Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិជនជាតិកួយ ថាបួខាវ ភ្លេចកំណើតខ្លួនជាខ្មែរ

ជនជាតិកួយ ថាបួខាវ ភ្លេចកំណើតខ្លួនជាខ្មែរ

ភ្នំពេញ ៖ បន្ទាប់ពីកីឡាករប្រដាល់ថៃ ដើមកំណើតកួយ បួខាវ បានអះអាងបញ្ជាក់បន្ថែម នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ​២០២ ថារូបគេជាជនជាតិថៃ ដើមកំណើតកួយ មិនមែនជនជាតិកម្ពុជា ដែលមករស់នៅស្រុកថៃ បាន​ខ្ពស់មុខ​ខ្ពស់មាត់ ហើយភ្លេចកំណើតដើម រមិលគុណចំពោះមាតុភូមិកំណើតនោះមក បានធ្វើឲ្យជនជាតិខ្មែរ ដើមកំ​ណើត​កួយ ដូចគ្នាម្នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានអះអាងថា រូបគេជាជនជាតិកួយ គឺជាជន​ជាតិ​ខ្មែរលើ ដែលមិនភ្លេចកំណើតជាខ្មែរ ដូចបួខាវ នោះឡើយ។ ជាមួយនេះ បុរសរូបនោះ បានរំឭកដល់ខ្មែរលើ ខ្មែរ​កណ្តាល ខ្មែរក្រោម និងខ្មែរជុំវិញពិភពលោក កុំភ្លេចកំណើតខ្លួនឯងជាខ្មែរ។

លោកប៊ីន យ៉ាន ជាជនជាតិខ្មែរ ដើមកំណើតកួយ ដូចបួខាវ ដែរ ដែលសព្វថ្ងៃលោកជាអ្នកជំនួញ តន្រ្តីករ អ្នក​និ​ពន្ធ និងជាតួសម្តែងភាពយន្តផងដែរនោះ បានបញ្ជាក់ថា លោកមិនដែលមានមោទនភាពចំពោះប៊ូខាវ ទេ ទោះ​បីលោកមានដើមកំណើតកួយ (ខ្មែរដើមភាគតិចបុរាណ) ដូចគ្នានឹងបួខាវ ក៏ដោយ ដោយសារតែបួខាវ បាន​ភ្លេច​កំណើតខ្លួនជាខ្មែរទៅហើយ។ ជាមួយនេះ លោកប៊ីន យ៉ាន ថែមទាំង  ស្បថចំពោះបុព្វបុរសថា លោក​នឹងធ្វើ​ឲ្យ​អាណាចក្រអង្គរ និងចក្រភពខ្មែរ រុងរឿងឡើងវិញ នៅថ្ងៃណាមួយ។

លោកប៊ីន យ៉ាន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ខ្ញុំក៏មាន​ដើមកំ​ណើត​ជាជន​ជាតិកួយ ដែរ (ខ្មែរដើមភាគតិចកួច ឬខ្មែរដើមបុរាណភាគតិច) តែខ្ញុំមិនដែលស្រលាញ់បួខាវ បួខាំង ឬមាន​មោទ​នភាពហ្នឹងបួខាវកួយថៃ អីហ្នឹងសូម្បីតែបន្តិចទេដែលជាកួយ កើតនៅអតីតទឹកដីខ្មែរ (បច្ចុប្បន្នទឹកដីសៀម និង​សៀមកំពុងគ្រប់គ្រង) ។ បញ្ជាក់ ៖ ជនជាតិកួយ (ខ្មែរដើមភាគតិចបុរាណ) ចេះទាក់ដំរី ដើ់ម្បីថ្វាយព្រះមហាក្សត្រ ធ្វើចម្បាំង ហ៊ានសម្លាប់ខ្លា រកឃើញវិធីស្លដែកធ្វើអាវុធយុទ្ធភណ្ឌ ពូកែប្រយុទ្ធ ក្លាហាន មិនខ្លាចស្លាប់ និងចេះ​សាម​​គ្តីគ្នាល្អណាស់ ហើយកួយ នេះគឺជាពូជពង្សខ្មែរបុរាណមួយផងដែរ (ពូជអ្នកចម្បាំង) ក្នុងចំណោម​ខ្មែរបុ​រាណជាច្រើន មានខ្មែរខម (សៀមហៅ) ខ្មែរយើង ខ្មែរកួយ ខ្មែរមន ខ្មែរចារាយ ខ្មែរទំពួន និងខ្មែរផ្សេងៗទៀត ដែលបានរស់នៅទឹកដឹកម្ពុជា តាំងពីសម័យបុរេប្រវត្តិ (មុនសម័យមនុស្សចេះកត់ត្រា) មកម៉្លេះ។

