

ឃ.លោកសួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ” ។

ប្រធានសម្ព័ន្ធគណនេយ្យភាព លោកសន ជ័យ បានបញ្ជាក់ប្រាប់ “នគរធំ” ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ថា តាមពិតរឿងប្រកាសទ្រព្យ-សម្បត្តិជាសាធារណៈនេះ ជាអ្វីដែលសង្គម- ស៊ីវិលបានរិះគន់ខ្លាំង និងចង់បានខ្លាំង ព្រោះ កន្លងមក ឃើញច្បាប់ប្រឆាំងអំពើពុករលួយ ឱ្យប្រកាសដាក់ក្នុងស្រោមសំបុត្រ ហើយមាន ការទាមទារឱ្យអនុម័តច្បាប់ប្រឆាំងអំពើពុក-រលួយ ដែលចង់ឱ្យមានការបើកចំហ ប៉ុន្តែនៅ ពេលច្បាប់ប្រឆាំងអំពើពុករលួយអនុវត្តនៅ ឆ្នាំ២០១០ បែរជាមានប្រកាសទ្រព្យសម្បត្តិ ដាក់នៅក្នុងស្រោមសំបុត្រទៅវិញ។ ដូច្នេះការ ប្រកាសទ្រព្យសម្បត្តិជាសាធារណៈរបស់អ្នក នយោបាយនោះ ជាអ្វីដែលសង្គមស៊ីវិល និង មជ្ឈដ្ឋានជាច្រើនចង់បានយូរហើយ។

លោកសន ជ័យ មានប្រសាសន៍ថា “មន្ត្រី រដ្ឋាភិបាលជាន់ខ្ពស់ ដែលតម្រូវដោយច្បាប់ ថាត្រូវប្រកាសទ្រព្យសម្បត្តិហ្នឹង ខ្ញុំគិតថា ពួក- គេជាអ្នកបម្រើប្រជាពលរដ្ឋ អ៊ីចឹងគ្មានអីដែល ត្រូវលាក់កំបាំងអំពីទ្រព្យសម្បត្តិ ពីអីហ្នឹងទេ ព្រោះអីវាជាការរួមចំណែកមួយ ដែលមន្ត្រីជាន់ ខ្ពស់ហ្នឹងនិយាយថា ឱ្យមានតម្លាភាព ឱ្យមាន ការទទួលបាននូវព័ត៌មាន។ អ៊ីចឹងក្រៅតែពីព័ត៌- មានដែលគេចង់ដឹង មន្ត្រីក្នុងកម្រិតសាធារណៈ ឬក៏អ្នកនយោបាយក្នុងសាធារណៈហ្នឹង វាចាំបាច់ ត្រូវតែមានការស្វែងយល់ព័ត៌មានអំពីំកិច្ចការ សាធារណៈ វាអត់មានអីខុសគ្នាទេ។ និយាយ ឱ្យចំទៅ នៅពេលដែលយើងលើកឡើង វាជា អ្វីមួយដែលអ្នកនយោបាយតែងតែយកច្បាប់ ជាមូលដ្ឋាន។ អ៊ីចឹងខ្ញុំថា ក្រៅពីចលនាសំណូមពរ នេះ វាអត់មានអីប្រសិទ្ធភាពប៉ុន្មានទេ បើសិន ជាយន្តការច្បាប់មិនសូវមាន។ អ៊ីចឹងយើងចង់ ឱ្យមានវិសោធនកម្ម ច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយហ្នឹង ដើម្បីមានការប្រកាសទ្រព្យ- សម្បត្តិជាសាធារណៈ។ វាមិនត្រឹមតែអ្នកនយោ- បាយទេ មន្ត្រីដែលស្ថិតនៅក្នុងតំណែងដែល ត្រូវប្រកាសទាំងអស់ហ្នឹង គួរតែជាគោលដៅ ដែលត្រូវប្រកាសដែរ”។

ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “ទាក់ទងនឹង ចំណុចនេះ ដូចយើងបានស្នើខាងដើម អ៊ីចឹងថា យើងចង់ឱ្យស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ទៅជាស្ថាប័នធម្មនុញ្ញមួយ ដែលបម្រើប្រជា- ពលរដ្ឋពិតប្រាកដ។ អាហ្នឹងមួយ ទី២ យើង ចង់ឱ្យមានការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ នឹងការប្រកាសទ្រព្យសម្បត្តិហ្នឹង គឺយើងត្រូវ សម្រាប់បេក្ខជនដែលឈរឈ្មោះបោះឆ្នោតហ្នឹង តាំងពីឃុំ-សង្កាត់ទៅ តាំងពីក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌទៅ។ និយាយទៅបុគ្គល ដែលតែង តាំងដោយអនុក្រឹត្យ ប្រកាសក៏ដោយអនុក្រឹត្យ ក៏ដោយ ព្រះរាជក្រឹត្យក៏ដោយ គឺត្រូវតែប្រកាស ជាសាធារណៈ មុនគាត់ជាប់ចូលកាន់តំណែង ហ្នឹង គាត់មានប៉ុនណា? ហើយពេលគាត់ចូល បំពេញ ហើយពេលដែលគាត់ឈប់ គាត់ត្រូវ  ប្រកាសឡើងវិញថា តើទ្រព្យសម្បត្តិគាត់ មាន ការប្រែប្រួលរបៀបប៉ុនណា? នេះជាយន្តការ មួយដែលយើងចង់បាន”។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នោះដែរថា សង្គមស៊ីវិល នៅ តែទទួច និងតស៊ូមតិបន្តទៀត ដើម្បីរដ្ឋាភិបាល ធ្វើវិសោធនកម្មមាត្រាដែលតម្រូវឱ្យមន្ត្រីប្រកាស ទ្រព្យសម្បត្តិជាសាធារណៈ ព្រោះនេះជាស្តង់ដារ អន្តរជាតិមួយ ហើយសម្រាប់ប្រទេសកម្ពុជា បើសិនជាធ្វើវិសោធនកម្មឱ្យមានការប្រកាស ទ្រព្យសម្បត្តិជាសាធារណៈ បូកនឹងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មានដែលនឹងត្រូវអនុម័តនាពេល ខាងមុខ ព្រមទាំងលក្ខខណ្ឌផ្សេងៗទៀតនោះ កម្ពុជា អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់  ដើម្បីចូលជាសមាជិកនៃរដ្ឋាភិបាលបើកចំហ ឬហៅថាដៃគូបើកចំហ ដែលដឹកនាំដោយសហ- រដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងប្រទេស ជាង៧០ បានចូលជាសមាជិក។

លោកព្រាប កុល បានមានប្រសាសន៍ថា ជាគោលការណ៍ យើងបានព្យាយាមតស៊ូមតិ ឱ្យ មន្ត្រីសាធារណៈ ឬក៏មន្ត្រីនយោបាយដែលមាន មុខតំណែងខ្ពស់ៗ ឬក៏ជាប់តំណែងតាមការ បោះឆ្នោតហ្នឹង ធ្វើការប្រកាសទ្រព្យសម្បត្តិជា សាធារណៈ ហើយយើងចង់ឱ្យគាត់ធ្វើការប្រកាស នេះ ក្នុងក្របខ័ណ្ឌដែលបំពេញបំផុតហ្នឹង គឺច្បាប់ តម្រូវឱ្យគាត់ប្រកាសជាសាធារណៈ មានន័យ ថា មិនចង់ត្រឹមភាពស្ម័គ្រចិត្តចង់ប្រកាសទេ ឬក៏មិនប្រកាសស្រេចតែចិត្តទេ យើងចង់ឱ្យមាន ការធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ហ្នឹង ឱ្យដាក់លក្ខខណ្ឌតម្រូវការតែម្តងថា មន្ត្រី ទាំងនោះត្រូវប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ហើយមិនមែនត្រឹមតែពួកគាត់ទេ គឺក្រុមគ្រួសារ ពួកគាត់ ដែលជាសមាជិកផ្ទាល់របស់គាត់ ដូច ជាកូន ដូចជាប្រពន្ធ ប្តីហ្នឹង ប្រកាសទាំងអស់ គ្នា។ ហ្នឹងជាគោលការណ៍ ហើយរឿងថាអង្គការ ឬក៏ស្ថាប័នណាជំរុញឱ្យមានការប្រកាសតាម អ៊ីនធើរណេត ដោយស្ម័គ្រចិត្តនេះ អាហ្នឹងក៏វា ជាការមួយដែលចូលរួមចំណែកលើកស្ទួយតម្លា- ភាពដែរ ប៉ុន្តែវាមិនសូវមានប្រសិទ្ធភាព ដោយ- សារថា យើងមិនមានច្បាប់ឱ្យមានកាតព្វកិច្ច វា គ្រាន់តែថា ជាការស្ម័គ្រចិត្ត។ ដូច្នេះខ្ញុំមិនសូវមាន ជំនឿថា អ្នកនយោបាយ ឬមន្ត្រីទាំងអស់ហ្នឹង គាត់មានការស្ម័គ្រចិត្តធ្វើដូច្នេះទេ។ ល្អបំផុត ហ្នឹងគឺវិសោធនកម្មនៅក្នុងច្បាប់ប្រឆាំងអំពើ- ពុករលួយហ្នឹង ដែលចែងស្តីអំពីការប្រកាស ទ្រព្យសម្បត្តិ និងបំណុលហ្នឹង ឱ្យដាក់ថា ប្រកាស ជាសាធារណៈ។ គឺព័ត៌មានទាំងឡាយហ្នឹង ត្រូវ ផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មាន មានទាំង អ៊ីនធើរណេត តាមវេបសាយ តាមកាសែត ឬ ក៏ទស្សនាវដ្តី ឬក៏ដាក់នៅគេហទំព័រនៃស្ថាប័ន ហ្នឹងតែម្តង អាហ្នឹងគឺយើងហៅថា ប្រកាសជា សាធារណៈហើយ”។

