Wednesday, March 19, 2025
Homeព័ត៌មានអន្តរជាតិជប៉ុន និងហ្វីលីពីន ប្តេជ្ញាពង្រឹងវិស័យយោធាក្នុង​ពេល​ប្រ​ឈមមុខជាមួយចិន

ជប៉ុន និងហ្វីលីពីន ប្តេជ្ញាពង្រឹងវិស័យយោធាក្នុង​ពេល​ប្រ​ឈមមុខជាមួយចិន

ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូកាលពីថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២៣ប្រធានាធិបតីហ្វីលីពីនលោក​ហ្វើឌីណាន់ម៉ាកូសបានសាទរចំពោះកិច្ចព្រមព្រៀងថ្មីដែលបានចុះហត្ថលេខាជាមួយប្រទេសជប៉ុននៅទីក្រុងតូក្យូ ខណៈដែលប្រទេសទាំងពីរនេះស្វែងរកការធ្វើឱ្យទំនាក់ទំនង​កាន់តែស៊ីជម្រៅរួមទាំងសន្តិសុខដើម្បីឆ្លើយតប​ទៅ​នឹងសម្ពាធកាន់តែកើនឡើងពីយោធាចិន។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP ។

ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើវិធានការដើម្បីពន្លឿនការដាក់ពង្រាយយោធាសម្រាប់ជំនួយមនុស្សធម៌និងជំនួយសង្គ្រោះគ្រោះមហន្តរាយ។មេដឹកនាំប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងមួយចំនួនទៀត​រាប់ចាប់ពីកម្ចីហេដ្ឋារចនាសម្ព័ន្ធ រហូតដល់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបច្ចេកវិទ្យា។

លោកម៉ាកូសបាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូគីស៊ីដាថាបន្ទាប់ពីកិច្ចប្រជុំរបស់យើងខ្ញុំអាចនិយាយដោយទំនុកចិត្តថាភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងគឺខ្លាំងជាងពេលណាៗទាំងអស់នៅពេលដែលយើងរុករករួមគ្នានូវតំបន់ទឹកដ៏លំបាកដែលកំពុងវាយលុកតំបន់របស់យើង។

លោកម៉ាកូសបានប្រាប់អ្នកយកព័ត៌មានថា ប្រទេសជប៉ុនគឺជា ប្រទេសជិតខាងនិងជាមិត្តជិតស្និទ្ធ​បំផុតរបស់​ហ្វី​លី​ពីន។ ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងមួយសប្តាហ៍​បន្ទាប់ពីប្រទេសហ្វីលីពីនបានប្រកាសពីកិច្ចព្រម​ព្រៀងមួយដែលផ្តល់ឱ្យទាហានសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានចំនួនបួនផ្សេងទៀតក្នុងប្រទេស។

ទីក្រុងតូក្យូនិងម៉ានីលក៏នឹងមានការពិភាក្សាបឋមលើកតិកាសញ្ញាការពារដ៏សំខាន់មួយដែលនឹងអនុញ្ញាតឱ្យពួកគេដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់គ្នាទៅវិញទៅមកសម្រាប់ការហ្វឹកហ្វឺន និងប្រតិបត្តិការផ្សេងទៀត។ ជប៉ុនដែលបានចូលឈ្លានពាន និងកាន់កាប់ហ្វីលីពីនក្នុងអំឡុងសង្រ្គាមលោកលើកទី២ ថ្មីៗនេះបានចុះហត្ថ​លេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយអង់គ្លេស និងអូស្ត្រាលី។

លោកRenatoDeCastroសាស្ត្រាចារ្យកិត្តិយសនៃនាយកដ្ឋានសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ De La Salle ក្នុងទីក្រុងម៉ានីលបាននិយាយថាមេដឹកនាំកំពុងចាត់វិធានការបន្ថែមចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រហែលជាដើម្បីជៀសវាងការបង្កហេតុពីទីក្រុងប៉េកាំង៕

RELATED ARTICLES