កំពង់ឆ្នាំង ៖ យុវជនចំនួន២នាក់ បានជិះម៉ូតូដឹកគ្នាទៅមើលការប្រគំតន្ត្រី (ខនសឺត) លុះពាក់កណ្តាលយប់ ជិះម៉ូតូដឹកគ្នាត្រឡប់ទៅផ្ទះវិញ ត្រូវជនមិនស្គាល់មុខ ស្ទាក់កាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ហើយភ្លាមនោះ ជនរងគ្រោះទាំង២ បានព្យាយាមជិះម៉ូតូរត់គេចដែរ តែមិនបានប៉ុន្មាន ក៏ដួលម៉ូតូ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ ភ្លាមៗ ខណៈដែលក្រុមជនដៃដល់ បានគេចខ្លួនបាត់ស្រមោលអស់។
ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវចូលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ ស្ថិតនៅក្នុងឃុំគោកបន្ទាយ ស្រុករលាបៀរ។
ជនរងគ្រោះដែលត្រូវគេលបកាប់ស្លាប់ មានឈ្មោះឡុង សុខេន អាយុ២៤ឆ្នាំ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះអេង សំអូន ហៅសុខ អាយុ១៨ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ មានលំនៅ ភូមិព្រែកឆ្នោរ ឃុំកំពង់អូស ស្រុកជលគិរី។
ទោះជាយ៉ាងណា ពេលវេលានិងទីកន្លែងកើតហេតុច្បាស់លាស់ នៅពុំទាន់ដឹងនៅឡើយទេ ខណៈដែលលោកទឹម ចន្ទី អធិការនគរបាលស្រុករលាប្អៀរ អះអាងថា កម្លាំងជំនាញរបស់លោក កំពុងបើកការស្រាវជ្រាវ។
ដោយឡែក តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់នៅចំណុចផ្លូវចូលវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ ស្ថិតនៅក្នុងឃុំគោកបន្ទាយ ស្រុករលាបៀរ។
ក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាទៅមើលការប្រគំតន្ត្រី (ខនសឺត) នៅវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង។ លុះក្រោយមក ពេលត្រឡប់មកផ្ទះវិញ ក៏ត្រូវជនពុំស្គាល់មុខ ស្ទាក់កាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ ហើយពួកគេទាំង២នាក់ បានជិះម៉ូតូរត់គេច មកដួលស្លាប់នៅមុខយានដ្ឋានជួសជុលរថយន្ត ១កន្លែង ត្រង់មុខផ្លូវចូលវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ និងម្នាក់ទៀតរងរបួសធ្ងន់។
ជុំវិញហេតុការណ៍នេះ លោក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើងស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានដល់ការតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់។ដោយឡែក សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