ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា អាកាសធាតុអាចចុះត្រជាក់ពីកម្រិតមធ្យម ទៅខ្លាំង ក្នុងនោះតំបន់ខ្លះអាចចុះត្រជាក់ដល់ ១៥អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករា នេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន បក់ក្នុងល្បឿនពីមធ្យម ទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១- តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២២អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣អង្សាសេ
– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។
២- តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ១៥-២០អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១អង្សាសេ
– ធាតុអាកាសអាចចុះត្រជាក់ពីមធ្យម ទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧អង្សាសេ នៅពេលព្រឹក និងនៅពេលយប់។
៣- តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេ
– នឹងអាចមានខ្យល់បក់បោកលាយឡំនឹងរលកសមុទ្រខ្ពស់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនសាធារណជន បន្តបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពចុះត្រជាក់៕