Monday, July 7, 2025
Homeសន្ដិសុខសង្គមឃាត់ខ្លួនថៅកែហាង វ៉ៃធ្វើបាបកូនឈ្នួល

ឃាត់ខ្លួនថៅកែហាង វ៉ៃធ្វើបាបកូនឈ្នួល

កណ្តាល ៖ ក្មេងប្រុសស្រីចំនួន២នាក់ ដែលជាបុគ្គលិកហាងលក់បាយម្ហូប មួយកន្លែង បានប្តឹងចោទប្រកាន់ ទៅលើថៅកែរបស់ខ្លួន ថាបានកេងប្រវ័ញ្ចកម្លាំងពលកម្ម និងថែមទាំងវាយធ្វើបាបដល់ពួកនាង ទីបំផុតត្រូវ សមត្ថកិច្ចចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនប្តីប្រពន្ធថៅកែហាងលក់បាយ នាំយកមកសាកសួរ។

ការឃាត់ខ្លួនប្តីប្រពន្ធថៅកែហាងលក់បាយនេះ បានធ្វើឡើង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន បុរសជាប្តី មានឈ្មោះសុខ សូដា អាយុ៥៥ឆ្នាំ មុខរបរម៉ៅការសំណង់ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះគីម ឡេង អាយុ៤៩ឆ្នាំ មុខរបរលក់បាយម្ហូប។ ទាំងពីរនាក់ប្តីប្រពន្ធ មានលំនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ស.ប.ញ អាយុ១៨ឆ្នាំ ភេទប្រុស និងទី២-ឈ្មោះ ស.ច.ន អាយុ១៦ឆ្នាំ ភេទស្រី។ អ្នកទាំងពីរ បម្រើ ការងារនៅក្នុងហាងលក់បាយរបស់ជនសង្ស័យ និងមានលំនៅ ភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល និងតាមការសំណូមពរពីអង្គការមេត្រីអន្តរជាតិ (AIM) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មន្ត្រីជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ឯក រស់ សាវិន នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងមន្ត្រីមូលដ្ឋាន បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ក្រោយពីរកឃើញថា មានបទល្មើសកេងប្រវ័ញ្ចពលកម្ម និងធ្វើ ទារុណកម្មលើកុមារ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធខាងលើ ត្រូវសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES