បាត់ដំបង ៖ គូស្នេហ៍សកម្មជនបរិស្ថាន នៃក្រុមយុវជនខ្មែរថាវរៈ គឺយុវជន ហ៊ុន វណ្ណៈ និងយុវតី ឈឿន ដារ៉ាវី ដែលធ្លាប់ធ្វើការងារសង្គមជាមួយគ្នា និងធ្លាប់ជាប់ពន្ធនាគារដូចគ្នា បានដឹកដៃគ្នារៀបការតាមប្រពៃណី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅបុរីរស្មីបាត់ដំបង ស្ថិតនៅភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមការអញ្ជើញចូលរួមពីភ្ញៀវកិត្តិរាប់រយនាក់ ដែលជាភាគច្រើនជាមិត្តភក្ដិធ្វើការលើវិស័យបរិស្ថាន អ្នកតស៊ូមតិ និងអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ជាដើម ។

លោកហ៊ុន វណ្ណៈ ដែលជាកូនកំលោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃចូលរោងការ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ថា លោកពិតជាមានក្ដីរំភើបរីករាយខ្លាំងណាស់ ដែលបានរៀបការជាមួយយុវតី ឈឿន ដារ៉ាវី ព្រោះលោកបានមានទំនាក់ទំនង មើលចិត្តនាងអស់រយៈពេល៥ឆ្នាំមកហើយ ហើយលោកថា អ្វីដែលលោកពេញចិត្តនាង ដោយសារនាងមានចិត្តក្លាហាន និងបានធ្វើកិច្ចការងារសង្គម បរិស្ថាន ជាមួយគ្នា ជាពិសេសធ្លាប់ជាប់ពន្ធនាគារជាមួយគ្នា ក្នុងនាមយុវជនខ្មែរថាវរៈ ។

លោកហ៊ុន វណ្ណៈ បាននិយាយថា “បាទបង! ហ្នឹងហើយ តាមពិតទៅ ពួកយើងស្គាល់គ្នា តាំងពី២០១៨ ឯណោះ ។ អ៊ីចឹងមកដល់ថ្ងៃនេះ ២០២៣ វាជិត៥ឆ្នាំហើយ ហើយខ្ញុំពេញចិត្តគាត់ត្រង់ដែលយើងមានឆន្ទៈដូចគ្នា យើងចង់ជួយប្រទេសជាតិដូចគ្នា ហើយអត្តចរិតដែលថា ខ្ញុំពេញចិត្តគាត់ខ្លាំងមែនទែននោះ គឺគាត់ត្រង់ គាត់ឃើញអីនិយាយហ្នឹង ហើយមើលទៅដូចថា ដំបូងយើងធ្វើការជាមួយគ្នា គ្រាន់តែជាមិត្តរួមការងារនឹងគ្នាទេ ដល់ពេលស្គាល់គ្នាយូរទៅ បានមើលឃើញថា ហាក់ដូចជារស់នៅចុះសម្រុងគ្នាកាន់តែច្រើនទៅៗ ក៏សម្រេចចិត្តមានទំនាក់ទំនង ហើយក៏រៀបអាពាហ៍ពិពាហ៍តែម្ដង“ ។

ចំណែកកញ្ញាឈឿន ដារ៉ាវី ដែលជាកូនក្រមុំ «នគរធំ» មិនអាចទាក់ទងសុំយោបល់បានទេ ប៉ុន្តែមុនថ្ងៃរៀបការប៉ុន្មានថ្ងៃ នាងបានបញ្ជាក់ថា នាងខ្លួនឯងក៏មិននឹកស្មានដល់ថា ទីបំផុតកូនកំលោះរបស់នាង ជាយុវជនហ៊ុន វណ្ណៈ សោះ។ ដារ៉ាវី បញ្ជាក់ថា នាងស្រឡាញ់ហ៊ុន វណ្ណៈ ត្រង់គាត់ជាមនុស្សតស៊ូ ហើយស្មោះត្រង់ ជាពិសេសសំខាន់ជាមនុស្សស្រឡាញ់ជាតិហើយលះបង់ដើម្បីជាតិ។

