ភ្នំពេញ ៖ បន្ទាប់ពីកីឡាករប្រដាល់ថៃ ដើមកំណើតកួយ បួខាវ បានអះអាងបញ្ជាក់បន្ថែម នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២ ថារូបគេជាជនជាតិថៃ ដើមកំណើតកួយ មិនមែនជនជាតិកម្ពុជា ដែលមករស់នៅស្រុកថៃ បានខ្ពស់មុខខ្ពស់មាត់ ហើយភ្លេចកំណើតដើម រមិលគុណចំពោះមាតុភូមិកំណើតនោះមក បានធ្វើឲ្យជនជាតិខ្មែរ ដើមកំណើតកួយ ដូចគ្នាម្នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានអះអាងថា រូបគេជាជនជាតិកួយ គឺជាជនជាតិខ្មែរលើ ដែលមិនភ្លេចកំណើតជាខ្មែរ ដូចបួខាវ នោះឡើយ។ ជាមួយនេះ បុរសរូបនោះ បានរំឭកដល់ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម និងខ្មែរជុំវិញពិភពលោក កុំភ្លេចកំណើតខ្លួនឯងជាខ្មែរ។
លោកប៊ីន យ៉ាន ជាជនជាតិខ្មែរ ដើមកំណើតកួយ ដូចបួខាវ ដែរ ដែលសព្វថ្ងៃលោកជាអ្នកជំនួញ តន្រ្តីករ អ្នកនិពន្ធ និងជាតួសម្តែងភាពយន្តផងដែរនោះ បានបញ្ជាក់ថា លោកមិនដែលមានមោទនភាពចំពោះប៊ូខាវ ទេ ទោះបីលោកមានដើមកំណើតកួយ (ខ្មែរដើមភាគតិចបុរាណ) ដូចគ្នានឹងបួខាវ ក៏ដោយ ដោយសារតែបួខាវ បានភ្លេចកំណើតខ្លួនជាខ្មែរទៅហើយ។ ជាមួយនេះ លោកប៊ីន យ៉ាន ថែមទាំង ស្បថចំពោះបុព្វបុរសថា លោកនឹងធ្វើឲ្យអាណាចក្រអង្គរ និងចក្រភពខ្មែរ រុងរឿងឡើងវិញ នៅថ្ងៃណាមួយ។
លោកប៊ីន យ៉ាន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ខ្ញុំក៏មានដើមកំណើតជាជនជាតិកួយ ដែរ (ខ្មែរដើមភាគតិចកួច ឬខ្មែរដើមបុរាណភាគតិច) តែខ្ញុំមិនដែលស្រលាញ់បួខាវ បួខាំង ឬមានមោទនភាពហ្នឹងបួខាវកួយថៃ អីហ្នឹងសូម្បីតែបន្តិចទេដែលជាកួយ កើតនៅអតីតទឹកដីខ្មែរ (បច្ចុប្បន្នទឹកដីសៀម និងសៀមកំពុងគ្រប់គ្រង) ។ បញ្ជាក់ ៖ ជនជាតិកួយ (ខ្មែរដើមភាគតិចបុរាណ) ចេះទាក់ដំរី ដើ់ម្បីថ្វាយព្រះមហាក្សត្រ ធ្វើចម្បាំង ហ៊ានសម្លាប់ខ្លា រកឃើញវិធីស្លដែកធ្វើអាវុធយុទ្ធភណ្ឌ ពូកែប្រយុទ្ធ ក្លាហាន មិនខ្លាចស្លាប់ និងចេះសាមគ្តីគ្នាល្អណាស់ ហើយកួយ នេះគឺជាពូជពង្សខ្មែរបុរាណមួយផងដែរ (ពូជអ្នកចម្បាំង) ក្នុងចំណោមខ្មែរបុរាណជាច្រើន មានខ្មែរខម (សៀមហៅ) ខ្មែរយើង ខ្មែរកួយ ខ្មែរមន ខ្មែរចារាយ ខ្មែរទំពួន និងខ្មែរផ្សេងៗទៀត ដែលបានរស់នៅទឹកដឹកម្ពុជា តាំងពីសម័យបុរេប្រវត្តិ (មុនសម័យមនុស្សចេះកត់ត្រា) មកម៉្លេះ។
កួយ និងខ្មែរ និងជនជាតិមន ជាមនុស្សតែមួយ (កួយ មានសម្បុរខ្មៅស្រអែម មាឌឌាំងធំ (សម្រាប់បុរស) និងសក់រួញអង្គាដីបន្តិច (មិនក្រញាញ់ពេក មិនត្រង់ពេក) ដូចនឹងខ្មែរបុរាណដែរ។ បច្ចុប្បន្ន កួយ រស់នៅប៉ែកពាយ័ព្យប្រទេសកម្ពុជា (ខេត្តស្ទឹងត្រែង កំពងធំ ព្រះវិហារ ឧត្តមានជ័យ) ប៉ែកខាងត្បូងលាវ (ខេត្តចំប៉ាសាក់ ខេត្តសុវណ្ណាខេត្ត ខេត្តសារ៉ាវ៉ាន់ ខេត្តអាត់ពឺ ខេត្តសេគង្គ (អតីតទឹកដីខ្មែរ) និងប៉ែកឦសានសៀម (អតីតទឹកដីខ្មែរ) ដែរ នៅក្នុងខេត្តបុរីរម្យ ស៊ីសាកេត ស្រះកែវ សុរិន្ទ នគរាជសីម៉ា បញ្ចិមបុរី ចន្ទបុរី ត្រាត រ៉ាយ៉ង និងអ៊ូប៊ុន រ៉ាចាថានី ជាដើម»។
លោកប៊ីន យ៉ាន សរសេរបន្តថា «និយាយជារួម សៀម បានប្រយោជន៍ច្រើនពីការកាន់កាប់ខេត្តខ្មែរ ទាំំងនេះ ដែលសម្បូរជនជាតិកួយ រស់នៅ ទី១ កម្លាំងទ័ពថែមច្រើន ទី២ អាចផលិតអាវុធ កាំបិត ដាវ លំពែង ពូថៅ ព្រួញ ស្នា និងដាវ ជាដើម និងទី៣ ទាក់ដំរីព្រៃ ដើម្បីយកផ្សាំង ដើម្បីមកធ្វើសឹកចម្បាំងឈ្លានពានខ្មែរ។ កំហុសនៃការដឹកនាំខ្មែរ និងនយោបាយគ្រប់គ្រង់ ការដណ្តើមអំណាចហែកហួរគ្នាមិនចេះចប់មិនចេះហើយ និងការជ្រែករាជ្យគ្នា ធ្វើឲ្យខ្មែរបែកបាក់ មានកលយុគពាសពេញប្រទេស (ចាប់តាំងពីចុងសតវត្សទី១៣ ដើមសតវត្សទី១៤ ក្រោយព្រះបាទជយវរ្ម័នទី៧ សោយទិវង្គតទៅ និងការបោះបង់រាជធានីអង្គរ ដោយព្រះបាទពញាយ៉ាត មកតាំងរាជធានីនៅទួលបាសាន ខេត្តកំពងចាម មក និង រហូតដល់សម័យអាណានិគមបារំាង នៅឆ្នាំ១៨៦៣ ដែលគេឲ្យឈ្មោះថា សម័យខ្មៅងងឹត នៃប្រវត្តិសាស្រ្តខ្មែរ (Dark Age