កួយ និងខ្មែរ និងជនជាតិមន ជាមនុស្សតែមួយ (កួយ មានសម្បុរខ្មៅស្រអែម មាឌឌាំងធំ (សម្រាប់បុរស) និងសក់​រួញអង្គាដីបន្តិច (មិនក្រញាញ់ពេក មិនត្រង់ពេក) ដូចនឹងខ្មែរបុរាណដែរ។ បច្ចុប្បន្ន កួយ រស់នៅប៉ែកពា​យ័ព្យប្រ​ទេសកម្ពុជា (ខេត្តស្ទឹងត្រែង កំពងធំ ព្រះវិហារ ឧត្តមានជ័យ)  ប៉ែកខាងត្បូងលាវ (ខេត្តចំប៉ាសាក់ ខេត្តសុវណ្ណា​ខេត្ត ខេត្តសារ៉ាវ៉ាន់ ខេត្តអាត់ពឺ ខេត្តសេគង្គ (អតីតទឹកដីខ្មែរ) និងប៉ែកឦសានសៀម (អតីតទឹកដីខ្មែរ) ដែរ នៅ​ក្នុងខេត្តបុរីរម្យ ស៊ីសាកេត ស្រះកែវ សុរិន្ទ នគរាជសីម៉ា  បញ្ចិមបុរី ចន្ទបុរី ត្រាត រ៉ាយ៉ង និងអ៊ូប៊ុន រ៉ាចាថានី ជា​ដើម»។

លោកប៊ីន យ៉ាន សរសេរបន្តថា «និយាយជារួម សៀម បានប្រយោជន៍ច្រើនពីការកាន់កាប់ខេត្តខ្មែរ ទាំំងនេះ ដែលសម្បូរជនជាតិកួយ រស់នៅ ទី១ កម្លាំងទ័ពថែមច្រើន ទី២ អាចផលិតអាវុធ កាំបិត ដាវ លំពែង ពូថៅ ព្រួញ ស្នា និងដាវ ជាដើម និងទី៣ ទាក់ដំរីព្រៃ ដើម្បីយកផ្សាំង ដើម្បីមកធ្វើសឹកចម្បាំងឈ្លានពានខ្មែរ។ កំហុសនៃការដឹកនាំខ្មែរ និងនយោបាយគ្រប់គ្រង់ ការដណ្តើមអំណាចហែកហួរគ្នាមិនចេះចប់មិនចេះហើយ និង​ការជ្រែករាជ្យគ្នា ធ្វើឲ្យខ្មែរបែកបាក់ មានកលយុគពាសពេញប្រទេស (ចាប់តាំងពីចុងសតវត្សទី១៣ ដើមសតវត្ស​ទី១៤ ក្រោយព្រះបាទជយវរ្ម័នទី៧ សោយទិវង្គតទៅ និងការបោះបង់រាជធានីអង្គរ ដោយព្រះបាទពញាយ៉ាត មក​តាំងរាជធានីនៅទួលបាសាន ខេត្តកំពងចាម មក និង រហូតដល់សម័យអាណានិគមបារំាង នៅឆ្នាំ១៨៦៣  ដែល​គេឲ្យឈ្មោះថា សម័យខ្មៅងងឹត នៃប្រវត្តិសាស្រ្តខ្មែរ (Dark Age  ឆ្នាំ១៤៣១-១៨៦៣) ប្រទេស និងទឹក​ដីបែក​បាក់​ជាបំណែកតូចៗ ក្សត្រខ្មែរ ក្រោយព្រះបាទជយវរ្ម័ននទី៧ គឺមានតែការជ្រែករាជ្យដណ្តើមអំណាចគ្នា ជាហេតុ​ធ្វើឲ្យប្រទេសបែកបាក់ និងបាត់បង់ទឹកដី រហូតសល់ប៉ុនបាតដៃសព្វថ្ងៃ។ បើថ្ងៃអនាគត ខ្មែរនៅតែបែកបាក់ខ្មែរ​នឹង​មិនអាចខ្លាំងក្លា ឬធ្វើឲ្យអាណាចក្រអង្គរ រុងរឿងឡើងវិញបានទេ អ្វីៗពឹងលើកូនខ្មែរជំនាន់នេះ និងជំនាន់​ក្រោយនេះហើយ ដែលជាអ្នកបន្តវេន»។

