ខេត្តកំពង់ស្ពឺ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ថា តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់នាយប៉ុស្តិ៍ពោធិ៍អង្គ្រង លោកទ្រី បូរិន ពីបទឃាតកម្ម ក្រោយពីបានសួរចម្លើយនិងពិនិត្យលើភស្តុ តាង ជុំវិញករណីផ្ទុះអាវុធ បណ្តាលឱ្យយុវជនម្នាក់ បាត់បង់ជីវិត។

គួរបញ្ជាក់ថា ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៩៩ បានបញ្ញត្តិថា “បទឃាតកម្ម” គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ)។ បទឃាតកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១០ឆ្នាំ ដល់ ១៥ឆ្នាំ។
គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១០និង១០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិគ្រញូង ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយយុវជន ២នាក់ ជិះម៉ូតូមកពីទិញទឹកកក ជួបនឹង កម្លាំងសមត្ថកិច្ចល្បាត ឃាត់ឱ្យឈប់ ធ្វើឱ្យភិតភ័យក៏ជិះម៉ូតូបកក្រោយ ស្រាប់តែត្រូវនាយប៉ុស្តិ៍នគរបាល ១រូប ដែលដឹកនាំកម្លាំងចេញល្បាត ផ្ទុះអាវុធ ១គ្រាប់ បណ្តាលឱ្យចំដើមទ្រូង យុវជនជាអ្នកបើកម៉ូតូ ធ្វើឱ្យធ្លាក់ទាំងម៉ូតូ និងមនុស្ស ចូលទឹកប្រឡាយ ស្លាប់ម្នាក់ ខណៈអ្នកជិះ ពីក្រោយមិនមានគ្រោះថ្នាក់អ្វីទេ។ ក្រោយកើតហេតុ លោកនាយប៉ុស្តិ៍ បានចូលទៅប្រគល់ខ្លួននៅអធិការដ្ឋាន និងសារភាពថា ដោយឃើញក្មេងជិះម៉ូតូត្រឡប់ក្រោយ គាត់បានលើកកាំភ្លើងឡើងលើ ដើម្បីគំរាមឱ្យក្រុមក្មេងនេះឈប់ម៉ូតូ តែត្រូវក្មេងជិះម៉ូតូបំបុក បណ្តាលឱ្យរៀលកៃ ផ្ទុះ១គ្រាប់ ត្រូវជនរងគ្រោះតែម្តង។
យុវជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ ផា រ៉ាយុ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី១០ រស់នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ។ ចំណែកជនសង្ស័យដែលផ្ទុះអាវុធបណ្តាលឱ្យយុវជនខាងលើស្លាប់ មានឈ្មោះទ្រី បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាលជាតិ មានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។
តាមប្រភពសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ផា រ៉ាយុ បានជិះម៉ូតូដឹកមិត្តភក្តិម្នាក់ ទៅទិញទឹកកក ដើម្បីយកមកហូបចុកជួបជុំមិត្តភក្តិ បងប្អូន។ លុះពេលត្រឡប់មកវិញ ដោយ សារយប់ងងឹត ឃើញមានមនុស្ស ៣ទៅ ៤នាក់ នៅឈរចំពីមុខពួកគេ ស្រែកឱ្យឈប់ម៉ូតូ ពួកគេភ័យក៏បត់ម៉ូតូ ត្រឡប់ក្រោយ។ ពេលនោះ បានជួបនឹងបុរសម្នាក់ដែលគេស្គាល់ថា ជាលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍អង្គ្រង បានបាញ់ទៅលើយុវជនរងគ្រោះ ឈ្មោះផា រ៉ាយុ ចំដើមទ្រូង ហើយយុវជនរងគ្រោះបានស្រែកថា រូបគេត្រូវ ១គ្រាប់ ចំដើមទ្រូងហើយ និងបន្ថែមល្បឿនម៉ូតូរត់ ក៏ធ្លាក់ចូលទៅក្នុងប្រឡាយ ស្លាប់ភ្លាមតែម្តង។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ ក្រុមលោកនាយប៉ុស្តិ៍ បានរត់គេចចេញពីកន្លែងកើតហេតុបាត់ ឯសាច់ ញាតិក្រុមគ្រួសារ បាននាំគ្នារត់ទៅលើកសពយុវជនរងគ្រោះ យកមកដាក់នៅផ្ទះ និងដាក់ពាក្យបណ្តឹងភ្លាមៗ ដើម្បីឱ្យសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធ ជួយរកយុត្តិធម៌ឱ្យ យុវជនរងគ្រោះ។
តាមសម្តីរបស់ស្ត្រីជាម្តាយយុវជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់មានកូន ចំនួន២នាក់ក្នុងបន្ទុក ដោយកូនប្រុសដែលត្រូវប៉ូលិសបាញ់ស្លាប់នេះ គឺជាកូនច្បងក្នុងគ្រួសារ។ នៅមុនពេលកើតហេតុ កូនប្រុសគាត់ (ជនរងគ្រោះ) បានជិះម៉ូតូ ចេញទៅទិញទឹកកក និងស្រាបៀរ ហូបជាមួយមិត្តភក្តិ ចំណែកគាត់និងប្តី ដេកនៅលើគ្រែក្រោមផ្ទះ ស្រាប់តែបន្តិចក្រោយមក មានគេរត់មកប្រាប់ថា “កូនអ៊ីឯង ប៉ូលិសបាញ់ងាប់ហើយ បាញ់ធ្លាក់ទឹកទៀត” ឮបែបនេះ គាត់ក៏ប្រញាប់រត់ទៅមើល ឃើញកូនប្រុសគាត់ពិតជាស្លាប់មែន។
ស្ត្រីជាម្តាយ បាននិយាយថា “គេបាញ់កូនខ្ញុំស្លាប់ហើយ គេថាគេអត់មានចេតនាទេ បាញ់គ្នាងាប់ហើយ ថាអត់ចេតនាទៀត”។ ជាមួយនេះ ម្តាយយុវជនរងគ្រោះ បានទទូចសំណូមពរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ជូនកូនប្រុសរបស់គាត់ផង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ឃុំពោធិ៍អង្គ្រង ចំនួន៥នាក់ ដែលដឹកនាំដោយលោកទ្រី បូរិន ជានាយប៉ុស្តិ៍ បានចេញល្បាតក្នុងមូលដ្ឋាន។ ខណៈនោះ មានមុខសញ្ញាសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ហៅឱ្យឈប់ ដើម្បីពិនិត្យ ប៉ុន្តែពួកគេមិនព្រមឈប់ និងបានបត់ត្រឡប់ក្រោយ ប៉ះនឹងលោកទ្រី បូរិន ជានាយប៉ុស្តិ៍ បណ្តាលឱ្យរៀលកៃកាំភ្លើងអាកា ១គ្រាប់ ត្រូវចំទ្រូងឆ្វេងរបស់ជនរងគ្រោះ ឈ្មោះផា រ៉ាយុ បណ្តាលឱ្យស្លាប់។ក្រោយកើតហេតុ លោកទ្រី បូរិន បានយកកាំភ្លើង ចូលទៅប្រគល់ខ្លួនជូនលោកអធិការនគរបាលស្រុកបសេដ្ឋ ដើម្បីអនុវត្តតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច លោកទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍អង្គ្រង បាននិយាយថា នៅពេលមានហេតុការណ៍កើតឡើង ដោយឃើញក្មេងជិះម៉ូតូត្រឡប់ក្រោយ គាត់បានលើកកាំភ្លើងឡើងលើ ដើម្បីគំរាមឱ្យក្រុមក្មេងនេះឈប់ម៉ូតូ តែបណ្តាលឱ្យរៀលកៃ ផ្ទុះ១គ្រាប់ ត្រូវជនរងគ្រោះតែម្តង។

ក្រោយបញ្ចប់ការសាកសួរតាមនីតិវិធី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនជនសង្ស័យ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។ លុះមកដល់ល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ជនសង្ស័យ ពីបទឃាតកម្ម ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី១០ឆ្នាំ ដល់១៥ឆ្នាំ៕