ដោយឡែក សម្រាប់មិត្តភក្ដិដែលជាសកម្មជនបរិស្ថាន ធ្លាប់រួមការងារសង្គមជាមួយ កូនកំលោះនិងកូនក្រមុំ ដែលរៀបការ ក្រាបសំពះផ្ទឹម ញញឹមទទួលផ្កាស្លា ឲ្យពរជ័យពីចាស់ទុំមេបា ឪពុកម្ដាយទាំងសងខាង នៅថ្ងៃនេះ (២៨ មករា) បានលើកឡើងថា កូនកំលោះនិងកូនក្រមុំ ពិតជាស័ក្ដិសមគ្នា ទាំងរូបសម្បត្តិ សមត្ថភាព និងភាពក្លាហានក្នុងការងារសង្គម ។

លោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាសកម្មជនបរិស្ថាន បានលើកឡើងថា អ្នកដែលធ្វើការ មានទស្សនទាននិងគំនិតប្រហាក់ប្រហែលគ្នា ដូចហ៊ុន វណ្ណៈ និងឈឿន ដារ៉ាវី ហើយបានរៀបការជាមួយគ្នា ជារឿងមួយល្អមែនទែន ។ ដូច្នេះលោកសូមអបអរសាទរ និងជូនពរពួកគេ រស់នៅជាមួយគ្នាដោយសុភមង្គល និងអាចសហការគ្នាជាដៃគូដ៏ល្អក្នុងការបំពេញបេសកកម្មការពារផលប្រយោជន៍សង្គម ការពារផលប្រយោជន៍រួមរបស់ជាតិ តទៅទៀត ។

លោកហេង គឹមហុង បានបញ្ជាក់ថា “បាទ! ខ្ញុំចូលរួមអបអរសាទរដល់លោកហ៊ុន វណ្ណៈ ហើយនិងកញ្ញាឈឿន ដារ៉ាវី ដែលបានរៀបអាពាហ៍ពិពាហ៍ ។ ខ្ញុំគិតថា ជាការស័ក្ដិសម ដែលពួកគេអាចរៀបការជាមួយគ្នា ជាពិសេសអ្នកដែលធ្វើការ មានទស្សនទាននិងគំនិតប្រហាក់ប្រហែលគ្នា ហើយអាចរស់នៅជុំគ្នាជាគ្រួសារ ជារឿងមួយល្អមែនទែន ។ ក្នុងនាមខ្ញុំជាសកម្មជនបរិស្ថានម្នាក់ និងជាអ្នកធ្វើការស្រាវជ្រាវ សង្គមស៊ីវិល ខ្ញុំក៏ចូលរួមអបអរសាទរដល់អ្នកទាំងពីរ ហើយជូនពរឲ្យពួកគេអាចរស់នៅជាមួយគ្នា ហើយនិងអាចសហការគ្នាជាដៃគូដ៏ល្អក្នុងការបំពេញបេសកកម្មការពារផលប្រយោជន៍សង្គម ការពារផលប្រយោជន៍រួមរបស់យើងតទៅទៀត“ ។

លោកសាន់ ម៉ាឡា មន្ត្រីតស៊ូមតិរបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាសកម្មជនបរិស្ថាន បានលើកឡើងថា លោកហ៊ុន វណ្ណៈ និងកញ្ញាឈឿន ដារ៉ាវី គឺជាដៃគូ ជាក្រុមការងារ ដែលសកម្ម និងប្រឡូកក្នុងការងារសង្គម ការងារបរិស្ថាននេះ អស់រយៈកាលច្រើនឆ្នាំមកហើយ ។ ដូច្នេះលោកគិតថា អ្នកទាំងពីរបានធ្វើការស្វែងយល់ចិត្តគ្នា ហើយអ្នកទាំងពីរប្រាកដជាមានចំណុចដូចគ្នាច្រើន ទើបអាចដឹកដៃគ្នាចូលរោងការបែបនេះ ។

លោកសាន់ ម៉ាឡា បានបញ្ជាក់ថា “បាទ! ខ្ញុំសូមធ្វើការអបអរសាទរដល់កញ្ញាឈឿន ដារ៉ាវី និងលោកហ៊ុន វណ្ណៈ ដែលគាត់នឹងចាប់ដៃគ្នា ក្លាយជាប្ដីប្រពន្ធស្របច្បាប់នៅថ្ងៃនេះ ហើយលោកហ៊ុន វណ្ណៈ និងកញ្ញាឈឿន ដារ៉ាវី គឺជាដៃគូ ជាក្រុមការងារ ដែលគាត់សកម្ម និងប្រឡូកក្នុងការងារសង្គម ការងារបរិស្ថាននេះ អស់រយៈកាលច្រើនឆ្នាំមកហើយ ហើយខ្ញុំគិតថា អ្នកទាំងពីរបានធ្វើការស្វែងយល់ចិត្តគ្នា អ្នកទាំងពីរប្រាកដជាមានចំណុចដូចគ្នាច្រើន ទើបអាចដឹកដៃគ្នាចូលរោងការបែបនេះ ហើយសូមជូនពរពួកគាត់ឲ្យស្រឡាញ់គ្នារហូតចាស់កោងខ្នង មានកូនចៅច្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ“ ។

លោកកើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ និងជាអតីតសង្ឃដែលធ្លាប់ធ្វើការងារបរិស្ថាន និងធ្លាប់សមាជិកក្រុមខ្មែរថាវរៈ បានលើកឡើងថា ជាការស័ក្ដិសមណាស់ ដែលលោកហ៊ុន វណ្ណៈ និងឈឿន ដារ៉ាវី សុទ្ធតែជាអ្នកមានឆន្ទៈ នឹងមនសិការគិតគូរពីបញ្ហាជាតិនេះ ហើយរស់នៅជាមួយគ្នា ។ លោកជឿថា ពួកគាត់នឹងនៅតែបន្តឆន្ទៈនេះ លះបង់ជួយជាតិ ព្រោះពួកគេសុទ្ធតែជាអ្នកចូលចិត្តគិតគូរកិច្ចការសង្គមជាតិដូចគ្នា ។

លោកកើត សារ៉ាយ បានបញ្ជាក់ថា “នាមខ្ញុំជាសកម្មជនធ្លាប់ធ្វើកិច្ចការងារជុំគ្នានៅជាមួយនឹងក្រុមខ្មែរថាវរៈ ជុំគ្នាកន្លងមក ហើយឃើញពួកគាត់មានការស្រឡាញ់ និងវិវត្តទៅរកការរស់នៅនៅក្នុងខ្សែជីវិតមួយរបស់មនុស្សពីរនាក់ ខ្ញុំមានអារម្មណ៍រំភើប ហើយចូលរួមត្រេកអរសម្រាប់ពួកគាត់ ហើយជាពិសេសខ្ញុំគិតថា វាជាការស័ក្ដិសមណាស់ ដែលពួកគាត់សុទ្ធតែជាអ្នកមានឆន្ទៈ នឹងមនសិការគិតគូរពីបញ្ហាជាតិមាតុភូមិ បញ្ហាប្រទេសនេះ ហើយរស់នៅជាមួយគ្នា ខ្ញុំជឿថា ពួកគាត់នឹងនៅតែបន្តឆន្ទៈហ្នឹងបាន ។

ដូចយើងដឹងហើយ បើសិនជាប្ដីមានឆន្ទៈចង់លះបង់ជួយជាតិ តែបើប្រពន្ធអត់ចង់ អាហ្នឹងក៏ប្ដីពិបាកធ្វើដែរ តែនេះទាំងប្ដី ទាំងប្រពន្ធ គឺសុទ្ធតែជាអ្នកចូលចិត្តគិតគូរកិច្ចការសង្គមជាតិដូចគ្នា ។ ដូច្នេះខ្ញុំជឿជាក់ថា សម្រាប់ពួកគាត់ពីរនាក់ នឹងល្អប្រសើរ ហើយខ្ញុំចូលរួមត្រេកអរមែនទែនសម្រាប់ពួកគាត់ ។ ហើយមួយទៀត ខ្ញុំចង់បញ្ជាក់ផងដែរថា សម្រាប់ការធ្វើកិច្ចការងារសង្គមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រាល់ថ្ងៃនេះ នៅពេលដែលមានគ្រួសារ គឺវាតែងមិនមែនខ្លាំងក្លាដូចកាលខ្លួនឯងនៅលីវ ។ ជាក់ស្ដែងដូចខ្ញុំលើកឡើងអ៊ីចឹងថា បើប្ដីចង់ធ្វើ ហើយប្រពន្ធខ្លាច បារម្ភ អាហ្នឹងក៏លំបាកធ្វើដែរ តែបើសិនជាប្ដីនិងប្រពន្ធសុទ្ធតែជាអ្នកយល់ អ្នកគិតគូរពីបញ្ហាសង្គមជាតិដូចគ្នានោះ ខ្ញុំជឿជាក់ថា ឥទ្ធិពលនិងកម្លាំងក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមជាតិក៏កាន់តែខ្លាំងដែរ“ ៕ កុលបុត្រ