ភ្នំពេញ៖សុខ ស្រីនាង បានរបូតបាត់តំណែងជាគណៈកម្មាការCambodian Idol Junior រដូវកាលទី២ និងត្រូវជំនួសដោយនាងសុខ សីឡាលីន វិញ ខណៈដែលនៅរដូវកាលទី១នាងបានចាប់ដៃជាមួយលោកព្រាប សុវត្ថិ និងឆន សុវណ្ណារាជ ទទួលបានបទពិសោធន៍គូសម។យ៉ាងណាមិនមែនតែស្រីនាង ម្នាក់ប៉ុណ្ណោះទេ ប៉ុន្ដែគណៈកម្មាការទាំង៣រូបកាលពីរដូវកាលទី១មានដូចជាលោកព្រាប សុវត្ថិ,ឆន សុវណ្ណារាជ គឺត្រូវបាត់មុខទាំងអស់សម្រាប់រដូវកាលថ្មីនេះ ខណៈដែលលោកសុវត្ថិ ទៅGalaxy ជាង២ឆ្នាំទៅហើយទើបធ្វើឲ្យថ្នាក់ដឹកនាំហង្សមាសផ្លាស់ប្ដូរមុខមាត់គណៈកម្មាការពីកម្មវិធីមួយនេះទាំងស្រុងតែម្ដង។សម្រាប់ស្រីនាង វិញក្រោយបាត់បង់តំណែងធំនេះមិនមានព័តមានថានាងត្រូវបានថៅកែហង្សមាសរុញឲ្យទៅអង្គុយកៅអីពិសេសនេះនៅកម្មវិធីណាផ្សេងឡើយពោលគឺមិនខុសគ្នាទៅនិងនាងសួស វីសា ដែលត្រូវបាត់មុខពីCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី២ ជំនួសដោយសុគន្ធ និសា នោះឡើយ។

ទោះជាយ៉ាងណាតាមព័តមានថាស្រីនាង នៅតែជាតារាចម្រៀងហង្សមាសនៅឡើយ ព្រោះកុងត្រាមិនទាន់ផុតកំណត់ ហើយក្រោយអស់តំណែងមួយនេះនាងអាចនឹងងាកទៅថតភាពយន្ដសារជាថ្មីបន្ថែមទៀតក្រោយឆក់បានតំណែងតួឯកធំ២រឿងមកហើយគឺរឿងភាគ”រាជនីយភូមិគ្រិះ” និងរឿងខ្នាតធំថតចប់មិនទាន់ដាក់បញ្ចាំង”ខ្ញុំមានញាណលើស”

សុខ ស្រីនាង ត្រូវបានហង្សមាសទុកចិត្តដោយផ្ដល់តំណែងជាតួឯករឿងធំៗដល់នាងហើយមុននេះនាងថែមទាំងមានឱកាសចាប់ដៃជាមួយឱក សុគន្ធកញ្ញា លេងចម្រៀងខ្សែរឿង”ស្នេហាខ្ញុំ ផ្លូវ២”ទៀតផង។ប៉ុន្ដែស្រីនាង នៅតែមិនសូវមានសន្ទុះខ្លាំងក្នុងទីផ្សារចម្រៀងនៅឡើយ ហើយទោះជានាងស្ថិតក្នុងចំណោមតារាមានរូបរាងស្អាតលេចធ្លោម្នាក់នៅហង្សមាសក្ដី តែក្រុមហ៊ុនស្ពតមួយចំនួនបែជាមើលរំលងនាងទៅវិញមិនដូចមិត្តរួមទ្រនុំឱក សុគន្ធកញ្ញា,ពេជ្រ សោភា ,សុគន្ធ និសា និងរ៉េត ស៊ូហ្សាណា ជាដើមឡើយ ដែល១ឆ្នាំៗពួកគេរកលុយពីពាណិជ្ជកម្មរាប់សែនដុល្លារ។ទោះជាយ៉ាងណាក្រុមFan គាំទ្រស្រីនាង ពួកគេបានលើកឡើងថាអ្នកមេម៉ាយរូបស្អាតនេះមានតម្លៃខ្លួននៃការច្រៀងសម្ដែងខ្ពស់ជាងមុន បើប្រៀបធៀបនាងនៅផលិតកម្មចាស់នោះ ហើយអ្វីដែលប្រែប្រួលសម្រាប់រូបនាងតាំងពីចូលហង្សមាសនោះគឺអតីតតារាK.H ដែលពីមុនច្រៀងតែបទស្លូវ និងមិនចេះលេងក្បាច់រាំដូចគេនោះពេលនេះនាងអាចច្រៀងបានសឹងតែគ្រប់ទម្រង់ហើយថែមទាំងអាចលេងក្បាច់រាំដូចតារាផ្សេងៗទៀតដែរ។

សុខ ស្រីនាង ត្រូវបានគេព្យាករណ៍ថានាងអាចនឹងលេចធ្លោជាងនេះមិនខាននៅពេលភាពយន្ដរឿង”ខ្ញុំមានញាណលើស”ដែលនាងជាតួឯកជំនួសឱក សុគន្ធកញ្ញា នោះត្រូវបានដាក់បញ្ចាំងនាពេលខាងមុខ ព្រោះថាការបាត់បង់តំណែងធំជាគណៈកម្មាការCambodian Idol Junior នារដូវកាលទី២នេះ ច្បាស់ណាស់ថាវាអាចធ្វើឲ្យនាងពិបាករកឱកាសមួយនេះម្ដងទៀត។តែស្រីនាង មិនបង្ហាញពីក្ដីទុក្ខសោកនៃការជ្រុះបាត់កៅអីពិសេសរបស់នាងតាមរយៈការបញ្ចេញសារណាមួយឡើយ ហើយកាលពីចុងឆ្នាំ២០២២ គេឃើញនាងបានចេញទៅដើរលេងកម្សាន្ដនៅក្រៅស្រុកជាបន្ដបន្ទាប់តែម្ដងដែលរឿងនេះត្រូវបានគេសង្ស័យថាអ្នកមេម៉ាយវ័យ៣៦ឆ្នាំ រូបនេះកំពុងពិសោធន៍ស្នេហ៍ថ្មី តែស្រីនាង ដែលលែងប្ដីលោកស៊ី សុវត្ថិ ជិត១៣ឆ្នាំទៅហើយនោះនាងមិនដែលបណ្ដើរបុរសរូបណាជាចំហបែបគូស្នេហ៍ម្ដងណានោះទេ។

ការជ្រើសផ្លូវសាងស្នេហ៍លាក់មុខនេះត្រូវបានគេលើកឡើងថាដោយសារតែស្រីនាង មិនទាន់ច្បាស់លាស់ជាមួយម្ចាស់ចិត្តថ្មីទើបនាងរារែកចិត្តក្នុងការលាតត្រដាងរឿងស្នេហ៍ បើទោះជាតារាមេម៉ាយរួមដំបូលជាមួយនាងដូចជាពេជ្រ សោភា,ពេជ្រ សូលីកា និងប៉ាច គីមមួយ ជាដើមពេលនេះពួកគេសុទ្ធតែហ៊ានបង្ហាញម្ចាស់ចិត្តថ្មីរៀងៗខ្លួនក្ដី។

ក្រៅពីសុខ ស្រីនាង តារាដែលសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២៣ នេះមានដូចជារ៉េត ស៊ូហ្សាណា,សុខ ពិសី ,តន់ ច័ន្ទសីម៉ា ,អ៊ីវ៉ា ,សុខ សោម៉ាវត្តី និងកែវ និសា ជាដើម៕