ឆ្នាំ១៤៣១-១៨៦៣) ប្រទេស និងទឹកដីបែកបាក់ជាបំណែកតូចៗ ក្សត្រខ្មែរ ក្រោយព្រះបាទជយវរ្ម័ននទី៧ គឺមានតែការជ្រែករាជ្យដណ្តើមអំណាចគ្នា ជាហេតុធ្វើឲ្យប្រទេសបែកបាក់ និងបាត់បង់ទឹកដី រហូតសល់ប៉ុនបាតដៃសព្វថ្ងៃ។ បើថ្ងៃអនាគត ខ្មែរនៅតែបែកបាក់ខ្មែរនឹងមិនអាចខ្លាំងក្លា ឬធ្វើឲ្យអាណាចក្រអង្គរ រុងរឿងឡើងវិញបានទេ អ្វីៗពឹងលើកូនខ្មែរជំនាន់នេះ និងជំនាន់ក្រោយនេះហើយ ដែលជាអ្នកបន្តវេន»។
លោកប៊ីន យ៉ាន បានសរសេរបន្ថែមថា «ខ្ញុំសូមលើកយកអំណះអំណាង៦ ដែលបញ្ជាក់ថា ពូជសាសន៍ខ្មែរយើង ជាពូជសាសន៍ឆ្លាត និងពូកែជាងគេបំផុតមួយ នៅលើលោក ដែលយើងត្រូវដឹង និងប្រឹងប្រែងឲ្យកាន់តែខ្លាំងបំផុត (អាចឆ្លាតជាងជនជាតិអ៊ីស្រាអែល ឬចិន) តាមរយៈតឹកតាំង និងហេតុផល ៦យ៉ាងនេះ ដែលជាសក្ខីកម្មពិតប្រាកដជាក់ស្តែង និងប្រាកដនិយម (ខ្មែរ ជាពូជអ្នកប្រយុទ្ធ តស៊ូ ពូកែ ខ្លាំងក្លា ក្ហាហាន មោះមុត បង្កើតក្បួនច្បាប់ អក្សរសាស្រ្ត អក្សរសីល្ប៍ សិល្ប: អ្នកច្នៃប្រឌិតខ្លាំងៗដោយខ្លួនឯង ៖
ទី១- បើពូជខ្មែរមិនឆ្លាត មិនពូកែ មិនខ្លាំង មិនមែនផ្ទាំងថ្មទម្ងន់រាប់ពាន់លានតោន នៅលើកំពូលភ្នំខ្ពស់ៗ ខ្មែរចេះច្នៃពុះច្រៀកបាន ទោះទំហំធំប៉ុនណាក៏ដោយ ដើម្បីយកមកធ្វើជាប្រាសាទទាបខ្ពស់ តូចធំ (ខ្លះកម្ពស់ជិត ១០០ម៉ែត្រ ដោយគ្មានម៉ាស៊ីនជំនួយផ្សេងៗផង) រាប់ពាន់ ទូទាំងប្រទេសរបស់ខ្លួនបានទេ។
ទី២- បើពូជខ្មែរមិនឆ្លាត មិនពូកែ មិនមែនពូជខ្មែរ ចេះរៀបចំប្រព័ន្ធទឹក និងធារាសាស្រ្តទឹកដើម្បីធ្វើកសិកម្ម ជំនួញ និងប្រើប្រាស់ល្អដាច់គេផុតលេខនៅលើលោកនេះទេ (ប្រព័ន្ធធារាសាស្រ្តនៅសម័យចក្រភពខ្មែរ ឬសម័យអង្គរ ដែលបន្សល់ដល់បច្ចុប្បន្ន នៅខេត្តសៀមរាប ជាប្រព័ន្ធធារាស្រ្តល្អឯក និងប្រទាក់ក្រឡាគ្នាល្អជាងទីក្រុងអាំស្ទើរដាំ របស់ប្រទេសហូឡង់ ដែលគេចាត់ទុកថាជាប្រទេសមានប្រព័ន្ធធារាសាស្រ្តល្អនោះទៀត)។