លោកប៊ីន យ៉ាន បានសរសេរបន្ថែមថា «ខ្ញុំសូមលើកយកអំណះអំណាង៦ ដែលបញ្ជាក់ថា ពូជសាសន៍ខ្មែរយើង ជាពូជសាសន៍ឆ្លាត និងពូកែជាងគេបំផុតមួយ នៅលើលោក ដែលយើងត្រូវដឹង និងប្រឹងប្រែងឲ្យកាន់​តែខ្លាំង​បំ​ផុត (អាចឆ្លាតជាងជនជាតិអ៊ីស្រាអែល ឬចិន) តាមរយៈតឹកតាំង និងហេតុផល ៦យ៉ាងនេះ ដែលជាសក្ខី​កម្មពិត​ប្រាកដជាក់ស្តែង និងប្រាកដនិយម (ខ្មែរ ជាពូជអ្នកប្រយុទ្ធ តស៊ូ ពូកែ ខ្លាំងក្លា ក្ហាហាន មោះមុត បង្កើតក្បួនច្បាប់ អក្សរសាស្រ្ត អក្សរសីល្ប៍ សិល្ប: អ្នកច្នៃប្រឌិតខ្លាំងៗដោយខ្លួនឯង ៖

ទី១- បើពូជខ្មែរមិនឆ្លាត មិនពូកែ មិនខ្លាំង មិនមែនផ្ទាំងថ្មទម្ងន់រាប់ពាន់លានតោន នៅលើកំពូលភ្នំខ្ពស់ៗ ខ្មែរចេះ​ច្នៃពុះច្រៀកបាន ទោះទំហំធំប៉ុនណាក៏ដោយ ដើម្បីយកមកធ្វើជាប្រាសាទទាបខ្ពស់ តូចធំ (ខ្លះកម្ពស់ជិត ១០០​ម៉ែត្រ ដោយគ្មានម៉ាស៊ីនជំនួយផ្សេងៗផង) រាប់ពាន់ ទូទាំងប្រទេសរបស់ខ្លួនបានទេ។

ទី២- បើពូជខ្មែរមិនឆ្លាត មិនពូកែ មិនមែនពូជខ្មែរ ចេះរៀបចំប្រព័ន្ធទឹក និងធារាសាស្រ្តទឹកដើម្បីធ្វើកសិកម្ម ជំ​នួញ និងប្រើប្រាស់ល្អដាច់គេផុតលេខនៅលើលោកនេះទេ (ប្រព័ន្ធធារាសាស្រ្តនៅសម័យចក្រភពខ្មែរ ឬសម័យ​អង្គរ ដែលបន្សល់ដល់បច្ចុប្បន្ន នៅខេត្តសៀមរាប ជាប្រព័ន្ធធារាស្រ្តល្អឯក និងប្រទាក់ក្រឡាគ្នាល្អ​ជាងទីក្រុង​អាំ​ស្ទើរដាំ របស់ប្រទេសហូឡង់ ដែលគេចាត់ទុកថាជាប្រទេសមានប្រព័ន្ធធារាសាស្រ្តល្អនោះទៀត)។