លោកព្រាប កុល  មានប្រសាសន៍បន្តថា “ខ្ញុំថានៅក្នុងការប្រកាសទ្រព្យសម្បត្តិជាសាធារណៈនេះ បើយើងមើលនៅក្នុងបណ្តាប្រទេស ដទៃទៀត ដែលមានច្បាប់បែបហ្នឹង គឺមាន ប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ ដោយសារមន្ត្រី ដែលគាត់មានមុខងារធំៗហ្នឹង គាត់ប្រកាសឱ្យ ប្រជាពលរដ្ឋដឹងទាំងអស់គ្នា បើសិនជាគាត់មាន ទ្រព្យសម្បត្តិឬក៏ចំណូលអីមួយដែលមិនប្រក្រតី ប្រៀបធៀបទៅនឹងអ្វីដែលគាត់ប្រកាស គឺប្រជា- ពលរដ្ឋហ្នឹងអាចដឹង ឬក៏សង្ស័យ អាចរាយការណ៍ឱ្យសមត្ថកិច្ច ដើម្បីធ្វើការស៊ើបអង្កេត ធ្វើការផ្ទៀងផ្ទាត់ បើសិនជាយើងស៊ើបអង្កេត ផ្ទៀងផ្ទាត់ទៅឃើញថា អ្វីដែលគាត់ប្រកាស និងអ្វីដែលគាត់មាន វាមិនសមមាត្រ វាមិនត្រូវ គ្នា យើងអាចរឹបអូសទ្រព្យដែលលើសហ្នឹង យក ទៅជូនរដ្ឋវិញ ហើយនេះគឺវាជាប្រសិទ្ធភាព មួយសំខាន់ណាស់នៅក្នុងការប្រឆាំងអំពើពុក- រលួយ”។

ពាក់ព័ន្ធនឹងការស្នើរបស់សង្គមស៊ីវិលខាងលើនេះ តាមរយៈបទសម្ភាសជាមួយ “នគរធំ” កាលពីថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៦ អ្នកនយោបាយជាច្រើន បានសម្តែងការចាប់អារម្មណ៍ និងយល់ស្រប។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកសាម អ៊ីន បានបញ្ជាក់ថា   តាម ពិត នៅក្នុងច្បាប់មានហើយ ដែលចែងពីការ ប្រកាសទ្រព្យសម្បត្តិ គ្រាន់តែជាការប្រកាស ទ្រព្យសម្បត្តិដោយមិនចំហ។ ដូច្នេះលោកគិត ថា ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីដែល ទៅកាន់តំណែងរដ្ឋាភិបាល ជារឿងល្អ ដើម្បី ជំរុញឱ្យមានតម្លាភាព និងកាត់បន្ថយអំពើពុក រលួយនៅក្នុងប្រទេសកម្ពុជា។

លោកសាម អ៊ីន មានប្រសាសន៍ថា “បាទ! តាមពិត យើងយល់ថា ជាគំនិតមួយល្អ ក្នុង អាការជួយជំរុញ ជួយលើកតម្កើងឱ្យមានតម្លា- ភាព សម្រាប់អ្នកនយោបាយ និងមន្ត្រីរដ្ឋបាល សាធារណៈជាន់ខ្ពស់។ ហើយគណបក្សប្រជា- ធិបតេយ្យមូលដ្ឋាន ក៏យើងបានចងគោលការណ៍ មួយដែរថា សមាជិកប្រជាធិបតេយ្យមូលដ្ឋាន ពេលដែលចូលកាន់តួនាទីស្ថាប័នរដ្ឋណាមួយ គាត់ ត្រូវតែប្រកាសទ្រព្យសម្បត្តិជាចំហ។ ដូច្នេះ ការប្រកាសនេះ នឹងធ្វើឱ្យមានតម្លាភាព កាត់ បន្ថយអំពើពុករលួយផ្សេងៗនៅក្នុងសង្គម។ ប៉ុន្តែដោយឡែក វាក៏អាចមានហានិភ័យមួយ ចំនួនដែរ សម្រាប់អ្នកប្រកាសទ្រព្យសម្បត្តហ្នឹង ដោយសារតែនៅក្នុងប្រទេសកម្ពុជា យើងដឹង ហើយក្រុមខាងគណបក្សបឆ្រាំង អ្នកដែលធ្វើ- ការទិតៀនរដ្ឋាភិបាលហ្នឹង តែងតែរងគ្រោះ ជាអន្លើៗ ហើយយើងក៏មានការព្រួយបារម្ភថា អាចនឹងមានហានិភ័យមួយចំនួន សម្រាប់ពួក គាត់ដែរ”។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ មានបានបញ្ជាក់ថា ក្នុងនាមប្រធាន គណបក្ស លោកបានត្រៀមលក្ខណៈសម្បត្តិ រួចរាល់ហើយក្នុងការប្រកាសទ្រព្យសម្បត្តិជា សាធារណៈមុនការបោះឆ្នោត  គ្រាន់តែលោក មិនទាន់មានពេលទៅប្រកាសជាមួយសង្គមស៊ីវិល។

លោកពេជ្រ ស្រស់ មានប្រសាសន៍ថា “ចំណុចវិជ្ជមាន គឺឱ្យពលរដ្ឋបានឃើញពីទ្រព្យសម្បត្តិរបស់មេដឹកនាំនីមួយៗ ហើយទប់ស្កាត់ អំពើពុករលួយគ្រប់ប្រភេទ។ យើងមើលអ្នក នយោបាយស្រុកខ្មែរមួយណាក្រឡានលុយ សុទ្ធតែរាប់លានរាប់ម៉ឺនដុល្លារ។ អ៊ីចឹងជាវិជ្ជមាន សម្រាប់ទប់ស្កាត់អំពើពុករលួយនៅក្នុងកម្ពុជា។ ប៉ុន្តែអវិជ្ជមានខ្លាចតែគេមិនប្រកាស ហើយ ខ្លាចតែមានគ្រោះថ្នាក់ដល់គេ ដោយសារដឹង ហើយថា ស្រុកខ្មែរ សន្តិសុខ មិនស្មើនឹងកូនក្មេង លេងល្បែងបាយឡុកបាយឡ មិនអាចការពារ បានទេ សុវត្ថិភាពនៅតែលើបបូរមាត់របស់ លោកកាន់ច្បាប់ទេ ប៉ុន្តែជាក់ស្តែង គឺអត់មាន សុវត្ថិភាពឡើយ។ តាមពិត អ្នកនយោបាយគេ ក៏ចង់បានខ្លួនស្អាតស្អំដែរ គេក៏ចង់បានឱ្យសង្គម ស៊ីវិលគាំទ្របុគ្គលគេក្លាយជាមេដឹកនាំប្រទេស ដែរ។ ប៉ុន្តែខ្លាចអ្នកនយោបាយមិនហ៊ានប្រកាស។ អារឿងសន្តិសុខ ជារឿងមួយ ប៉ុន្តែរឿងមួយ ទៀត គាត់មិនហ៊ានតម្លាភាពជីវភាពរបស់ខ្លួន និងប្រជាពលរដ្ឋ។ នៅពេលដែលគេដឹងថា អ្នក នយោបាយមួយនេះ មានប្រាក់១កោដិ ប៉ុន្តែ ពេលធ្វើនយោបាយ ស្រាប់តែឡើងដល់១០ កោដិ។ អ៊ីចឹងប្រៀបធៀបគ្នា អ្នកនយោបាយ និងរាស្ត្រ អ្នកនយោបាយមានជាង រាស្ត្រក្រជាង គេលែងបោះឱ្យ។ អ៊ីចឹង អ្នកនយោបាយ ប្រហែល ជាខ្វែងគំនិតគ្នារវាងសង្គមស៊ីវិល ហើយរឿង ប្រកាសទ្រព្យសម្បត្តិ ហ្នឹង មិនអាចស្របគ្នាបាន ទេ ព្រោះវាមានគំនិតចង្អៀតនៅឡើយអ្នក- នយោបាយបច្ចុប្បន្ន ស្រុកខ្មែរនេះ រីឯសង្គមស៊ីវិល គាត់អត់ខ្វលទេ ព្រោះគាត់ធ្វើការងារសង្កេត អ្នកនយោបាយ។ អ៊ីចឹង គាត់ជំរុញអ្នកនយោបាយទៅប្រកាស អារឿងប្រកាស មិនប្រកាស គេធ្វើរួចហើយ ប៉ុន្តែខ្វែងគំនិតគ្នា គឺអ្នកនយោបាយមិនអាចទៅប្រកាសទាំងអស់គ្នាបានទេ តាមខ្ញុំគិតមើល”។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជា-ធិបតេយ្យ លោកម៉ម សូណង់ដូ បានបញ្ជាក់ថា សម្រាប់លោក ក្នុងនាមអ្នកនយោបាយោ លោក គាំទ្រតាមមតិភាគច្រើន។

