Sunday, September 22, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ទៅ២ខែ ប្រែប្រួលអ្វីខ្លះ?

ខេមរៈ សិរីមន្ដ ៖ទៅ២ខែ ប្រែប្រួលអ្វីខ្លះ?

ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាសលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានជ្រកនៅ​Galaxy រយៈពេល២​ខែហើយ ដែលទ្រនុំទី៤របស់អ្នកចម្រៀងវ័យ៣៨ឆ្នាំរូបនេះគេ​មើល​ឃើញ​ថាសិរីមន្ដ  ព្យាយាមធ្វើឲ្យទីផ្សារ​ចម្រៀ​ងរបស់ខ្លួនមានការប្រែប្រួលឡើងវិញ បន្ទាប់ពីស្ងប់​ស្ងាត់អស់១ឆ្នាំក្រោយឡើងជាឧកញ៉ា។យ៉ាងណាការ​ជ្រកនៅ​ផលិតកម្មថ្មីនេះទើបរយៈពេលខ្លី ហេតុនេះហើយគេមិនទាន់ដឹងថាលោកប៊ុនថៃ នឹងអាចធ្វើឲ្យទីផ្សារចម្រៀងខ្លាំង​ដូចមុន​ឬទៅ​លែងរួចនោះទេ ព្រោះការចេញបើកឆាកនាពេលនេះគឺសិរីមន្ដ មានតែការប្ដូរម៉ូសក់ពីខ្លី មកជា​សក់​រួញវិញម្ដង ដែលពីមុនអតីតតារាU2 ,សាន់ដេ និងហង្សមាសរូបនេះ មិន​ធ្លាប់​​ប្រើនប្រាស់ម៉ូដសក់​មួយ​នេះឡើយ​។ចំណែកបទចម្រៀងរបស់សិរីមន្ដ នៅGalaxy  ដែល​ចេញជាបន្ដបន្ទាប់នោះគឺមានបទ”ទយៗ”ហាក់មាន​ការចាប់​អារម្មណ៍គ្រាន់បើប្រៀបធៀបទផ្សេងៗទៀត ហើយលោកក៍ត្រៀមចេញបទចម្រៀងរៀបរាប់​ពីព្រឹត្តិ​ការណ៍ស៊ី​ហ្គេម​​​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះដោយចាប់ដៃជាមួយលោកព្រាប សុវត្ថិ ,ខេម និងតន់ ច័ន្ទសីម៉ា ផងដែរ។

 ខេមរៈ សិរីមន្ដ បានចាប់អាជីពចម្រៀងជាង១៩ឆ្នាំមកហើយ ដែលការឈជើងក្នុង​សិ​ល្បៈ​បានរឹងមាំបែបនេះ​ដោយ​សារតែលោកប៊ុនថៃ មានទីប្រឹក្សាពិសេសគឺលោកខេមរៈ ភិ​រុណ ជាបងប្រុស​ ជាអ្នកនិពន្ធបទចម្រៀង​ឲ្យច្រៀងតាំងពីឆ្នាំ២០០៤ ម្លេះ ហើយពេលទៅដល់​Galaxy​ ក៍​មន្រ្ដីពាក់ផ្កាយ១រូបនេះនៅតែតាមជួយប្អូន​លោក​ដដែល។អ្នកជំនាញ​សិល្បៈបាន​លើក​ឡើងថាអំឡុងពេលដែលលោកព្រាប សុវត្ថិ ដើរចេញពីហង្សមាសចូល​Galaxy កាលពី​ខែសីហា ឆ្នាំ២០២០ នោះសិរីមន្ដ បានក្លាយទៅជាតារាឈានមុខគេក្នុងចំណោមតារាប្រុស​នៅ​ហង្ស​មាស ប៉ុន្ដែពេលនេះពួកគេបានប៉ៈគ្នានៅផលិតកម្មតែមួយជាលើកទី២ ហេតុនេះ​ហើយនៅឆ្នាំ២០២៣ នេះ​គេនឹងអាចមើលឃើញច្បាស់ជាមិនខានថាអ្នកណា​ដែលក្លាយជា​តួឯក ហើយចាំមើលថាអ្នក​ក្លាយជាតួរងនឹង​សុខចិត្តដែរ​ឬអត់?