ទី៣- បើពូជខ្មែរមិនឆ្លាត មិនមែនពូជខ្មែរចេះមករើសទីតាំងមកនៅក្នុងទឹកដីដែលសម្បូរអ្វីៗគ្រប់យ៉ាង ព្រៃភ្នំ ទន្លេ សមុទ្រ រ៉ែគ្រប់យ៉ាង រ៉ែមាស រ៉ែដែក ប្រេង ។ល។ អាកាសធាតុមិនក្តៅពេក មិនត្រជាក់ពេក (ដែនដីសុវណ្ណភូមិ) នេះបានទេ។

ទី៤- បើពូជខ្មែរមិនឆ្លាត មិនពូកែ មិនមែនពូជសាសន៍សាសន៍ខ្មែរ ចេះផលិតឡាន (ផលិតរថយន្តម៉ាកអង្គរ សម័យ​សង្គមរាស្រនិយមនោះបានទេ)។

ទី៥- បើពូជសាសន៍ខ្មែរមិនឆ្លាត ខ្មែរនឹងមិនអាចចេះបង្កើតតួលេខខ្លួនឯង តួអក្សរខ្លួនឯងសម្រាប់​បើប្រាស់​ក្នុង​ការដឹកនាំ បង្កើតច្បាប់ និងការគ្រប់គ្រង់ដោយខ្លួនឯងនោះទេ (ប្រទេសភាគច្រើន ខ្ចីនិងប្រើប្រាស់របស់គេ ដូចជា វៀតណាម ថៃ ម៉ាឡេ សិង្ហបុរី  និងប្រទេសនានាផ្សេងទៀតជាច្រើនជាដើម។ល។

ទី៦- បើពូជសាសន៍ខ្មែរមិនឆ្លាត ពូជសាសន៍ខ្មែរ មិនមែនចេះបង្កើតសិល្ប: តន្រី្ត ឧបករណ៍តន្រ្តី (មានតឹក​តាំង​តាម​ជញ្ជាំងប្រសាទអង្គរវត្ត) ក្បួន ច្បាប់ ក្បាច់គុន (ល្បុក្កតោ) ក្បួនសង្រ្គាម មន្ទីរពេទ្យរាប់ពាន់ (ប្រាសាទតាព្រហ្ម) និងក្បួនច្បាប់សាស្រ្តាស្លឹករឹត និងបង្កើតស្ថាបត្យកម្មដ៏អស្ចារ្យក្នុងលោកនេះ (ប្រាសាទនានា និងវត្តបុរាណ​ជាច្រើន)​ បានទេ។ សរុបជារួម ពូជខ្មែរ ជាពូជសាសន៍ឆ្លាតបំផុតក្នុងលោកនេះ»។

លោកប៊ីន យ៉ាន សរសេរបន្តថា «រឿងដែលធ្វើឲ្យពូជសាសន៍ខ្មែរយើង លែងសូវបានប្រើខួរ​ក្បាលដ៏ល្អ​អស្ចារ្យ​របស់​ខ្លួននេះបាន គឺចាប់តាំងពីព្រះបាទជយវរ្ម័នទី៧ សោយទិវង្គតទៅ (ការបញ្ចប់ទៅនៃសម័យអង្គរ) គឺដោយ​សារតែកំហុសមេដឹកនាំ និងក្សត្រាក្រោយៗ ដែលធ្វើប្រទេសចលាចល បែកបាក់ផ្ទៃក្នុង ដណ្តើមរាជ្យគ្នា កាប់​សម្លាប់ខ្មែរគ្នាឯង សៀម យួន លាវ យកទឹកដី ប្រមូលអ្នកប្រាជ្ញខ្មែរ ទៅទាំងអស់ រហូតមកដល់សម័យខ្មែរក្រហម (សម័យប៉ុល ពត) ក៏សម្លាប់អ្នកចេះដឹងទាំងអស់ ទៀត។