លោកម៉ម សូណង់ដូ មានប្រសាសន៍ថា “ខ្ញុំគាំទ្រឱ្យទាំងអស់គ្នាអនុម័តថា គណបក្ស នីមួយៗ ត្រូវបង្ហាញទ្រព្យសម្បត្តិ ខ្ញុំគាំទ្រមួយ រយភាគរយ អត់មានអីលាក់ទេ។ ដូច្នេះខ្ញុំគាំទ្រ មតិភាគច្រើន បើគេឃើញថាល្អ ខ្ញុំនឹងធ្វើតាម គេ ពីព្រោះខ្ញុំអត់មានអីលាក់បាំងទេ។ បានន័យ ថា អារឿងបញ្ហាហ្នឹង ខ្លួនខ្ញុំម្នាក់ឯង ខ្ញុំមិនអារ កាត់ទេ ខ្ញុំស្របទៅតាមមតិភាគច្រើនដែលគេ ចង់ធ្វើម៉េច បើខុសត្រូវអីយ៉ាង ហោចណាស់ក៏ យើងគោរពគ្នាទៅវិញទៅមកដែរ យកមតិ ភាគច្រើន ខ្ញុំគិតអ៊ីចឹងទៅវិញ”។

ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បញ្ជាក់ថា សម្រាប់គណបក្សអំណាច ខ្មែរ បានចុះអនុស្សរណៈរួចហើយ ជាមួយនឹង អង្គការគណនេយ្យភាពកម្ពុជា អំពីការប្រកាស ទ្រព្យសម្បត្តិជាសាធារណៈ ទោះបីជាអត់មាន ច្បាប់ និងអត់មានអ្នកណាបង្ខំក្តី។ ប៉ុន្តែបើអ្នក នយោបាយណា មិនហ៊ានប្រកាសទ្រព្យសម្បត្តិ ជាសាធារណៈមុនការបោះឆ្នោត ចាត់ទុកថា ជាពួកអ្នកនយោបាយ មានគំនិតទុច្ចរិត អត់ មានភាពស្មោះត្រង់ចំពោះអ្នកគាំទ្រ។ ដូច្នេះលោក ស្នើសុំឱ្យប្រជាពលរដ្ឋ កុំបោះឆ្នោតជូន។

