យោធាចិនបាននិយាយថា ខ្លួនបានព្រមាននាវាចម្បាំងរបស់សហរដ្ឋអាមេរិកឱ្យ ចាកចេញពីដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះកាលពីថ្ងៃព្រហស្បតិ៍ទី២៣ មីនាប៉ុន្តែ ការអះអាងនេះត្រូវបានបដិសេធភ្លាមៗថាជារឿងមិនពិត ដោយកងកម្លាំងអាមេរិក។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP។
កងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថានាវាពិឃាត USS Milius របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានចូលដែនទឹកជុំវិញប្រជុំកោះ Paracel ដែលត្រូវបានទាមទារដោយវៀតណាមផងដែរ។
អ្នកនាំពាក្យយោធាលោក Tian Junli បាននិយាយថា PLA បានរៀបចំកងកម្លាំងសមុទ្រនិងអាកាសដើម្បីតាមដាន និងត្រួតពិនិត្យ កប៉ាល់ស្របតាមច្បាប់ ហើយ បានព្រមានវាឱ្យចាកចេញ។
លោកបាននិយាយថា កប៉ាល់នេះ បានធ្វើការលុកលុយខុសច្បាប់ចូលទៅក្នុងដែនទឹករបស់ចិន … ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ផ្ទុយពីការអះអាងរបស់ចិនយោធាអាមេរិកបានបដិសេធភ្លាមៗចំពោះការលើកឡើងរបស់សាធារណរដ្ឋប្រជាមានិតចិនដោយប្រាប់AFP ថា សេចក្តីថ្លែងការណ៍របស់ចិនគឺមិនពិតទេ ។
អ្នកនាំពាក្យរបស់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាមេរិកបាននិយាយថានាវានេះកំពុងធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងសមុទ្រចិនខាងត្បូង ហើយមិនត្រូវបានបណ្តេញចេញទេ។
អ្នកនាំពាក្យរូបនេះបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរនិងប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។
គួររំឭកថាប្រទេសចិនទាមទារអធិបតេយ្យភាពស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកយុទ្ធសាស្ត្រឆ្លងកាត់ពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ បើទោះបីជាតុលាការអន្តរជាតិសម្រេចថាការទាមទាររបស់ចវិនមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។
ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ សុទ្ធតែមានការទាមទារត្រួតស៊ីគ្នានៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជូននាវាកងទ័ពជើងទឹកឆ្លងកាត់ប្រទេសនេះដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនទឹកអន្តរជាតិ៕