ខេត្តពោធិ៍សាត់ៈ ស្ថានភាពជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ ដែលសម្រុកបុកពីក្បាលស្ទឹងទាំងបី នៅប៉ែកខាងលើ នៃស្រុកភ្នំក្រវាញ និងស្រុកវាលវែង រួមមានស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងពោធិ៍សាត់ បាននិងកំពុងជន់លិចក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ពិសេសចំណុចព្រៃញី ក្បាលហុង និងលលកស ខណ:ដែលមន្ទីរធនធានទឹកនិងឧតុនិយម បានជូនដំណឹងពីស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងដល់កម្រិត ប្រកាសអាសន្ន ។

នៅវេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការយកចិត្តទុកដាក់ខ្ពស់ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ទប់ទឹក និងជម្លៀសប្រជាពលរដ្ឋដែលប្រ ឈមខ្លាំង ឱ្យមកកាន់ទីទួលសុវត្ថិភាព។
ជុំវិញគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនេះ លោកអភិបាលខេត្ត បានបញ្ជាក់អំពីស្ថានភាពទឹក អាចបន្តជន់លិច ចន្លោះពី២ថ្ងៃ និងអាចបែកវាលស្រកចុះទៅវិញ ជាបន្តបន្ទាប់ ប្រសិនបើស្ថានភាពក្បាលស្ទឹងធំ ទាំងបី នៅប៉ែកខាងលើ គ្មានភ្លៀងធ្លាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងជា ពិសេសនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់គ្រប់គ្រងកូនចៅ ទ្រព្យសម្បត្តិមានតម្លៃ ក៏ដូចជាសត្វពាហនៈ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ ឬបាត់បង់ជាយថាហេតុ។
ជាមួយគ្នានោះ អាជ្ញាធរខេត្ត បានត្រៀមទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ នៅទីស្នាក់ការគណ បក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

បន្ថែមពីលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយណែនាំកូនចៅតូចៗ កុំឱ្យលេងទឹក និងត្រូវរៀបចំទុកដាក់សម្ភារៈ ឯកសារសំខាន់ៗ ឱ្យបានត្រឹមត្រូវ។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តពោធិ៍សាត់ លេខ៧០២៧/២៥ សជណ.ខពស ចុះថ្ងៃព្រហស្បតិ៍១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីស្ថានភាពទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្ន ស្ទឹងពោធិ៍សាត់ មានកម្រិតកម្ពស់ទឹក ៥.៥ម៉ែត្រ និងមានការកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយណែនាំកូនចៅតូចៗ កុំឱ្យលេងទឹក និងត្រូវរៀបចំទុកដាក់សម្ភារៈ ឯកសារសំខាន់ៗ ឱ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព ត្រូវយក ចិត្តទុកដាក់ជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពល រដ្ឋដែលងាយរងគ្រោះ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់លើសុខភាព អនាម័យ ដើម្បីចៀសវាងពីជំងឺឆ្លងផ្សេងៗ។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព និងសាធារណជន មេត្តាជ្រាប និងចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តពោធិ៍សាត់ ចុះថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ រួចមក ឃើញថា ខេត្តពោធិ៍សាត់ បានទទួលឥទ្ធិពលពីខ្យល់មូលសុង មានល្បឿនពី ២ទៅ ៥ម៉ែត្រ/វិនាទី មានភ្លៀងធ្លាក់ពីតិច ទៅច្រើន គ្រប់ដណ្តប់ស្ទើរគ្រប់ទីកន្លែង ទូទាំងខេត្តពោធិ៍សាត់ ដែលជាហេតុបង្កមានជំនន់ទឹកភ្លៀង ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់ ផ្គររន្ទះ ពីតិចទៅច្រើន ។
ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កម្ពស់ទឹកបានកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន ។

ដើម្បីត្រៀមលក្ខណ:ការពារគ្រោះធម្មជាតិទឹកជំនន់ តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាស ធាតុរួច មកឃើញថា មានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់ មកលើដងស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កឲ្យមានទឹកជំនន់ នៅក្នុង ខេត្តពោធិ៍សាត់។

យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹងដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀស វាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀ សប្រជាពលរដ្ឋដែលងាយរងគ្រោះ៕
