Friday, April 18, 2025
Homeព័ត៌មានអន្តរជាតិចិន អះអាងពីការបណ្តេញនាវាចម្បាំងអាមេរិក​ ចេញពី​ដែនទឹក

ចិន អះអាងពីការបណ្តេញនាវាចម្បាំងអាមេរិក​ ចេញពី​ដែនទឹក

យោធាចិនបាននិយាយថា ខ្លួនបានព្រមាននាវាចម្បាំងរបស់សហរដ្ឋអាមេរិកឱ្យ ចាកចេញពីដែនទឹកនៅក្នុង​សមុទ្រចិនខាងត្បូងដែលមានជម្លោះកាលពីថ្ងៃព្រហស្បតិ៍ទី២៣ មីនាប៉ុន្តែ ការអះអាងនេះត្រូវបានបដិសេធ​ភ្លាមៗថាជារឿងមិនពិត ដោយកងកម្លាំងអាមេរិក។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់​ងារសារព័ត៌​មានAFP។

កងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថានាវាពិឃាត USS Milius របស់សហរដ្ឋ​អាមេរិក​កាលពីថ្ងៃព្រ​ហស្បតិ៍បានចូលដែនទឹកជុំវិញប្រជុំកោះ Paracel ដែលត្រូវបានទាមទារដោយវៀតណាមផងដែរ។

អ្នកនាំពាក្យយោធាលោក Tian Junli បាននិយាយថា PLA បានរៀបចំកងកម្លាំងសមុទ្រនិងអាកាសដើម្បីតាមដាន និងត្រួតពិនិត្យ កប៉ាល់ស្របតាមច្បាប់ ហើយ បានព្រមានវាឱ្យចាកចេញ។

លោកបាននិយាយថា កប៉ាល់នេះ បានធ្វើការលុកលុយខុសច្បាប់ចូលទៅក្នុងដែនទឹករបស់ចិន … ដោយគ្មានការ​អនុញ្ញាតពីរដ្ឋាភិបាលចិន ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ផ្ទុយពីការអះអាងរបស់ចិនយោធាអាមេរិកបានបដិសេធភ្លាមៗចំពោះការលើកឡើងរបស់សាធារណរដ្ឋប្រជាមានិតចិនដោយប្រាប់AFP ថា សេចក្តីថ្លែងការណ៍របស់ចិនគឺមិនពិតទេ ។

អ្នកនាំពាក្យរបស់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាមេរិកបាននិយាយថានាវានេះកំពុងធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងសមុទ្រចិនខាងត្បូង ហើយមិនត្រូវបានបណ្តេញចេញទេ។

អ្នកនាំពាក្យរូបនេះបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរនិងប្រតិបត្តិ​ការគ្រប់ទីកន្លែងដែលច្បាប់​អន្តរ​ជាតិអនុញ្ញាត។

គួររំឭកថាប្រទេសចិនទាមទារអធិបតេយ្យភាពស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកយុទ្ធសាស្ត្រឆ្លងកាត់ពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ បើទោះបីជាតុលាការអន្តរជាតិសម្រេចថាការទាមទារ​របស់​ចវិនមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។

ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ សុទ្ធតែមានការទាមទារត្រួតស៊ីគ្នានៅក្នុងសមុទ្រ​ចិនខាង​ត្បូង ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជូននាវាកងទ័ពជើង​ទឹកឆ្លងកាត់ប្រទេសនេះដើម្បីធានាសេរី​ភាពនៃ​ការ​ធ្វើនាវាចរណ៍នៅក្នុងដែនទឹកអន្តរជាតិ៕

RELATED ARTICLES