ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហាញភាពស្និតស្នាលជាមួយអ្នកចម្រៀងGalaxy និងអតីតអ្នកចាត់ការទូទៅផលិតកម្មនេះលោកយឹម តាស្រង់ កាលពីពេលថ្មីៗនេះ ទើបធ្វើឲ្យមានការព្យាករណ៍ថាស្រីនាថ ជាគោលដៅទិញចូលបន្ទាប់របស់ផលិតកម្មចាយលុយធំ នេះក្រោយពីផលិតកម្មជើងថ្មី ហ៊ានចាយលុយធំ ១នេះបានទិញតារាប្រុសល្បីៗ មករួមទ្រនុំខ្លួនជាបន្ដបន្ទាប់ តែនៅខ្វះអ្នកចម្រៀងច្រៀងស្រីល្បីៗ។ប៉ុន្ដែនៅពេលសាកសួររឿងនេះអ៊ីវ៉ា បែជាប្រកែកញ៉ាច ហើយនាងថាការជួបជុំជាមួយតារាGalaxy នោះគឺដោយសារតែនាងបានច្រៀងConcerts ជួបគ្នា មិនមែននាងក្លាយទៅជាតារានៅផលិតកម្មជាមួយគ្នាឡើយ ព្រោះថាបច្ចុប្បន្ននាងនៅតែជាអ្នកចម្រៀងរបស់សាន់ដេដដែលទេ។
អ៊ីវ៉ា នៅតែបង្ហាញជំហ ថានាងគ្មានផែនការណ៍ប្ដូរផលិតកម្មនៅឆ្នាំ២០២៣ នេះឡើយ ហើយនាងក៍មិនចង់និយាយពាក់ព័ន្ធជាមួយGalaxy នោះដែរ។ប៉ុន្ដែតាមប្រភពថាGalaxy ពិតជាមានការចាប់អារម្មណ៍ទៅលើសម្ថភាពរបស់អ៊ីវ៉ា ព្រោះថាក្រោយពួកគេយកបានព្រាប សុវត្ថិ ,ខេម និងខែម ប៊ុនថៃ នោះពេលនេះដៃគូស្រីតារាប្រុសទាំង៣ខាងលើគឺមានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់ប៉ុណ្ណោះ បន្ទាប់ពីមានព័តមានថាថៅកែផលិតកម្មនេះគ្រោងទិញមាស សុខសោភា និងពេជ្រ សោភា ទៅធ្វើជាដៃគូតារាប្រុសរបស់ខ្លួន តែតារាស្រីទាំងពីរមិនចាប់អារម្មណ៍។
អ៊ីវ៉ា បានចាប់អាជីពច្រៀងនៅសាន់ដេរយៈពេលជាង១០ឆ្នាំមកហើយពោលគឺតាំងពីផ្ដើមអាជីពមួយនេះដំបូងគឺនៅសាន់ដេ និងរហូតមកដល់បច្ចុប្បន្នតែម្ដង។ស្រីនាថ ធ្លាប់បង្ហើបថានាងត្រូវបានហង្សមាស និងថោន ទាក់ទង តែពេលនេះនាងលែងចង់និយាយពាក់ព័ន្ធរឿងផលិតកម្មណាចែចូវទៀតហើយ ព្រោះសព្វថ្ងៃនាងនៅតែជាតារាសាន់ដេ ដោយថៅកែថែមទាំងបានផ្ដល់សិទ្ធិពិសេសឲ្យនាងដូចជានាងច្រៀងដោយគ្មានកុងត្រា និងមានសិទ្ធិបដិសេធចោលមិនច្រៀងរាល់បតចម្រៀងណាដែលនាងមិនពេញចិត្ត ពោលគឺអាចច្រៀងថតសម្ដែងតែបទណាដែលនាងពេញចិត្តប៉ុណ្ណោះ។ដោយឡែកលោកអ៊ូ វ៉ាវ ឪពុករបស់អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស្រីនាថ បានចាត់ទុកសាន់ដេជាឪពុកម្ដាយទី២របស់ខ្លួន ព្រោះនាងបានល្បីឈ្មោះនិងមានការគាំទ្រ រហូតមកដល់បច្ចុប្បន្នគឺព្រោះតែផលិតកម្មមួយនេះហើយ។លោកវ៉ាវ ថែមទាំងលើកពីគុណសម្បត្តិថៅកែសាន់ដេថាលោកចង់ឲ្យកូនចៅមានបានពោលគឺតារាខ្លួនចេញច្រៀងមិនដែលកាត់ភាគរយឡើយ។ប៉ុន្ដែលោកវ៉ាវ ហៅចន្ថា ថាកូនស្រីលោកមិនមែនច្រៀងនៅសាន់ដេអស់មួយជីវិតនោះទេ ពោលគឺការងារសិល្បៈនាងធ្វើទៅតាមពេលវេលា។
អ៊ីវ៉ា ឈានចូលវ័យ៣០ឆ្នាំហើយនៅឆ្នាំ២០២៣ នេះហើយនាងធ្លាប់បង្ហើបថាចង់រៀបការប្ដីនៅវ័យនេះ ព្រោះអាយុប៉ុណ្ណេះ មិនចាស់ឬក្មេងពេកនោះទេ គឺល្មមមានគ្រួសារ។ក្រោយដល់អាយុកំណត់បែបនេះថ្មីៗនេះគេឃើញអ៊ីវ៉ា បណ្ដើរបុរសចម្លែកម្នាក់ទៅជួបមិត្តភក្ដិជាចំហ ដែលនេះហាក់ដូចជាសញ្ញាមួយបង្ហាញថានាងជិតដល់វេលាការប្ដីហើយ។តែនៅពេលសាកសួររឿងនេះស្រីនាថ បែជាថាបុរសម្នាក់នោះជាបងប្អូននាងទៅវិញ។នាងថែមទាំងថាបើសិនជាប្រុសនោះជាសង្សារនាងមែន គឺនាងមិនបណ្ដើរជាសាធារណៈបែបនេះទេ គឺច្បាស់ជាលាក់បាត់ទៅហើយ។
ថ្វីត្បិតតែស្រីនាថ ថ្លែងបែបនេះក្ដី តែកន្លងមកនាងធ្លាប់បង្ហើបថាម្ចាស់ចិត្តរបស់នាងគឺជាមនុស្សប្រុសម្នាក់ដែលធ្វើការពាក់ព័ន្ធវិស័យកីឡារ តែនាងមិនប្រាប់ពីឈ្មោះឬតួនាទីពិតរបស់ប្រុសនោះឡើយ។យ៉ាងណាការបង្ហើបពីតម្រុយបេះដូងរបស់ស្រីនាថ បែបនេះបញ្ជាក់ថានាងពិតជាមិនអាចវិលទៅរកការផ្សះផ្សារស្នេហាជាមួយលោក”ប”ដែលជាថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាបបាននោះទេ ក្រោយអ្នកទាំងពីរបានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៣ ។ដោយឡែកលោកវ៉ាវ វិញធ្លាប់ប្រាប់ដែរថាលោកចង់ឲ្យកូនស្រីយកប្ដីជាបុរសមានវ័យចំណាស់បន្ដិច ព្រោះវ័យនោះគេចាស់ទាំងចិត្តនិងគំនិត ពោលគឺលោកមិនដែលចង់បានកូនប្រសារជាប្រុសក្មេងស្ទាវម្ដងណាឡើយ៕