ភ្នំពេញ៖ពេជ្រ សូលីកា ធ្វើឲ្យFan សម្ដែងការអាណិតអាសូដល់នាងព្រោះតែគេឃើញរូបភាពដែលអ្នកមេម៉ាយរូបស្រស់នេះយំសម្រក់ទឹកភ្នែកនៅចំពោះមុខកូនប្រុស។គ្រប់គ្នាអាចដឹងថាទោះជាសូលីកា បង្ហាញភាពរីករាយនៅលើឆាកតន្រ្ដីយ៉ាងណាក៍នាងនៅតែអាលោះអាល័យដល់អតីតគូដណ្ដឹងដែរក្រោយចែកផ្លូវគ្នាបន្សល់កូនប្រុស១នេះ។ប៉ុន្ដែអ្នកខ្លះសង្ស័យថាទឹកភ្នែកនាងដែលហូនាពេលនេះអាចជាការនឹកអាណិតដល់ម្ដាយដែលជាប់ពន្ធនាគារយៈពេល១២ឆ្នាំនោះច្រើនជាងអាល័យឪពុកកូនប្រុសនាង ព្រោះតាមច្បាប់សូលីកា នឹងបានជួបម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង វិញទាល់តែដល់ឆ្នាំ២០៣៣ ឯណ្ណោះ។

គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានធ្វើឲ្យទីផ្សារចម្រៀងនាងលោតឡើងបន្ដិចវិញ ក្រោយនាងចែកផ្លូវលោកគឹម ហាន កាលពីខែកក្កដា ឆ្នាំ២០២២ ព្រោះពេលនេះនាងមានឱកាសចេញច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីធំៗ ដោយនាងអះអាងថាប្រឹងរកលុយចិញ្ចឹមកូនផង ប្អូនផង ខណៈដែលមុននេះគេឃើញនាងក៍បានបណ្ដុះប្អូនស្រីដែលមានត្រេមុខស្រដៀងនាងនោះឲ្យចូលរាំអមនាងលើឆាកផងដែរ។

ប៉ុន្ដែអ្នកមេម៉ាយសូលីកា មិនមែនធ្លាក់ខ្លួននោះទេ ព្រោះនាងនៅតែជិះរថយន្ដទំនើបៗដូចមុន និងរស់នៅបន្ទប់ខុនដូប្រណិតដដែល ខណៈដែលថ្មីៗនេះនាងក៍បានបង្ហាញគូស្នេហ៍ថ្មីទៀតផង ដែលបុរសនោះមិនមែនជាអ្នកលេងម៉ូដសាក់លោកថុល សុភិទិ ដូចគេសង្ស័យនោះទេ តែជាកូនចៅកាត់ចិនមានទ្រព្យស្ដុកម្នាក់ ស្របពេលដែលកូនមន្រ្ដីធំផ្កាយ២បានងាកទៅបង្កាត់ភ្លើងស្នេហាជាមួយអ្នកមេម៉ាយសាច់សខ្ចីជាងស្រីពេជ្រ នោះគឺជាអ្នកលក់Online ម្នាក់ផ្សេងទៀត។យ៉ាងណាសូលីកា នៅតែមានជម្រើសស្នេហ៍ច្រើន ព្រោះបុរសទាំងក្នុងនិងក្រៅស្រុកចាំត្រងស្នេហានាង ប៉ុន្ដែមើលទៅនាងមិនទាន់អាចកាត់ចិត្តពីអតីតគូដណ្ដឹងរបស់នាងបានទាំងស្រុងនៅឡើយទេ។

ក្រៅពីពេជ្រ សូលីកា តារាដែលធ្លាក់ខ្លួនមេម៉ាយតែនៅមានយីអ៊ុនល្អក្នុងសិល្បៈមានដូចជាអ្នកនាងសុខ ស្រីនាង,សុខ សោម៉ាវត្តី និងកែវ និសា ជាដើម។មហាជនរងចាំមើលថាតើសូលីកា នឹងចង់កប់ចោលស្រមោលស្នេហ៍ចាស់ តាមរយៈការដឹកដៃប្រុសស្នេហ៍ថ្មីក្រាបផ្ទឹមក្នុងក្ដីស្រម៉ៃបានដូចបំណងដែរឬទេ?

