ភ្នំពេញ៖ពេជ្រ សោភា បានក្លាយទៅជាគូដណ្ដឹងរបស់លោកឆឹម សក្កដា ជិត៤ខែទៅហើយក្រោយអ្នកទាំងពីរបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមកកាលពីថ្ងៃទី១១ខែ១១ ឆ្នាំ២០២២ ហើយសោភា បានអះអាងប្រាប់អ្នកយកព័តមានយើងថានាងនឹងរៀបការនៅឆ្នាំ២០២៣ នេះតែម្ដង គ្រាន់តែថ្ងៃខែណានោះនាងថាមិនអាចប្រាប់មុនបាន។គេកត់សម្គាល់ថាតាំងពីពេជ្រ សោភា ព្រមឲ្យលោកសក្កដា ចូលខ្លួនមកស្អំរបួសបេះដូងនាងនោះគូស្នេហ៍តារា១គូនេះចំណេញរៀងៗខ្លួនដូចគ្នាពោលគឺសម្រាប់សោភា វិញនាងបញ្ចប់ជីវិតឯកោរយៈពេលជិត៦ឆ្នាំ ក្រោយលែងប្ដីចាស់ ខណៈដែលលោកសក្កដា ឯណ្ណោះពាក្យចរចាមអារ៉ាមដែលលេចឭថាលោកគ្មានអារម្មណ៍ជាមួយស្រ្ដីភេទក៍កាន់តែកាត់បន្ថយបានបន្ដិចម្ដងៗផងដែរ។អ្វីដែលគូរឲ្យកត់សម្គាល់នោះនៅមុនពេលសោភា ជិតក្លាយទៅជាភរិយាស្របច្បាប់របស់លោកសក្កដា នេះនាងហាក់មានយីអ៊ុនល្អព្រោះបានធ្វើជាBA ផលិតផលធំៗច្រើនថែមទៀតដែលនាំឲ្យប្រាក់ចំណូលរបស់នាងកើនខ្ពស់ជាងមុនមួយក្រឺតទៀតជាមិនខាន ហេតុនេះហើយទើបFan របស់អ្នកចម្រៀងហង្សមាសរូបនេះមួយចំនួនបានលើកឡើងថាអ្នកមេម៉ាយវ័យ៤០ឆ្នាំរូបនេះយកប្ដីក្មេងមានរាសីឡើងតែម្ដង។

ថ្វីត្បិតតែពេជ្រ សោភា កំពុងតែបង្ហាញឲ្យគ្រប់គ្នាបានឃើញថានាងមានក្ដីសុខពេញបេះដូងមែននិងរស់នៅជាមួយជីវភាពកាន់តែប្រសើរមែន ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាសោភា នឹងមិនមានសន្ទុះឡើងក្នុងអាជីពចម្រៀងតទៅទៀតនោះទេអំឡុងពេលនេះ។លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទក្នុងល័ក្ខខណ្ឌមិនបញ្ចេញឈ្មោះថាអាជីពចម្រៀងរបស់សោភា លែងឡើងទៀតហើយ។អ្នកជំនាញធ្វើភ្លេងរូបនោះលើកហេតុផលថាសោភា គ្មានដៃគូសាកសមដូចមុនទេក្រាយបាត់បង់ដៃគូចម្រៀងទាំង២តែម្ដងនោះគឺលោកព្រាប សុវត្ថិ និងងួន ចាន់ដេវីត ហេតុនេះហើយនៅពេលដែលនាងច្រៀងជាមួយគូដណ្ដឹងនាងលោកសក្កដា គ្រាន់តែធម្មតាៗប៉ុណ្ណោះ មិនអាចជួយជម្រុញកេរ្ដិ៍ឈ្មោះនាងឲ្យល្បីថែមទៀតឡើយ។

