ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ សម្ដេច បានចុះហត្ថលេខាលើការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការិនី ដែលរោងចក្រត្រូវបានព្យួរ ការងារ ប្រមាណ ៣២០០០នាក់ (ស្រី ២៦០០០នាក់) ដូចការឧបត្ថម្ភអំឡុងសម័យកាលកូវីដ-១៩ ដែរ។
សម្តេចហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជា អធិបតី ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូន សិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ សម្តេចហ៊ុន សែន បានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិភាក្សាបន្ទាន់ជាមួយបណ្តាថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង ដែលបានបិទទ្វារ ឬព្យួរការងារកម្មករ ដើម្បីត្រៀមកិច្ចអន្តរាគមន៍ដល់កម្មករ កម្មការិនី ដែល ត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣ តទៅ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅពេលនោះថា “មានបញ្ហាមួយ ដែលខ្ញុំគួរតែត្រូវបានលើកនៅទីនេះ ហើយដែលបានប្រគល់ការងារនេះឱ្យឯកឧត្តម អ៊ិត សំហេង និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សភាពការណ៍ សេដ្ឋ កិច្ចពិភពលោក មិនល្អទេ ទាំងនៅអាមេរិក ទាំងនៅអឺរ៉ុប ជាពិសេសគឺនៅអឺរ៉ុបហ្នឹងតែម្តង វាបញ្ហានៅពេលនេះ ពិតមែនតែមិនធ្លាក់ចុះធ្ងន់ធ្ងរ ប៉ុន្តែបានកើតឡើងនូវបញ្ហាធ្ងន់ អតិផរណាទូទាំងសកលលោក ធ្វើឱ្យមនុស្ស ដែល មានប្រាក់ចំណូលខាតបង់យ៉ាងធ្ងន់ អ៊ីចឹងទេ ស្ថានភាពនេះ ការបញ្ជាទិញពីខាងក្រៅមកក្នុងប្រទេសរបស់យើង ជាពិសេសការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង ត្រូវបានកាត់បន្ថយ។ នៅចាំបានទេ នៅក្នុងឆ្នាំ២០០៨ វិបត្តិ សេដ្ឋកិច្ចសកល បានចាប់ផ្តើមជាមួយនឹងវិបត្តិចាប់ផ្តើមពីអាមេរិក ឈានចូលទៅអឺរ៉ុប ការបាត់បង់ប្រាក់ចំណូល នៅអាមេរិក និងនៅអឺរ៉ុប បានប៉ះពាល់យ៉ាងធ្ងន់ ចំពោះតំបន់ផលិត ទាំងនៅបង់ក្លាដេស ទាំងនៅកម្ពុជា ទាំងនៅ វៀតណាម និងប្រទេសដទៃទៀត នូវការបញ្ជាទិញ ដោយសារអ្នកទាំងនោះ បាត់បង់ប្រាក់ចំណូល។
ឧទាហរណ៍ មនុស្សម្នាក់ ធ្លាប់ទិញអាវ ក្នុង១ឆ្នាំ ៣កំប្លេ ដោយសារប្រាក់ចំណូលធ្លាក់ចុះ គេនៅទិញតែ ១កំប្លេទេ អ៊ីចឹងតម្រូវ ការទីផ្សាររបស់គេ ក៏មានការធ្លាក់ចុះ នៅក្នុងប្រទេសដែលមានបញ្ហា ជាពិសេសអឺរ៉ុបតែម្តង អ៊ីចឹងបើ តម្រូវការ នៅក្នុងប្រទេសដែលមានបញ្ហាធ្លាក់ចុះហើយ តម្រូវការបញ្ជាទិញពីយើង ក៏ធ្លាក់ចុះដែរ។ ឆ្នាំ២០០៨ -២០០៩ យើង ក៏ បិទរោងចក្រមួយចំនួន ហើយយើងក៏បង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ រួចហើយយើង បង្កើតមុខ របរថ្មី ឱ្យប្រជាជនយើង កម្មករ-កម្មការិនីយើង ក៏បានច្រើនណាស់ដែរនៅពេលនោះ ដែលហៅថា មូលនិធិសម្តេចតេជោ សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ យើងស្រោចស្រង់កម្មករ-កម្មការិនីរបស់យើងបែបនេះ ដល់មកដល់កូវីដ ឆ្នាំ២០២០-២០២១ ដែលធ្វើខ្សែច្រវាក់ផលិតកម្ម ការបញ្ជាទិញ ការដឹកជញ្ជូន ការផ្គត់ផ្គង់វត្ថុធាតុ ដើមមកកាន់កម្ពុជា គឺមានការលំបាក អ៊ីចឹងរោងចក្ររាប់រយរោងចក្រ ដែលត្រូវបិទទ្វារ តម្រូវឱ្យយើងរៀបចំនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតដែលមានរោងចក្រត្រូវព្យួរ ឬបិទទ្វារ ដោយប្រើយន្តការ រដ្ឋឧបត្ថម្ភ ៤០ដុល្លារ និងថៅកែរោងចក្រ ៣០ដុល្លារ យើងបានប្រើនូវវិធីនេះ។