តាមពិតទៅ ទឹកដីយើងគឺអំណោយ​ផលសម្រាប់​កកើត​អ្នកប្រាជ្ញ កវី អ្នកច្នៃប្រឌិត និងអ្នកវិទ្យាសាស្រ្ត កំពូល​អ្នកគំនិត ទស្សនវិទូ អ្នកគណិតវិទ្យាច្រើនណាស់ និងបុគ្គលចំណានៗច្រើនណាស់ ទាស់តែយើងទើបតែ​មាន​សុខសន្តិភាព ប៉ុន្មាន ២០ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា ពូជសាសន៍ខ្មែរយើង (ដែល​កើតមានកំណើត និងរស់នៅលើទឺកដីកម្ពុជា បច្ចុប្បន្ន) ជាពូជសាសន៍ដែលឆ្លាត ហើយយើង​នឹងរុងរឿង​ខ្លាំង​ជាងប្រទេសណាៗទាំងអស់ បើយើងរក្សាសុខសន្តិភាពបាន មិនមានសង្គ្រាមនឹងគ្នាឯងតទៅទៀតនោះ។ ខ្មែរស្រលាញ់ខ្មែរ ខ្មែរកុំខ្ជិល ខ្មែរត្រូវតែប្រឹង ខិតខំ តស៊ូព្យាយាម និងស្រលាញ់ជាតិ ទឹកដីឲ្យខ្លាំងក្លាបំផុត (ពូជ​ពង្សអង្គរ មិនដែលខ្ជិលទេ ហើយចេះសាមគ្គីគ្នាល្អណាស់) ស៊ូៗកូនខ្មែរ ពូជខ្មែរអង្គរគ្រប់រូប» ។

គួរបញ្ជាក់ថា ការលើកឡើងរបស់បុរសជនជាតិខ្មែរ ដើមកំណើតកួយ ប៊ីន យ៉ាន ខាងលើនេះ បានធ្វើឡើង ក្រោយ​ពីកីឡាករថៃ បួខាវ បួខាវ បាន់ឆាមេខ បានចេញមុខប្រតិកម្មនឹងកម្ពុជា ដែលបានសម្រេចដាក់វិញ្ញាសា «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ នេះ ហើយបួខាវ បានអះអាងថា គេមិនមែនជាខ្មែរទេ គឺគេជាជនជាតិថៃ ដើមកំណើតកួយ ។

ជាមួយនេះ បួខាវ បានអះអាងបញ្ជាក់​បន្ថែមម្តង​ទៀត នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២ ថា រូបគេជាជនជាតិថៃ មិនមែនជនជាតិកម្ពុជា ដែលមករស់នៅស្រុកថៃ បានខ្ពស់មុខខ្ពស់មាត់ ហើយភ្លេចកំណើតដើម រមិលគុណ​ចំពោះមាតុភូមិកំណើតនោះទេ គឺរូបគេ ជាជនជាតិថៃ ដើមកំណើតកួយ ហើយគេក៏មិនបាន​ខ្មាសអៀន​អ្វីដែល​មានសែ្រឡាយជាជនជាតិភាគតិចនោះទេ ព្រោះជនជាតិក្នុងប្រទេសថៃ មានច្រើន ទាំងភាសា វប្បធម៌ មាន​ទាំងជនជាតិថៃ សែស្រឡាយចិន ជនជាតិថៃសែស្រឡាយមន ជនជាតិថៃ សែស្រឡាយយួន ជនជាតិថៃ សែ​ស្រឡាយលាវ   ជនជាតិថៃ សែស្រឡាយអឺរ៉ុប ជនជាតិថៃ សែស្រឡាយឥណ្ឌា និងជាច្រើនទៀត រួមទាំងជន​ជាតិថៃ សែស្រឡាយកម្ពុជា ក៏ដោយ ក៏គ្រប់គ្នាសុទ្ធតែជាជនជាតិថៃទាំងអស់ គេមានមោទនភាពជាថៃ និងផ្តល់​កិត្តិយសដល់ជនជាតិនៃប្រទេដទៃទៀតដូចៗគ្នា៕ ខៀវទុំ

RELATED ARTICLES