Composer រូបនោះបន្ថែមថាមិនមែនអាយុសោភា ឈានដល់៤០ឆ្នាំ ច្រៀងលែងឡើងនោះទេ ប៉ុន្ដែការគ្មានអ្វីថ្មីៗមកបញ្ចេញ និងរកដៃគូសាកសមដូចមុនមិនបាន ខណៈតារាចម្រៀងយុគសម័យថ្មីមានច្រើនដួងធ្វើឲ្យការគាំទ្របែកខ្ញែកទើបធ្វើឲ្យអ្នកចម្រៀងទាំងឡាយដែលគ្មានអ្វីថ្មីធ្វើឲ្យគេចាប់អារម្មណ៍នោះប្រឈមធ្លាក់ចុះដូចសោភា ដែរ។យ៉ាងណាអ្នកជំនាញតន្រ្ដីរូបនោះទទួលស្គាល់ថាភាពល្បីល្បាញរបស់សោភា កន្លងមកក៍ឈានដល់ចំណុច១ដែលមហាជនទទួលស្គាល់ទៅហើយ អីចឹងបើចង់ល្បីថែមទៀតក៍មិនដឹងថាល្បីយ៉ាងម៉េចដែរ។

ពេជ្រ សោភា ធ្លាប់និយាយដាក់ខ្លួនថានាងបានល្បីឈ្មោះកន្លងមកដោយសារតែតោងកាលីពលោកព្រាប សុវត្ថិ ច្រើនណាស់ តាមរយៈការច្រៀងសម្ដែងជាមួយគ្នានៅហង្សមាស។ដោយឡែកចំពោះស្វាមីទេព បូព្រឹក្ស លោកងួន ចាន់ដេវីត វិញនាងថាតារារ៉េប រូបនេះមានសម្ថភាព តាំងពីមុនស្គាល់រូបនាងម្លេះ គ្រាន់តែពេលនោះរូបគេគ្មានទីតាំងបញ្ចេញសម្ថភាពប៉ុណ្ណោះ។

អំឡុងពេលពេជ្រ សោភា ជិតក្លាយទៅជាប្រពន្ធស្របច្បាប់របស់លោកឆឹម សក្កដា នេះគេកត់សម្គាល់ឃើញថានាងហាក់ជួយយិតយោងអនាគតប្ដីច្រើនតាមរយៈការចាប់ដៃគ្នាច្រៀងConcerts ធំៗដែលពីមុនលោកសក្កដា គ្មានឱកាសបែបនេះ ដែលនេះមិនត្រឹមតែជួយកំពូលស្នេហ៍ឲ្យមានទីផ្សារសិល្បៈទូលាយជាងមុននេះទេ ប៉ុន្ដែក៍ធ្វើឲ្យលោកកើនប្រាក់ចំណូលផងដែរ។ទោះជាយ៉ាងណាមុនក្លាយទៅជាគូដណ្ដឹងរបស់លោកសក្កដា តារាចម្រៀងហង្សមាសរូបនេះធ្លាប់អះអាងថានាងគ្មានផែនការណ៍អន្ដរាគមន៍ជួយលោកសក្កដា ឲ្យក្លាយទៅជាតារាហង្សមាសនោះទេ បើទោះជាសម្ថភាពម្ចាស់បេះដូងនាងនេះអាចធ្វើជាអ្នកចម្រៀងអាជីពបានក្ដី។

ក្រៅពីពេជ្រ សោភា តារាដែលយកស្វាមីក្មេងជាងខ្លួនមានដូចជាអ្នកនាងខាត់ សុឃីម ,គង់ សុជាតិ និងប៉ាច គីមមួយ ជាដើម។ទស្សនិកជនរងចាំមើលថាសោភា-សក្កដា នឹងរៀបការនៅឆ្នាំ២០២៣ នេះដោយធ្វើទៅតាមប្រពៃណីខ្មែរ ឬការតាមបែបសាសនាគ្រីស្ទ ព្រោះថាសោភា បានកាន់គ្រីស្ទានរយៈពេលជាង២០ឆ្នាំមកហើយ៕