លោកសួន សេរីរដ្ឋា មានប្រសាសន៍ថា “បាទ! ខ្លួនខ្ញុំផ្ទាល់ ហើយនិងមន្ត្រីដទៃទៀតហ្នឹង គឺយើងបានរៀបចំសម្រេចថា ក្នុងឆ្នាំ២០១៧ គឺយើងនឹងប្រកាសទ្រព្យសម្បត្តិនៅក្នុងដើម ឆ្នាំហ្នឹងតែម្តង។ ការប្រកាសនេះ ទី១ គឺដើម្បី បង្ហាញភាពស្អាតស្អំរបស់ខ្លួនក្នុងភាពជាអ្នក- នយោបាយ ជូនដល់ពលរដ្ឋ ដើម្បីឱ្យពលរដ្ឋបាន ដឹងថា បេក្ខជនដែលចង់ឈរឈ្មោះឱ្យគាត់ជ្រើស- រើសហ្នឹង គឺមានតម្លាភាពសម្រាប់ខ្លួនឯង បង្ហាញ ភាពស្អាតស្អំសម្រាប់អ្នកគាំទ្រយ៉ាងដូចម្តេចខ្លះ? កុំឱ្យការជ្រើសរើសរបស់ពលរដ្ឋ ទោះបីជាបេក្ខ- ជនថ្នាក់ក្រុមប្រឹក្សាឃុំសង្កាត់ឬបេក្ខជនតំណាងរាស្ត្រ ឬបេក្ខជននាយករដ្ឋមន្ត្រី ដល់ពេលបាន ជាប់ឆ្នោតទៅ ទ្រព្យសម្បត្តិមកពីណា គឺអត់មាន ដឹងប្រភពច្បាស់លាស់ ហើយអត់មានការកំណត់- ត្រាច្បាស់លាស់ ហើយចេះតែថា ឱ្យតែអ្នកធំ គឺឡើងធ្វើធំ គឺមានតែម្តង អាហ្នឹងគឺជាទម្លាប់ មួយនៅក្នុងសង្គមខ្មែរយើង ដែលយើងចង់ លុបបំបាត់ចោល។ ទី២ គឺយើងចង់ឱ្យសង្គម អ្នកនយោបាយ គឺរាប់តាំងពីបេក្ខជននាយករដ្ឋ- មន្ត្រី តំណាងរាស្ត្រ រហូតដល់បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ បេក្ខជនកម្រិតណាក៏ដោយ ឱ្យតែ ជាបេក្ខជននយោបាយដែលត្រូវបោះឆ្នោតជ្រើស តាំងជ្រើសរើសដោយពលរដ្ឋ គឺហៅថា មនុស្ស ក្នុងសង្គមនយោបាយហ្នឹង គឺត្រូវមានភាពស្អាត- ស្អំចំពោះអ្នកគាំទ្ររបស់ខ្លួន ចំពោះពលរដ្ឋរបស់ ខ្លួន ពេលដែលឡើងទៅកាន់ការិយាល័យណា មួយនៅក្នុងតំណែង នៅក្នុងអាណត្តិ គឺត្រូវតែ ច្បាស់លាស់អំពីប្រាក់ចំណូលនិងប្រាក់ចំណាយ របស់ខ្លួន។ ខ្ញុំឃើញថា វាជារឿងមួយត្រឹមត្រូវ ល្អបំផុត បើសិនជាគណបក្សប្រជាជន គណបក្ស សង្គ្រោះជាតិ ដែលមានសំឡេងក្នុងរដ្ឋសភា ដឹកនាំរដ្ឋាភិបាលទាំងអស់ហ្នឹង នាំគ្នាប្រកាស អ៊ីចឹង គឺជារឿងមួយល្អ មិនរង់ចាំទាល់តែមាន ច្បាប់ ចាំធ្វើទេ ព្រោះអានេះវាគឺជាទឹកចិត្ត និង ភាពស្មោះត្រង់របស់ខ្លួន ចំពោះប្រជារាស្ត្រចំពោះ ប្រទេសជាតិ និងចំពោះសង្គម មានសារសំខាន់ ណាស់។ ចំពោះអ្នកនយោបាយដូចគ្នា យើងបាន ឮហើយ គេថាមានច្បាប់សិន ចាំគេធ្វើ អ៊ីចឹង មានន័យថា បើមិនទាន់មានច្បាប់ គេលួចស៊ី បាន គេលួចសិនទៅ គេបន្លំបាន គេបន្លំសិន ទៅ គេពុករលួយបាន គេពុករលួយសិនទៅ ហើយ ចាំមានច្បាប់ ចាំគេគិត។ អាហ្នឹងខ្ញុំចាត់ទុកថា