អាជ្ញាធរបានក្រិកនិយាយថា យ៉ាងហោចណាស់មនុស្ស៣៦ នាក់បានស្លាប់និង ៨៥នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពី រថភ្លើងពីរគ្រឿងបានបុកគ្នាពេញទំហឹង នៅជិតទីក្រុងLarissa កាលពីយប់ថ្ងៃអង្គារទី២៨ខែកុម្ភៈ។ មូលហេតុនៃការបុកគ្នាដ៏សាហាវបំផុតនៅក្នុងប្រទេសក្រិកក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះនៅតែមិនទាន់ច្បាស់នៅឡើយ។ប្រព័ន្ធផ្សព្វផ្សាយក្រិកបានហៅឧបទ្ទហេតុនេះថាជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសក្រិក។

អ្នកនាំពាក្យសេវាកម្មពន្លត់អគ្គីភ័យបានបញ្ជាក់ថា ទូរថភ្លើងជាច្រើនបានក្រឡាប់ធ្លាក់ពីផ្លូវរនៅមុនពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីរថភ្លើងដឹកទំនិញ និងរថភ្លើងផ្ទុកអ្នកដំណើរចំនួន ៣៥០នាក់ បុកគ្នាពាក់កណ្តាលផ្លូវតាមបណ្តោយផ្លូវរវាងទីក្រុងអាថែន និងក្រុងថេស្សាឡូនីគី។
អ្នកនាំពាក្យ Vassilis Vathrakogiannis បានប្រាប់អ្នកយកព័ត៌មានថាមនុស្ស៣៦នាក់ត្រូវបានបញ្ជាក់ថាស្លាប់ដោយបន្ថែមថាកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះមនុស្សកំពុងបន្ត។ក្នុងចំណោមអ្នករបួស៨៥នាក់ មនុស្ស ៥៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អ្នកពន្លត់អគ្គីភ័យប្រហែល ១៥០នាក់ និងរថយន្តសង្គ្រោះ ៤០ត្រូវបានចល័តសម្រាប់ការឆ្លើយតប។នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់ក្រិក៕