នៅក្នុងរជ្ជកាលដឹកនាំរបស់អតីតប្រធានាធិបតីដូណាល់ត្រាំស្ទើរតែពេញមួយអាណត្តិគឺគ្មានអ្វីក្រៅតែពីការវាយប្រហារគ្នារឿងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកនោះទេ។អីឡូវនេះចូលមកដល់រជ្ជកាលដឹកនាំរបស់ប្រធានាធិបតីលោកចូបៃដិនវិញក៏សកម្មនឹងសង្គ្រាមដែរតែជាសង្រ្គាមដែនអាកាសវិញម្តង។រយៈពេលពេញមួយសប្តាហ៍កន្លងមកនេះអាមេរិកបានចាប់ផ្តើមធ្វើសង្គ្រាមជាមួយចិនជុំវិញករណីបាឡុងហោះ។ អាមេរិកចោទចិនថាប្រើបាឡុងហោះនេះសម្រាប់ឈ្លបយការណ៍លើទីតាំងយោធាបើទោះជាចិនបដិសេធថាជាបាឡុងហោះសម្រាប់តាមដានអាកាសធាតុក៏ដោយ។ ផ្ទុយទៅវិញចិនចោទអាមេរិកថាបានប្រើប្រាស់យានចម្លែកហោះចូលដែនអាកាស់របស់ខ្លួនច្រើនជា១០លើកតែអាមេរិកបដិសេធវិញ។

ទោះបីចិនប្រកែកបែបនេះក៏ដោយយោធាអាមេរិកបាននិយាយកាលពីថ្ងៃអង្គារទី១៤ កុម្ភថាគេបានរកឃើញឧបករណ៍ចាប់សញ្ញា(Sensor)ពីបាឡុងហោះចារកម្មចិន ដែលខ្លួនបានបាញ់ទម្លាក់កាលពីសប្តាហ៍នៅក្នុងមហាសមុទ្រអាត្លង់ទិក។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញ កំទេចកំទីសំខាន់ៗពីកន្លែងធ្លាក់ រួមទាំងឧបករណ៍ចាប់សញ្ញាអាទិភាពនិងបំណែកអេឡិចត្រូនិចទាំងអស់ដែលបានកំណត់អត្តសញ្ញាណ។FBI កំពុងពិនិត្យមើលវត្ថុដែលអាមេរិកនិយាយថាត្រូវបានប្រើដើម្បីស៊ើបការណ៍លើទីតាំងយោធាដ៏រសើប។
អាមេរិកបានបាញ់ទម្លាក់វត្ថុចម្លែកចំនួនបីផ្សេងទៀតចាប់តាំងពីបាឡុងហោះរបស់ចិនដែលបានបាញ់កាលពីថ្ងៃទី៤ ខែកុម្ភៈ។
មន្ត្រីយោធាបាននិយាយថាផ្នែកធំនៃរចនាសម្ព័ន្ធរបស់បាឡុងហោះក៏ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទនៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ។អង់តែនប្រវែង៩-១២ម៉ែត្ររបស់បាឡុងគឺស្ថិតក្នុងចំណោមវត្ថុដែលបានរកឃើញ ។នេះបើយោងតាម CBS ដែលជាដៃគូរបស់ BBC សហរដ្ឋអាមេរិក។
មន្ត្រីអាមេរិកបាននិយាយថាបាឡុងកម្ពស់ខ្ពស់មានប្រភពមកពីប្រទេសចិន ហើយត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើល ប៉ុន្តែប្រទេសចិនបាននិយាយថាវាគ្រាន់តែជាបាឡុងហោះត្រួតពិនិត្យអាកាសធាតុដែលបានវង្វេងទិស។
ជប៉ុននិងកូរ៉េខាងត្បូងគាំទ្រ អាមេរិកចំពោះការបាញ់ទម្លាក់បាឡុងហោះរបស់ចិន

អ្នកការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសទាំងពីរគាំទ្រការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះ បាញ់ទម្លាក់បាឡុងហោះចារកម្មចារកម្មចិន(អាមេរិកសង្ស័យ)ដោយនិយាយថាគ្មានប្រទេសណាមួយត្រូវបានអនុញ្ញាតឱ្យរំលោភបំពានលើអធិបតេយ្យភាពទឹកដីរបស់អ្នកដទៃឡើយ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃ អង្គារទី១៤ខែកុម្ភៈឆ្នាំ ២០២៣។
លោកMoriបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអ្នកការទូតជាន់ខ្ពស់ទាំងពីរថាខ្ញុំបានពន្យល់នៅក្នុងកិច្ចប្រជុំថ្ងៃនេះថា ប្រទេសជប៉ុនគាំទ្រជំហររបស់សហរដ្ឋអាមេរិក។ យើងនឹងរក្សាទំនាក់ទំនងហើយយើងទន្ទឹងរង់ចាំទទួលព័ត៌មានបន្ថែម។
អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់កូរ៉េខាងត្បូងបាននិយាយថា ក្នុងនាមជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក យើងជឿជាក់លើអ្វីដែលសហរដ្ឋអាមេរិកបាននិយាយជាផ្លូវការ” ដោយបន្ថែមថាទីក្រុងសេអ៊ូលរំពឹងថានឹងមានឱកាសសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ជាមួយប្រទេសចិនស្តីពីបញ្ហាបាឡុង។
លោកស្រីSherman ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគី និងជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីខែតុលាឆ្នាំមុន បានលើកឡើងម្តងទៀតនូវជំហររបស់ទីក្រុងវ៉ាស៊ីនតោនថា វាមានទំនុកចិត្តយ៉ាងពិតប្រាកដថា បាឡុងហោះគឺជា ឧបករណ៍ឃ្លាំមើលពីប្រទេសចិន។

ដូចដែលអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានបញ្ជាក់កាលពីថ្ងៃចន្ទដែរ លោកស្រី Sherman បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ប្រទេសចិនដែលថាបាឡុងហោះរយៈកម្ពស់ខ្ពស់របស់សហរដ្ឋអាមេរិកបានចូលទៅក្នុងដែនអាកាសចិនដោយខុសច្បាប់ច្រើនជាង១០ដងចាប់តាំងពីឆ្នាំមុន។
លោកស្រីShermanបានបន្ថែមថាខ្ញុំសូមបន្ថែមការពិតដែលមានសារៈសំខាន់ខ្លាំងណាស់គឺមិនមានបាឡុងហោះរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅលើសាធារណរដ្ឋប្រជាមានិតចិនទេ – គ្មាន, សូន្យ ។ក្រៅពីរឿងបាឡុងហោះលោកស្រី Sherman ក៏បានពិភាក្សាជាមួយអ្នកការទូតសម្ព័ន្ធមិត្តអាស៊ីសំខាន់ៗពាក់ព័ន្ធ ទៅនឹងបញ្ហាកូរ៉េខាងជើង សង្រ្គាមដែលកំពុងបន្តរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងចក្ខុវិស័យរួមនៃឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ៕