ការលើកឡើងបែបនេះ​ដោយ​សារ​តែមុនតារាទាំងពីរឡើងជាឧកញ៉ានោះលោកសិរីមន្ដ និងសុវត្ថិ មានការ​ប្រ​ជែងនិង​កាច់​កុងគ្នា​ខ្លាំង រហូតពេលខ្លះពិបាកបែងចែកឲ្យដឹងថា១ណាឈ្នះ ឬចាញ់ទៀតផង​។ប៉ុន្ដែតាំងពី​អ្នក​ចម្រៀង​លំដាប់ជូរមុខទាំងពីរឡើងជាឧកញ៉ាជាង១ឆ្នាំមកនេះការ​ចេញបទចម្រៀងទប់​ទល់​​​គ្នាក្ដៅគគុកដូចមុន​នោះត្រូវបានកាត់បន្ថយ ហើយម្នាក់ៗងាកទៅរកស៊ីលក់​ដីឡូតិ៍រៀង​ៗ​ខ្លួន​ទើបធ្វើឲ្យទីផ្សារចម្រៀងពួកគេ​ជាង១ឆ្នាំ​មកនេះ ទស្សនិកជនមិនសូវចាប់​អារម្មណ៍ដូច​មុន​ឡើយ។

 មជ្ឈដ្ឋានមហាជនមើលឃើញថាប្រសិនបើខេមរៈ សិរីមន្ដ ប្រឡូកសិល្បៈពេញទំហ៊ឹង​ដូចមុនហើយបង​ប្រុស​លោក​នៅតែជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀងទៀតនោះច្បាស់ជាមិនងាយមានតារាណាផ្ដួលបានឡើយ ប៉ុន្ដែ​បើរយាលៗដូចឆ្នាំ២០២២ នោះលោកប៊ុនថៃ ច្បាស់​ជាប្រឈម​ចុះខ្សោយជាមិនខាន ដែលពេលនោះ”រលក​ក្រោ​យ នឹងច្រានរលកមុន”។​ដោយ​ឡែក​​សម្រាប់​អ្នកជំនាញសិល្បៈលោកស៊ិន សិលា ដែលដឹកនាំកម្មវិធីប្រគុំតន្រ្ដី​របស់ប៉ុស្ដិ៍CTN ធ្លាប់លើក​ឡើង​​នឹងសំណូមពរថាតារាទាំងឡាយ ដែលឡើងជាឧកញ៉ា ហើយគូតែឈប់ពី​សិ​ល្បៈ​ឲ្យដាច់​ស្រឡះ កុំឲ្យច្របូកច្របល់ ច្រៀងផង ធ្វើជាឧកញ៉ាផង នោះពេលនេះ​ឃើញថា​ការស្នើរឡើងនេះគ្មាន​ប្រ​សិទ្ធភាពនោះទេ ព្រោះលោកសិរីមន្ដ នៅបន្ដ​អាជីពចាស់​នេះ​ដដែល​គឺដូចលោកសុវត្ថិ ដែរ បើទោះជាលោកទុំ សា​រុត ហៅឧកញ៉ាឃ្លោគ និង​​លាន អាហ្រ្វីលគីនីន បានផ្ដាច់ខ្លួនពីសិល្បៈដូចគ្នាតាំងពីអ្នកទាំងពីរក្លាយ​ជាឧកញ៉ា​ភ្លាមៗ​ក៍ដោយ។

 គូរកត់សម្គាល់ថាក្រោយលោកខែម ប៊ុនថៃ ឡើងជាឧកញ៉ានេះលោកធ្លាប់ចេញវីដេអូ​ថាច្រៀង៦បទ បាន១ម៉ឺន​ដុល្លារ ដែលតម្លៃនេះធ្វើឲ្យអ្នករៀបចំកម្មវិធីតូចតាមថ្ងូរដូចព្រាប ថា​មិនហ៊ានជួលលោកឧកញ៉ាច្រៀងទេ ព្រោះ​ហៅ​ម្នាក់ស្មើតារាល្បីល្មមៗ២០នាក់ឯណ្ណោះ ហេតុ​នេះហើយបានជាគេមិនសូវឃើញលោកប៊ុនថៃ ចេញច្រៀង​ច្រើនកម្មវិធីដូចមុននោះទេ គឺភាគ​ច្រើនបង្ហាញខ្លួនតែការប្រគុំតន្រ្ដីដែលរៀបចំដោយGalaxy ច្រើនជាង​ខាង​ក្រៅ​។ប៉ុន្ដែលោក​ប៊ុនថៃ ពេលនេះត្រូវបានគេចាត់ទុកថាជាអ្នកមានទ្រព្យស្ដុកទៅហើយ បើទោះជាលោកមិន​ដែល​ទម្លាយទ្រព្យសរុបថាទំហ៊ុំទឹកប្រាក់ចំនួនប៉ុន្មានដូចលោកព្រាប សុវត្ថិ ដែលត្រូវមនុស្ស​ជំនិតប្រាប់អ្នក​កាសែត​កាល​ពីខែកញ្ញាឆ្នាំ២០២០ ថាលោកស្នាយ មានទឹកលុយសរុបខ្ទង់​៣០​លាន​ដុល្លារក្ដី ក៍លោកប៊ុនថៃ អាចមានខ្ទង់​ចូលលានដុល្លារដែរ ហើយទោះមិនឡើង​ឆាកក៍​លុយ​​លោកចាយ​មិនចេះអស់ឡើយ៕

RELATED ARTICLES