ពួកអ្នកនយោបាយដែលមានគំនិតទុច្ចរិត គឺ អត់មានភាពស្មោះត្រង់ចំពោះអ្នកគាំទ្ររបស់ ខ្លួន អត់មានភាពស្មោះត្រង់ចំពោះប្រទេសជាតិ របស់ខ្លួនទេ ពីព្រោះការចាប់ផ្តើមបង្ហាញភាព ស្អាតស្អំ មិនចាំបាច់ទាល់តែមានច្បាប់តម្រូវទេ  គឺយើងត្រូវស្គាល់កាតព្វកិច្ចរបស់យើងជាអ្នក បម្រើសង្គម ជាអ្នកបម្រើប្រទេសជាតិ ជាអ្នក បម្រើពលរដ្ឋ។ ប៉ុន្តែចំពោះពលរដ្ឋ ខ្ញុំស្នើសុំឱ្យ ពិចារណាមើលពីបេក្ខភាពរបស់អ្នកនយោបាយ ដែលខ្លួនគាំទ្រ។ បើអ្នកនយោបាយណាដែលសូម្បី តែទ្រព្យសម្បត្តិក៏មិនហ៊ានប្រកាសដែរ ហើយ ពេលដែលខ្លួនប្រកាសខ្លួនជាបេក្ខភាពសម្រាប់តំណាងរាស្ត្រ សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឬ សម្រាប់បេក្ខជននាយករដ្ឋមន្ត្រី ប៉ុន្តែមានគំនិត លាក់លៀម សូម្បីតែទ្រព្យសម្បត្តិ ប្រាក់ចំណូល ចំណាយផ្ទាល់ខ្លួន ក៏មិនហ៊ានប្រកាសដែរហ្នឹង គឺសូមឱ្យពលរដ្ឋកុំរើសអ្នកនយោបាយបែបហ្នឹង កុំគាំទ្រអ្នកនយោបាយបែបហ្នឹង នៅក្នុងក្រុម បក្សណាក៏ដោយ គឺកុំយកពួកអ្នកនយោបាយ បែបហ្នឹងមកធ្វើជាតំណាងរបស់ខ្លួន ពីព្រោះ បើយើងបោះឆ្នោតបញ្ជូនបុគ្គលដែលមានគំនិត ទុច្ចរិត បុគ្គលដែលមិនស្មោះត្រង់ហ្នឹងឡើងទៅ កាន់តំណែងក្នុងរដ្ឋសភា ក្នុងក្រុមប្រឹក្សាឃុំ- សង្កាត់ ឬទៅធ្វើជានាយករដ្ឋមន្ត្រី គឺមានគំនិត ទុច្ចរិត តាំងតែពីពេលដែលប្រកាសបេក្ខភាពមិន ហ៊ានប្រកាសទ្រព្យសម្បត្តិ មិនហ៊ានប្រកាស ប្រាក់ចំណូលប្រាក់ចំណាយរួចទៅហើយនោះ គឺមានន័យថា បុគ្គលហ្នឹងអត់ស្មោះត្រង់នឹងខ្លួន ទេ”។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា គណបក្ស សង្គ្រោះជាតិ ទាមទារឱ្យមានការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ តាំងពីច្បាប់ប្រឆាំងអំពើពុករលួយ ទើបបង្កើតឡើង ប៉ុន្តែគណបក្សប្រជាជនកម្ពុជា មិនព្រម។ ដោយឡែក ពេលនេះ គណបក្សសង្គ្រោះជាតិ បានដាក់គោលនយោបាយរួចហើយថា អ្នកពាក់ព័ន្ធត្រូវប្រកាសទ្រព្យសម្បត្តិ គឺប្រកាសជាសាធារណៈ ហើយគោល នយោបាយនេះ នឹងដាក់ឱ្យអនុវត្តន៍ពេលគណបក្សប្រឆាំងនេះឈ្នះការបោះឆ្នោត។ បានន័យ ថា គណបក្សចូលរួម ដើម្បីកែច្បាប់ឱ្យអ្នកនយោ- បាយប្រកាសទ្រព្យសម្បត្តិជាសាធារណៈអត់ មានជំទាស់អីទេ ដឹងតែធ្វើឱ្យបាន ហើយឱ្យ បានឆាប់ទៀតផង។ ប៉ុន្តែគណបក្សរង់ចាំមាន ច្បាប់សិន ទើបអនុវត្ត។