ទី៣- បើពូជខ្មែរមិនឆ្លាត មិនមែនពូជខ្មែរចេះមករើសទីតាំងមកនៅក្នុងទឹកដីដែលសម្បូរអ្វីៗគ្រប់យ៉ាង ព្រៃភ្នំ ទន្លេ សមុទ្រ រ៉ែគ្រប់យ៉ាង រ៉ែមាស រ៉ែដែក ប្រេង ។ល។ អាកាសធាតុមិនក្តៅពេក មិនត្រជាក់ពេក (ដែនដីសុវណ្ណភូមិ) នេះបានទេ។
ទី៤- បើពូជខ្មែរមិនឆ្លាត មិនពូកែ មិនមែនពូជសាសន៍សាសន៍ខ្មែរ ចេះផលិតឡាន (ផលិតរថយន្តម៉ាកអង្គរ សម័យសង្គមរាស្រនិយមនោះបានទេ)។
ទី៥- បើពូជសាសន៍ខ្មែរមិនឆ្លាត ខ្មែរនឹងមិនអាចចេះបង្កើតតួលេខខ្លួនឯង តួអក្សរខ្លួនឯងសម្រាប់បើប្រាស់ក្នុងការដឹកនាំ បង្កើតច្បាប់ និងការគ្រប់គ្រង់ដោយខ្លួនឯងនោះទេ (ប្រទេសភាគច្រើន ខ្ចីនិងប្រើប្រាស់របស់គេ ដូចជា វៀតណាម ថៃ ម៉ាឡេ សិង្ហបុរី និងប្រទេសនានាផ្សេងទៀតជាច្រើនជាដើម។ល។
ទី៦- បើពូជសាសន៍ខ្មែរមិនឆ្លាត ពូជសាសន៍ខ្មែរ មិនមែនចេះបង្កើតសិល្ប: តន្រី្ត ឧបករណ៍តន្រ្តី (មានតឹកតាំងតាមជញ្ជាំងប្រសាទអង្គរវត្ត) ក្បួន ច្បាប់ ក្បាច់គុន (ល្បុក្កតោ) ក្បួនសង្រ្គាម មន្ទីរពេទ្យរាប់ពាន់ (ប្រាសាទតាព្រហ្ម) និងក្បួនច្បាប់សាស្រ្តាស្លឹករឹត និងបង្កើតស្ថាបត្យកម្មដ៏អស្ចារ្យក្នុងលោកនេះ (ប្រាសាទនានា និងវត្តបុរាណជាច្រើន) បានទេ។ សរុបជារួម ពូជខ្មែរ ជាពូជសាសន៍ឆ្លាតបំផុតក្នុងលោកនេះ»។
លោកប៊ីន យ៉ាន សរសេរបន្តថា «រឿងដែលធ្វើឲ្យពូជសាសន៍ខ្មែរយើង លែងសូវបានប្រើខួរក្បាលដ៏ល្អអស្ចារ្យរបស់ខ្លួននេះបាន គឺចាប់តាំងពីព្រះបាទជយវរ្ម័នទី៧ សោយទិវង្គតទៅ (ការបញ្ចប់ទៅនៃសម័យអង្គរ) គឺដោយសារតែកំហុសមេដឹកនាំ និងក្សត្រាក្រោយៗ ដែលធ្វើប្រទេសចលាចល បែកបាក់ផ្ទៃក្នុង ដណ្តើមរាជ្យគ្នា កាប់សម្លាប់ខ្មែរគ្នាឯង សៀម យួន លាវ យកទឹកដី ប្រមូលអ្នកប្រាជ្ញខ្មែរ ទៅទាំងអស់ រហូតមកដល់សម័យខ្មែរក្រហម (សម័យប៉ុល ពត) ក៏សម្លាប់អ្នកចេះដឹងទាំងអស់ ទៀត។
