ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី និងនារីរ័ត្ន គន្ធា ដែលកំពុងរស់នៅសហរដ្ឋអាមេរិកដូចគ្នាហើយខកខានឱកាសថតសម្ដែងភាពយន្ដរួមគ្នារយៈពេលជាង២ទសវត្សន៍មកហើយនោះពេលនេះអតីតតារាច្នើមទាំងពីរដួងអំឡុងទសវត្សន៍ទី៨០ និង៩០ នឹងចាប់ដៃគ្នាម្ដងទៀតតាមរយៈការសម្ដែងរឿងបុរាណមួយរបស់ហង្សមាសដែលដឹកនាំដោយលោកហ្វៃ សំអាង គឺរឿង”អប្សារា មហាអង្គរ”។នេះបើតាមប្រភពពីក្រុមផលិតភាពយន្ដនៅហង្សមាសបានបង្ហើបប្រាប់កាលពីសប្ដាហ៍មុន។ប្រភពបានឲ្យដឹងថាពេលនេះអ្នកនាងនារីរ័ត្ន គន្ធា បានមកដល់ស្រុកខ្មែរហើយ តែអ្នកនាងអម្ពរ ទេវី កំពុងត្រៀមមកស្រុកជាថ្មីដើម្បីថតរឿងនោះ បន្ទាប់ពីនាងធ្លាប់បានចុះមកខ្មែរកាលពីឆ្នាំ២០១៧ ដើម្បីថតរឿងឲ្យអ្នកស្រីពាន់ ភួងបុប្ផា “ទឹកចិត្តម្ដាយសម័យថ្មី” និងរឿង”ឆន្ទា”របស់LD Picture ។

តាមព័តមានថាក្រោយអ្នកនាងនារីរ័ត្ន គន្ធា បានចាកចេញទៅរស់នៅរដ្ឋអាយលែន សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០១ និងបានរៀបការជាមួយស្វាមីថ្មីឈ្មោះលោកផល្លី ជាទាហ៊ានធ្វើការលើកប៉ាល់ នោះអតីតតារាសម្ដែងរូបនេះធ្លាប់ចុះឡើងមកខ្មែរជាញឹកញាប់ព្រោះនាងមានហាងលល់សម្លៀកបំពាក់ខ្មែរ និងវត្ថុបុរាណ នៅខេត្តសៀបរាប តែនាងមិនដែលទទួលការថតភាពយន្ដនោះទេ បើទោះជាមានផលិតករជើងចាស់បានស្នើរសុំឲ្យនាងឆ្លៀតថតវិញជាញឹកញាប់ក្ដី។ដោយឡែកសម្រាប់ការទទួលថតរឿងថ្មីនេះដោយសារតែអ្នកនាងរាប់អានជាមួយអ្នកដឹកនាំរឿងជាយូមកហើយ ព្រមទាំងមានការនឹករលឹកដល់មិត្តរួមអាជីពហើយដឹងថាភាពយន្ដនោះប្រជុំទៅដោយមិត្តចាស់នាងមួយចំនួនផងទើបអ្នកនាងលែងប្រកែក។យ៉ាងណាគេមិនទាន់ដឹងថាតម្លៃខ្លួនអ្នកនាងនារីរ័ត្ន គន្ធា ស៊ីថ្លៃប៉ុន្មានក្នុងការសម្ដែងភាពយន្ដថ្មីនេះទេ ខណៈដែលអ្នកនាងអម្ពរ ទេវី វិញធ្លាប់ត្រូវបានអតីតស្វាមីនាងលោកពេជ្រ ភិរុណ ប្រាប់អ្នកយកព័តមានយើងថាអ្នកនាងទេវី ស៊ីថ្លៃ១រឿង១ម៉ឺនដុល្លារ ហើយថ្លៃសំបុត្រយន្ដហោះទៅមក និងការស្នាក់នៅជាបន្ទុករបស់ផលិតករទើបនាងព្រមថត។

គូរបញ្ជាក់ថាក្រៅពីអ្នកនាងអម្ពរ ទេវី និងនារីរ័ត្ន គន្ធា ត្រូវប៉ៈគ្នាសារជាថ្មីនោះរឿងនោះក៍មានការចូលរួមពីអតីតដៃគូតារាជើងចាស់ទាំងពីរផងដែរនោះគឺលោកទេព រិនដារ៉ូ ដែលលោកធ្លាប់ថតសម្ដែងភាពយន្ដនិងខារ៉ាអូខេ ទាំងជាមួយអ្នកនាងទេវី និងគន្ធា តែម្ដង។ក្រៅពីនោះភាពយន្ដនេះក៍ប្រជុំទៅដោយតារាប្រុសស្រីល្បីៗជាច្រើនដួងទៀតដូចជាអ្នកនាងលី ម៉ារីណា,ស៊ឹម ស្រីនិច្ច និងលោកពៅ ពិសិដ្ឋ ជាដើម។


សូមរំលឹកថាខ្សែភាពយន្ដដែលអ្នកនាងអម្ពរ ទេវី ធ្លាប់ទទួលបានការគាំទ្រច្រើនអំឡុងពេលរូបនាងប្រឡូកយ៉ាងជោគជាំនោះមានដូចជារឿង”ស្នេហ៍ហែកជ្រែកវិញ្ញាណ”,”បុត្រាភុជង្គនាគ”,”អាថកំបាំងកិច្ចសន្យា” និងរឿងរាប់រយផ្សេងទៀត។ដោយឡែកអ្នកនាងនារីរ័ត្ន គន្ធា វិញធ្លាប់ល្បីល្បាញមានដូចជារឿង”ផ្លូវបែកជាបី”,”បុប្ផាភ្នំពេញ” និងរឿង”កំលោះឆ្នាំ៩១ “ជាដើម។ចំពោះការវិលមកជួបដៃគូចាស់របស់អ្នកនាងអម្ពរទេវី និងនារីរ័ត្ន គន្ធា នាពេលនេះគេជឿរថាលោកទេព រិនដារ៉ូ នៅតែស្និតស្នាលនិងស៊ីចង្វាក់ដៃគូចាស់ធ្លាប់ចាប់ដៃគ្នាជិត៣០ឆ្នាំរបស់លោកគឺអ្នកនាងទេវី ជាងអ្នកនាងគន្ធា ជាមិនខាន ព្រោះអ្នកទាំងពីរធ្លាប់បានចាប់ដៃគ្នាថតភាពយន្ដចុងក្រោយដល់ទៅ២រឿងកាលពីជាង៥ឆ្នាំមុន៕