ឥឡូវខ្ញុំបានទទួលនូវរបាយការណ៍ពីសហជីពមួយ ដែលបានស្គាល់លេខ WhatsApp របស់ខ្ញុំ បានបញ្ជូនសារ មកខ្ញុំ សំណូមពរថា ឥឡូវនេះ ចំនួនរោងចក្រដែលព្យួរ មានការកើនឡើង ដែលកម្មករ-កម្មការិនីសំណូម ពរឱ្យ ជួយអន្តរាគមន៍។ ខ្ញុំបានបញ្ជូនបញ្ហានេះ ទៅឯកឧត្តម អ៊ិត សំហេង និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អ៊ីចឹងពិភាក្សាគ្នា ដើម្បីឆ្លើយតបលើបញ្ហានេះ។ វាមិនច្រើនដូចសម័យកូវីដទេ អ៊ីចឹងចំពោះកម្មករដែលត្រូវព្យួរការងារ យើងត្រូវពិ ភាក្សាជាមួយនឹងម្ចាស់រោងចក្រ យើងធ្វើដូចសម័យកូវីដ រាជរដ្ឋាភិបាល ៤០ដុល្លារ ម្ចាស់រោងចក្រ ៣០ដុល្លារ ហើយគួរត្រូវបានអនុវត្ត ចាប់ពីខែមេសា ព្រោះឥឡូវវាផុតហើយខែនេះ អ៊ីចឹងត្រូវរួសរាន់ពិភាក្សា ជាមួយម្ចាស់ រោងចក្រដែលត្រូវបិទ ដើម្បីដាក់ចេញនូវអន្តរាគមន៍។
យើងបានអន្តរាគមន៍តាមរយៈក្រសួងសង្គមកិច្ច អំពីគ្រួសារក្រីក្ររងគ្រោះក្នុងកូវីដ ជុំទី១២ លើកទី២ គ្រាន់តែ អ្នកដែលទទួលចំណាយខែកុម្ភៈ អស់១២៣ពាន់លានរៀល គឺមានទំហំស្មើជាង៤០លានដុល្លារ ហើយបើគិត ពីពេលដែលយើងចាប់ផ្តើម រហូតមកដល់ពេលនេះ យើងបានបញ្ចេញតាមច្រកនេះ អស់ថវិកាប្រមាណជាង ១២០០លានដុល្លាររួចស្រេចទៅហើយ។ អន្តរាគមន៍បន្តទៀត មានអន្តរាគមន៍ជាសាច់ប្រាក់ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ រហូតមកដល់ពេលនេះ យើងចាយអស់ ៩២ពាន់លាន វាមិនច្រើនទេ ហើយថ្ងៃមុន ពេលដែលប្រជុំជាមួយនឹងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ខ្ញុំក៏បានប្រាប់ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបង្កើនថែមចំនួនទឹកប្រាក់ដែលស្ត្រីម្នាក់ត្រូវបានទទួល ចាប់ពីពេលមានផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះ ៤ដង ត្រូវផ្តល់ប្រាក់ឱ្យគាត់ ៤ដង ពេលឆ្លងទន្លេ យើងឧបត្ថម្ភគាត់ម្តង អាហ្នឹងច្រើនបន្តិច ដល់បន្ទាប់ទៅ រហូតដល់ កូនអាយុ២ឆ្នាំ គឺចំនួនទឹកប្រាក់នេះ យើងត្រូវឧបត្ថម្ភគាត់ ៨ដង ១ឆ្នាំ ៤ដងៗ រហូតដល់កូនអាយុ២ឆ្នាំ។ អ៊ីចឹងទេ គួរត្រូវបន្ថែមបង្កើនទឹកលុយ ឧទាហរណ៍ថា ពេលឆ្លងទន្លេ យើងផ្តល់ឱ្យគាត់ ២០ម៉ឺន តើយើងអាចផ្តល់ឱ្យគាត់ ៣០ម៉ឺនទេ?
បើបង្កើនឆ្នាំនេះ មិនបាន ដោយសារច្បាប់ថវិកាចេញហើយ យើងគួរអនុវត្តនៅឆ្នាំក្រោយ ដើម្បីឱ្យស្ត្រីក្រីក្រដែល ទទួលបាននូវផលប្រយោជន៍ពីកម្មវិធីគាំពារសង្គម សម្រាប់ស្ត្រីមានផ្ទៃពោះ គឺយើងត្រូវបង្កើនសាច់ ប្រាក់ឱ្យពួក គាត់ ដើម្បីឱ្យគាត់មានយ៉ាងហោចណាស់ អាហារូបត្ថម្ភ។ នេះជាកិច្ចការដែលយើងបានធ្វើ។ នៅមានអន្តរាគមន៍ សាច់ប្រាក់ជូនគ្រួសារដែលរងហានិភ័យ ដោយសារសម្ពាធអតិផរណា រហូតមកដល់ពេលនេះ គឺយើងចំណាយ ថវិកាអស់ ៣២ពាន់លានទៅហើយ កម្មវិធីសាច់ប្រាក់ដល់គ្រួសាររងហានិភ័យដោយសារទឹកជំនន់កន្លងទៅ យើងក៏បានប្រើប្រាស់សាច់ប្រាក់ អស់ចំនួន ៤៦ពាន់លាន នេះជារឿងធ្វើពិតប្រាកដ ដែលមិនមែនជាការសន្យា ខ្យល់ និងដាក់ចេញគោលនយោបាយខ្យល់ នេះកំពុងតែចេញលុយទៅ ហើយ ចេញរាល់ថ្ងៃ…”៕ ដារិទ្ធ