តាមពិតទៅ ទឹកដីយើងគឺអំណោយផលសម្រាប់កកើតអ្នកប្រាជ្ញ កវី អ្នកច្នៃប្រឌិត និងអ្នកវិទ្យាសាស្រ្ត កំពូលអ្នកគំនិត ទស្សនវិទូ អ្នកគណិតវិទ្យាច្រើនណាស់ និងបុគ្គលចំណានៗច្រើនណាស់ ទាស់តែយើងទើបតែមានសុខសន្តិភាព ប៉ុន្មាន ២០ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា ពូជសាសន៍ខ្មែរយើង (ដែលកើតមានកំណើត និងរស់នៅលើទឺកដីកម្ពុជា បច្ចុប្បន្ន) ជាពូជសាសន៍ដែលឆ្លាត ហើយយើងនឹងរុងរឿងខ្លាំងជាងប្រទេសណាៗទាំងអស់ បើយើងរក្សាសុខសន្តិភាពបាន មិនមានសង្គ្រាមនឹងគ្នាឯងតទៅទៀតនោះ។ ខ្មែរស្រលាញ់ខ្មែរ ខ្មែរកុំខ្ជិល ខ្មែរត្រូវតែប្រឹង ខិតខំ តស៊ូព្យាយាម និងស្រលាញ់ជាតិ ទឹកដីឲ្យខ្លាំងក្លាបំផុត (ពូជពង្សអង្គរ មិនដែលខ្ជិលទេ ហើយចេះសាមគ្គីគ្នាល្អណាស់) ស៊ូៗកូនខ្មែរ ពូជខ្មែរអង្គរគ្រប់រូប» ។
គួរបញ្ជាក់ថា ការលើកឡើងរបស់បុរសជនជាតិខ្មែរ ដើមកំណើតកួយ ប៊ីន យ៉ាន ខាងលើនេះ បានធ្វើឡើង ក្រោយពីកីឡាករថៃ បួខាវ បួខាវ បាន់ឆាមេខ បានចេញមុខប្រតិកម្មនឹងកម្ពុជា ដែលបានសម្រេចដាក់វិញ្ញាសា «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ នេះ ហើយបួខាវ បានអះអាងថា គេមិនមែនជាខ្មែរទេ គឺគេជាជនជាតិថៃ ដើមកំណើតកួយ ។
ជាមួយនេះ បួខាវ បានអះអាងបញ្ជាក់បន្ថែមម្តងទៀត នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២ ថា រូបគេជាជនជាតិថៃ មិនមែនជនជាតិកម្ពុជា ដែលមករស់នៅស្រុកថៃ បានខ្ពស់មុខខ្ពស់មាត់ ហើយភ្លេចកំណើតដើម រមិលគុណចំពោះមាតុភូមិកំណើតនោះទេ គឺរូបគេ ជាជនជាតិថៃ ដើមកំណើតកួយ ហើយគេក៏មិនបានខ្មាសអៀនអ្វីដែលមានសែ្រឡាយជាជនជាតិភាគតិចនោះទេ ព្រោះជនជាតិក្នុងប្រទេសថៃ មានច្រើន ទាំងភាសា វប្បធម៌ មានទាំងជនជាតិថៃ សែស្រឡាយចិន ជនជាតិថៃសែស្រឡាយមន ជនជាតិថៃ សែស្រឡាយយួន ជនជាតិថៃ សែស្រឡាយលាវ ជនជាតិថៃ សែស្រឡាយអឺរ៉ុប ជនជាតិថៃ សែស្រឡាយឥណ្ឌា និងជាច្រើនទៀត រួមទាំងជនជាតិថៃ សែស្រឡាយកម្ពុជា ក៏ដោយ ក៏គ្រប់គ្នាសុទ្ធតែជាជនជាតិថៃទាំងអស់ គេមានមោទនភាពជាថៃ និងផ្តល់កិត្តិយសដល់ជនជាតិនៃប្រទេដទៃទៀតដូចៗគ្នា៕ ខៀវទុំ