តំណាងរាស្ត្រម្នាក់របស់គណបក្សសង្គ្រោះ- ជាតិ គឺលោកលិម គិមយ៉ា កាលពីថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១៦ ក៏បានធ្វើលិខិតទៅអង្គការគណ- នេយ្យភាពកម្ពុជា ដោយបញ្ជាក់ថា លោក អនុញ្ញាតឱ្យអង្គការនេះសម្ភាស និងថតផ្សព្វ- ផ្សាយព័ត៌មានស្តីពីការប្រកាសទ្រព្យសម្បត្តិ របស់លោកតាមគ្រប់រូបភាព ដើម្បីបង្ហាញសុចរិត- ភាពរបស់លោកចំពោះប្រជាពលរដ្ឋខ្មែរ។

លោកលិម គិមយ៉ា បានបញ្ជាក់នៅក្នុង លិខិតនោះថា “ខ្ញុំសង្ឃឹមថា អ្នកដឹកនាំផ្សេង ទៀត នៅក្នុងអង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការនឹងមានភាពក្លាហានបង្ហាញសុចរិតភាព ក្នុងការដឹកនាំដល់ប្រជាពលរដ្ឋខ្មែរ តាម រយៈការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្ត តាមប្រព័ន្ធអ៊ីនធើរណេត ដូចរូបខ្ញុំដែរ”។

ទោះយ៉ាងណា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ ថា តម្លាភាពឬមិនតម្លាភាព មិនមែនមកពីការ ប្រកាសទ្រព្យសម្បត្តិទេ បានតម្រូវតាមតែគោល- ការណ៍ច្បាប់ ដែលមានរួចហើយប៉ុណ្ណោះ។

លោកសុខ ឥសាន បានមានប្រសាសន៍ ថា “ការស្នើយ៉ាងណា វាអាស្រ័យទៅលើការគិត ឃើញផ្ទាល់របស់គាត់តែប៉ុណ្ណោះទេ ក៏ប៉ុន្តែយើង ឃើញហើយ ច្បាប់បោះឆ្នោតបានសម្រេចរួច ហើយ កំពុងតែស្ថិតនៅជាធរមាន។ អ៊ីចឹងយើង ទាំងអស់គ្នា ត្រូវគោរពច្បាប់ដែលជាធរមាន ហ្នឹងឯង មិនអាចធ្វើអ្វីខុសពីច្បាប់បានទេ ហើយ ការស្នើរបស់គាត់នេះ ខ្ញុំយល់ថា វាគ្មានចែង នៅក្នុងច្បាប់ទេ។ វាអត់មាន ពីព្រោះច្បាប់ធ្វើ រួចហើយ។ តម្លាភាពឬមិនតម្លាភាព វាមិនមែន មកពីការប្រកាសទ្រព្យសម្បត្តិទេ។ ទ្រព្យសម្បត្តិ គេមានហើយសម្រាប់តែអ្នកជាប់ឆ្នោត ហើយ មានតួនាទីដែលល្មមសមរម្យដែលត្រូវគោរព ច្បាប់ហ្នឹងឯង។ គណបក្សមិនបានគិតពិចារណា រឿងហ្នឹងទេ ការលើកឡើងរបស់អង្គការសង្គម ស៊ីវិលហ្នឹង គ្រាន់តែការគិតឃើញរបស់គាត់ទេ  យើងមិនអាចតម្រូវតាមចិត្តគាត់ទេ យើងតម្រូវ តាមតែគោលការណ៍ច្បាប់ដែលមានរួចហើយ។ គំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ឬមតិផ្ទាល់ខ្លួនរបស់ខ្ញុំ វាមិនអាចយកជាការបានទេ ព្រោះខ្ញុំក៏គិតទៅ តាមច្បាប់ហ្នឹងដែរ ហើយបើថាច្បាប់មានប៉ុន្មាន យើងគោរពទៅតាមច្បាប់ប៉ុណ្ណឹង។ បើសិនណា ជាអង្គនីតិប្បញ្ញត្តិ និតីប្រតិបត្តិ យល់ឃើញ ថា ចាំបាច់ត្រូវធ្វើវិសោធនកម្ម អាហ្នឹងតាមនីតិវិធី ក្នុងការធ្វើវិសោធនកម្មច្បាប់ ហើយបើថា គិត ឃើញមិនទាន់មានលក្ខខណ្ឌចាំបាច់ទេ អាហ្នឹង ក៏មិនទាន់អាចធ្វើវិសោធនកម្មដែរ”។

ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច ដែល មានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា ព្រះប្រធាន និងគណបក្សខ្មែររួមរួមជាតិ ដែល មានលោកញឹក ប៊ុនឆៃ ជាប្រធាន ព្រមទាំង គណបក្សនយោបាយមួយចំនួនទៀត មិនអាច ទាកទងសុំមតិយោបល់ជុំវិញបញ្ហានេះបានទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ថា កន្លងមកនេះ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) ធ្លាប់បកស្រាយថា ការ ប្រកាសទ្រព្យសម្បត្តិដោយអសាធារណៈនៅពេល បច្ចុប្បន្ននេះ គឺគ្រប់គ្រាន់ហើយក្នុងការប្រឆាំង អំពើពុករលួយ ព្រោះការប្រកាសជាធារណៈនាំ ឱ្យបារម្ភពីសុវត្ថិភាពរបស់ម្ចាស់ទ្រព្យសម្បត្តិទាំង នោះ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES