ភ្នំពេញ ៖ យុវជនម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក អស់សាច់ក្លែម បែកគំនិតដើរទៅចាប់សត្វឆ្កែរបស់ខ្លួន ដើម្បីយកមកកាប់ធ្វើម្ហូបក្លែមបន្ត តែបែរជាត្រូវសត្វឆ្កែនោះខាំ បណ្តាលឱ្យប្រកាច់បែកពពុះមាត់ ផ្អើលឆោឡោដល់ក្រុមគ្រួសារ ទាក់ទងហៅក្រុមកងសង្គ្រោះ៧១១ មកជួយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
យុវជនរងគ្រោះ ដែលត្រូវឆ្កែខាំ បណ្តាលប្រកាច់បែកពពុះមាត់ មានឈ្មោះសាក់ ផាន់ណារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ចំណែកសត្វឆ្កែដែលខាំម្ចាស់ខ្លួនឯងនោះ គឺជាសត្វឆ្កែញី។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ជនរងគ្រោះធ្លាប់ត្រូវសត្វឆ្កែដដែលនោះ ខាំចំនួន៣ដងមកហើយ តែមិនដែលបានទៅមន្ទីរពេទ្យ ចាក់ថ្នាំការពារម្តងណាឡើយ អាងតែសត្វឆ្កែរបស់ខ្លួនឯងចិញ្ចឹមនៅផ្ទះ លុះដល់ពេលខាំលើកទី៣ ស្រាប់តែមានអាការបែបនេះតែម្តង។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានជួបជុំគ្នាផឹកស្រា រហូតដល់ស្រវឹង អស់សាច់ក្លែម ក៏បែកគំនិតដើរទៅចាប់សត្វឆ្កែ ១ក្បាល ដែលថ្លាប់ខាំខ្លួន២ដងមកហើយ បំណងវាយសម្លាប់ កាប់ធ្វើម្ហូប ដើម្បីក្លែមស្រាបន្តទៀត ស្រាប់តែត្រូវសត្វឆ្កែនោះខាំ បណ្តាលឱ្យរបួសធ្ងន់ រយះម្រាមដៃស្ទើរគ្រប់ម្រាម។
ប្រភពខាងលើ បានឱ្យដឹងបន្តទៀតថា បន្ទាប់មក យុវជនរងគ្រោះ បានជូតឈាមមុខរបួសស្អាត ហើយក៏ដើរទៅអង្គុយលេងនៅផ្ទះម្តាយមីងរបស់ខ្លួន ស្រាប់តែក្រោយមក ជនរងគ្រោះបានស្រែកលូដូចសត្វឆ្កែ ថែមទាំងសង្គ្រឺតធ្មេញរហូត រួចក៏ប្រកាច់បែកពពុះមាត់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាចាប់ជនរងគ្រោះចង ហើយទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ ភ្លាមៗតែម្តង ។
បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាយកដំបងទៅវាយសម្លាប់សត្វឆ្កែនោះ រួចច្រកបាវ ខ្លាចក្រែងវាខាំអ្នកផ្សេងបន្តទៀត នាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។ ដោយឡែក ជនរងគ្រោះ ត្រូវបានក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ ចុះមកជួយអន្តរាគមន៍ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះភ្លាមៗ៕