ភ្នំពេញ៖តារាសម្ដែងស្រីស្អាតជា ស្រីរ័ត្ន និងតារាសម្ដែងលោកស្រេន វុធថា បានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៣ ដែលពិធីនេះរៀបចំនៅវិមានពិភពថ្មី សែនសុខ អគារF មានសិល្បកររួមអាជីពជាច្រើនបានទៅសាទរប្ដីប្រពន្ធតារាវ័យក្មេង១គូនេះ។គេឃើញលោកវុធថា បង្ហាញស្នាមញញឹមបិតមាត់មិនជិតនោះទេ ព្រោះត្រូវបានមិត្តភក្ដិសរសើរថាបានប្រពន្ធស្អាតហើយតារារួមអាជីពបានជម្រុញឲ្យគូស្នេហ៍តារា១គូនេះឆាប់យកកូនង៉ាបីប្រលែងលេងឆាប់ៗទៀតផង។ដោយឡែកការចំណាយអស់ទឹកប្រាក់ប៉ុន្មាននោះមិនត្រូវបានស្រីរ័ត្ន និងស្វាមីទម្លាយឲ្យដឹងឡើយ។



គូររំលឹកថាជា ស្រីរ័ត្ន បានភ្ជាប់ពាក្យជាមួយលោកស្រេន វុធថា កាលពីថ្ងៃទី២កុម្ភៈឆ្នាំ២០២០ ពោលគឺរយៈពេល៣ឆ្នាំគត់ក្រោយក្លាយទៅជាគូដណ្ដឹងគ្នានោះ តារាទាំងពីរក៍ដឹកដៃគ្នារៀបអាពាហ៍ ពិពាហ៍ នៅពេលនេះតែម្ដង។ស្រីរ័ត្ន ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងបានស្វែងយល់ចិត្តគ្នាជាមួយលោកវុធថា រយៈពេល៥ឆ្នាំ ទើបឈានទៅភ្ជាប់ពាក្យជាមួយគ្នាដោយមានចាស់ទុំទាំងសងខាងគាំទ្រ។នាងថាចំណុចពិសេសរបស់លោកវុធថា គឺនៅពេលនាងនៅក្បែមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់ រហូតដល់នាងមានអារម្មណ៍ថាបេះដូងនាងមិនអាចអត់បុរសម្នាក់នេះបានឡើយ។ដោយឡែកទស្សនិកជនខ្លះបានសរសើរស្រីរ័ត្ន និងវុធថា ថាពួកគសម្ដែងភាពយន្ដរឿងភាគរបស់ប៉ុស្ដិ៍លេខ៥ដ៍សាកសម ហើយឈានមកភ្ជាប់ស្នេហ៍មែនទែនជាមួយគ្នានៅក្រៅឆាក រហូតក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ចាប់ពីពេលនេះតទៅ។ទាំងស្រីរ័ត្ន និងវុធថា ធ្លាប់ប្រាប់ថាក្រោយពួកគេរៀបការរួច អ្នកទាំងពីរនៅតែបន្ដអាជីពសិល្បៈតទៅទៀត ពោលគឺឲ្យតែទស្សនិកជនគាំទ្រនិងចាប់ដៃគ្នាលេងភាពយន្ដជារៀងរហូត។



ក្រៅពីជា ស្រីរ័ត្ន និងស្រេន វុធថា តារាដែលជ្រើសគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាមានដូចជាកុល ដាវី-សុខ រក្សា,យក់ ថិករដ្ឋា -ឃុំ ប៉ុណ្ណាដែត,គង់ ច័ន្ទស្រីមុំ-គឹម សីហា,ទេព បូព្រឹក្ស-ងួន ចាន់ដេវីត,ពេជ្រ សោភា -ឆឹម សក្កដា,ប៉ាច គីមមួយ-សយ រតនៈ ,គង់ សុជាតិ-ជា វិបុល ,ម៉ានីកា-ចន និងខាត់ សុឃីម -ផាណូ ជាដើម៕

