ភ្នំពេញ ៖ ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ ចាក់និងអារកសម្លាប់ស្ត្រីរូបស្រស់ម្នាក់ ជាអ្នកប្រកបរបររកស៊ីទទួលបញ្ចាំ (កុងស៊ី) នៅកាស៊ីណូណាហ្គាវើលដ៍១ ប្លន់ប្រាក់ប្រមាណជាង៦០ម៉ឺនដុល្លារ នៅក្នុងបន្ទប់ទឹកជាន់ទី១ នៃអគារកាស៊ីណូណាហ្គាវើលដ៍១ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ នោះ គិតមកដល់ពេលនេះ មានរយៈពេលប្រមាណកន្លះខែមកហើយ ដែលឃាតករកំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់ ដោយសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនបាននៅឡើយ ធ្វើឲ្យព្រលឹងស្ត្រីរងគ្រោះ នៅវិលវល់ ក៏បានមកចូលសណ្ឋិតក្នុងរាងកាយកូនស្រីបង្កើតរបស់ខ្លួន ទួញយំរៀបរាប់ប្រាប់ប្តី និងឪពុកម្តាយសាច់ញាតិ ពីការឈឺចាប់ និងក្តីនឹករលឹករបស់ខ្លួន ចំពោះក្រុមគ្រួសារ ពិសេសកូនៗទាំង៣នាក់។

គួរបញ្ជាក់ថា ស្ត្រីរងគ្រោះដែលត្រូវឃាតករចាក់ និងអារកសម្លាប់ ប្លន់ទ្រព្យសម្បត្តិនោះ មានឈ្មោះអ៊ឹង ជុងហ្គិច អាយុ៣៧ឆ្នាំ ប្រកបរបរជាអ្នកទទួលបញ្ចាំ នៅក្នុងកាស៊ីណូណាហ្គាវើលដ៍១ មានស្វាមីឈ្មោះចាន់ សួរ ជាមន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងមានតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។ ស្ត្រីរងគ្រោះ ត្រូវបានឃាតករដៃឆៅ ចាក់ប្រហារជាច្រើនកាំបិត និងអារក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ទឹកជាន់ទី១ នៃអគារកាស៊ីណូណាហ្គាវើលដ៍១ កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយករណីនេះ ត្រូវបានសង្ស័យថា ជាករណីប្លន់ទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារ។
ជុំវិញករណីឃាតកម្មនេះ ខណៈដែលជនដៃដល់ជាឃាតករ នៅមិនទាន់ត្រូវបានសមត្ថកិច្ចស្វែងរកឃើញនិងចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់នៅឡើយនោះ ក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ បានពឹងពរឱ្យគ្រូបញ្ជាន់រូប ជួយអន្ទងព្រលឹងរបស់ស្ត្រីរងគ្រោះ (អ៊ឹង ជុងហ្គិច) មកជួបក្រុមគ្រួសារ ដើម្បីបានសួរនាំ និងផ្តាំផ្ញើឱ្យអស់ចិត្តជាលើកចុងក្រោយ បន្ទាប់ពីស្ត្រីរងគ្រោះ បានបាត់បង់ជីវិតទាំងក្មេងវ័យ និងមិនបានលាក្រុមគ្រួសារ ឪពុកម្តាយ ប្តី ពិសេសកូនទាំង៣នាក់ (ស្រី១ ប្រុស២) សូម្បី១ម៉ាត់។

កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ គ្រូបញ្ជាន់រូប ទស្សន៍ទាយម្នាក់ ឈ្មោះឆុង ស្រីណែត បានធ្វើការឡាយវីដេអូ ដោយបង្ហាញពីទិដ្ឋភាពនៃព្រលឹងស្ត្រីរងគ្រោះឈ្មោះអ៊ឹង ជុងហ្គិច បានចូលសណ្ឋិតក្នុងខ្លួនកូនស្រីបង្កើតរបស់ខ្លួន ដោយមានបុរសជាប្តី ឪពុកម្តាយ សាច់ញាតិ ក្រុមគ្រួសារ ទាំងសងខាង រួមទាំងកូនប្រុស២នាក់ទៀត។
បើតាមគ្រូស្ត្រី ដែលជាអ្នករៀបចំពិធីអន្ទងព្រលឹងស្ត្រីរងគ្រោះនោះ បានព្យាយាមបញ្ជាក់ថា ព្រលឹងរបស់ស្ត្រីរងគ្រោះ បានចូលសណ្ឋិតក្នុងខ្លួនកូនស្រីបង្កើតរបស់ខ្លួន ហើយបានអង្គុយពេនភ្នែន ក្នុងទឹកមុខមាំ ដោយគ្រូស្រីរូបនេះ អះអាងថា ព្រលឹងស្ត្រីរងគ្រោះ អ៊ឹង ជុងហ្គិច ខឹងខ្លាំងណាស់ និងមានបំណងចង់សងសឹកចំពោះអ្នកសម្លាប់នាងទៀតផង ហើយព្រលឹងស្ត្រីរងគ្រោះ ព្យាយាមនិយាយ ញ័រដៃជើង តែនិយាយមិនរួច ដោយសារឈឺមុខរបួសត្រង់បំពង់ក និងរាងកាយ ដែលត្រូវឃាតករចាក់ប្រហារ ហើយក្រោយមក បានព្យាយាមនិយាយដែរ តែមិនអាចឲ្យមនុស្សគ្រប់គ្នានៅទីនោះស្តាប់បានឡើយ ដោយគ្រូស្រី បានអះអាងថា ជាសំឡេងផ្លូវក្នុង មានតែខ្លួន (គ្រូស្រី) ទើបស្តាប់បាន និងនិយាយតបទៅព្រលឹងខ្មោចបាន។
គ្រូស្រី បាននិយាយទៅកាន់ព្រលឹងស្ត្រីរងគ្រោះ ឲ្យខំនិយាយទៅកាន់ប្តី ឪពុកម្តាយ និងកូន និងឈប់មានគំនិតចងអាឃាត ចងកម្មចងពារទៅ ដើម្បីឆាប់បានទៅកាន់សុគតិភព ។ ចំណែកស្ត្រីជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះ បុរសជាប្តីស្រ្តីរងគ្រោះ រួមនិងកូនប្រុស ២នាក់ ព្រមទាំងសាច់ញាតិជាច្រើន បាននាំគ្នាទ្រហោយំគួរឱ្យសង្វេគ ដោយការជឿថា ព្រលឹងសពស្ត្រីរងគ្រោះ (អ៊ឹង ជុងហ្គិច) ពិតជាចូលសណ្ឋិតក្នុងរាងកាយក្មេងស្រីជាកូនរបស់ស្ត្រីរងគ្រោះ ប្រាកដមែន។
ចំណែកបុរសជាប្តី បានទ្រហោយំ រៀបរាប់នៅមុខព្រលឹងភរិយារបស់ខ្លួនថា “អូនដឹងទេ បងនឹកអូនណាស់ មិនគួរអូនទៅដោយមិនបានលាសូម្បីមួយម៉ាត់បែបនេះសោះ បងខំធ្វើបុណ្យឧទ្ទិសកុសលឱ្យអូនដែរ តែមិនដឹងថាអូនបានទទួលឬក៏អត់នោះទេ បើអូនទទួលបាន ឬមិនបាន អូនប្រាប់បងផង តែបើសិនជាអូនមិនទាន់ទទួលបានទេ បងនឹងធ្វើបុណ្យឧទ្ទិសឱ្យអូនទៀត អូនបានទទួលអត់? បងអត់ខឹងនឹងអូនទេ បងខឹងខ្លួនឯង បងទេដែលត្រូវសុំទោសអូន ឱ្យបងសុំទោសណាអូនណា អូននិយាយមកណា បងចង់ដឹងពីសុខទុក្ខអូនណាស់ ឮអត់អូន?…”។
យ៉ាងណា ស្ត្រីជាគ្រូរៀបចំពិធីអន្ទងព្រលឹងស្ត្រីរងគ្រាះ បានអះអាងថា ស្ត្រីរងគ្រោះ អ៊ឹង ជុងហ្គិច បាននិយាយប្រាប់គាត់តាមផ្លូវក្នុងថា គាត់ឱ្យម្តាយ មើលថែសុខភាពផង គាត់សុំទោស ដែលគាត់ជាកូន មិនបាននៅមើលថែម្តាយ និងប្រាប់ឱ្យកូនៗចេះស្តាប់ប៉ា ហើយចេះស្តាប់ គ្រួសារ ធំឡើងធ្វើជាក្មេងល្អ និងកុំឆាប់ជឿអ្នកដទៃពេក ធ្វើអ្វីមួយត្រូវប្រយ័ត្នប្រយែង កុំទុកចិត្តអ្នកដទៃច្រើនជាងខ្លួនឯង។

គ្រូស្រី បានបន្តថា ព្រលឹងសព ខឹងនឹងអ្នកប្លន់យកលុយដែលជាកម្លាំងញើសឈាមគាត់ និងចង់បានលុយនោះវិញ ដើម្បីយកមកឱ្យកូន ហើយគាត់ចង់និយាយប្រាប់ប្តីថា ទោះជាមានរឿងអ្វីមួយ ទោះជាមិនអាចដោះស្រាយបានឬក៏យ៉ាងម៉េច ឬក៏មានឧបសគ្គ កាលៈទេសៈណា យូរប៉ុនណាក៏ដោយ គឺប្តីត្រូវធ្វើចិត្តឱ្យរឹងមាំ កុំអស់សង្ឃឹម ហើយកុំទៅតាមគាត់ (ប្តីនិយាយថា ចង់ស្លាប់ទៅតាមប្រពន្ធ) គាត់សុំឱ្យប្តីនៅមើលថែកូនទាំងអស់ ហើយព្រលឹងស្ត្រីរងគ្រោះ ពេលនេះ កំពុងរងការឈឺចាប់ខ្លាំង អាណិតខ្លួនថា ហេតុអីក៏ត្រូវស្លាប់ដោយវេទនាម៉្លេះ? ជាមួយនេះ ព្រលឹងស្ត្រីរងគ្រោះ ក៏បានដាក់បណ្តាសាឱ្យអ្នកដែលសម្លាប់គាត់ វិនាស ស្លាប់តៃហោងដូចគាត់អ៊ីចឹង…។
គួររំឭកថា ស្ត្រីរងគ្រោះ ឈ្មោះអ៊ឹង ជុងហ្គិច ត្រូវបានឃាតករចាក់ និងអារកសម្លាប់ កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ទឹក ជាន់ទី១ អគារណាហ្គាវើលដ៍១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ហើយសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ ហើយត្រូវបានស្វាមី និងក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅក្នុងបរិវេណវត្តទឹកថ្លា នោះតែម្តង។
ករណីឃាតកម្មនេះ ត្រូវបានសង្ស័យថា ជាករណីប្លន់ទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារ ខណៈដែលក្រុមគ្រួសារអះអាងថា ក្រោយប្រទះឃើញសព ទ្រព្យសម្បត្តិ លុយកាក់ និងគ្រឿងអលង្ការនៅលើខ្លួនសព ត្រូវបានបាត់បង់អស់ គ្រាន់តែមិនទាន់អាចកំណត់ច្បាស់នៅឡើយថា មានចំនួនប៉ុន្មានឱ្យប្រាកដ។
ជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ គិតមកដល់ពេលនេះ សមត្ថកិច្ចជំនាញ កំពុងបន្តស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនមុខសញ្ញាជនសង្ស័យជាឃាតករ បន្ទាប់ពីមានការបង្ហាញរូបថតជនសង្ស័យម្នាក់ ពីកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ នាំយកមកផ្តន្ទាទោសឱ្យខាងតែបាន ៕