ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបាននិយាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតកាល ពីថ្ងៃអង្គារបានប្រកាស ថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជី(NLD)នឹងត្រូវរំលាយដោយសារការ ខកខានក្នុងការចុះឈ្មោះឡើងវិញក្រោមច្បាប់បោះឆ្នោតថ្មីដែលតាក់តែងដោយរបបយោធា។
លោកស្រីអ៊ុងសានស៊ូជីបានបង្កើតគណបក្ស NLD នៅក្នុងឆ្នាំ ១៩៨៨ហើយបានទទួលជ័យជម្នះភ្លូក ទឹកភ្លូកដីនៅ ក្នុងការបោះឆ្នោតឆ្នាំ១៩៩០តែត្រូវបានលុបចោលជាបន្តបន្ទាប់ដោយរបបយោធានៅពេលនោះ។

ទោះជាយ៉ាងណាក្តីគណបក្សNLDនៅតែស្វែងរកសេចក្តីប្រាថ្នាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាហើយក្រោយមកបានទទួលជ័យជម្នះលើគណបក្សដែលគាំទ្រដោយយោធានៅក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ២០១៥ និង ២០២០។
កាលពីខែមករាគណៈកម្មាធិការរៀបចំការបោះឆ្នោតទុក រយៈពេលពីរខែដើម្បីអោយគណបក្សនយោបាយចុះ ឈ្មោះឡើងវិញនៅក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរឹងមួយ ប៉ុន្តែគណបក្សគូប្រជែងយោធា ដ៏ធំនិយាយថាការបោះ ឆ្នោតនេះមិនសេរីនិងយុត្តិធម៌។
លោក Tun Myint មន្ត្រីជាន់ខ្ពស់គណបក្ស NLD បាននិយាយថាគណបក្សនឹងមិនចុះឈ្មោះបោះឆ្នោតខណៈ សមាជិករបស់ខ្លួនជាច្រើននាក់នៅក្នុងពន្ធនាគារឬ ជាប់ពាក់ព័ន្ធក្នុងបដិវត្តន៍នោះទេ។
វាមិនសំខាន់ទេថាតើពួកគេនិយាយថាគណបក្សរបស់យើងត្រូវបានរំលាយឬអត់។យើងកំពុងឈរជាមួយនឹង ការគាំទ្រពីប្រជាជន។

ទូរទស្សន៍រដ្ឋ MRTV បាននិយាយថា ក្នុងចំណោមគណបក្សដែលមានស្រាប់ចំនួន៩០ មានតែ ៥០ ប៉ុណ្ណោះដែល បានដាក់ពាក្យសុំចុះឈ្មោះឡើងវិញក្រោមច្បាប់ថ្មីនេះហើយគណបក្សដែលនៅសល់នឹងត្រូវរំលាយចាប់ពីថ្ងៃពុធ។
ច្បាប់ថ្មីដែលតាក់តែងដោយយោធាបានចែងថាគណបក្សណាមួយដែលចង់ប្រកួតប្រជែងការបោះឆ្នោតទូទាំងប្រទេស ត្រូវប្រមូលសមាជិកគណបក្សយ៉ាងតិច១០ម៉ឺន នាក់ក្នុងរយៈពេល៩០ថ្ងៃបន្ទាប់ពីការ ចុះឈ្មោះត្រូវបាន អនុញ្ញាត និងបើកការិយាល័យនៅក្នុងសង្កាត់យ៉ាងហោចណាស់ពាក់កណ្តាលនៃប្រទេសក្នុងរយៈពេល១៨០ថ្ងៃ។គណបក្សណាដែលមិនអាចធ្វើដូច្នេះនឹងបាត់បង់ឋានៈរបស់ខ្លួនក្នុងនាមជាគណបក្សនយោបាយ។
ច្បាប់នេះមិនផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលការកំណត់ចំនួនទាំងនោះនឹងត្រូវបានផ្ទៀងផ្ទាត់នៅទូទាំងប្រទេសដែលមានវិបត្តិដែលយោធាកំពុងតស៊ូដើម្បីបង្ក្រាបការតស៊ូនឹងរដ្ឋប្រហាររបស់ខ្លួនហើយក្រុមសិទ្ធិមនុស្សចោទប្រកាន់ថាមានការបំភិតបំភ័យដ៏ធំ។

អ្នកនាំពាក្យរបស់ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ការរំលាយគណបក្ស NLD គឺជា ជំហានមួយទៀតក្នុងទិសដៅដែលយើងមិនចង់ដើរជាមួយ ហើយបានអំពាវនាវឱ្យមានការដោះលែង លោកស្រីអ៊ុងស៊ានស៊ូជី ។
កាលពីខែធ្នូរបបយោធាបានបញ្ចប់ការកាត់ក្តីជាបន្តបន្ទាប់នៃតុលាការបិទទ្វារលើអ្នកម្ចាស់រង្វាន់ណូបែលអាយុ ៧៧ ឆ្នាំដោយដាក់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំនៅក្នុងដំណើរការដែលក្រុមសិទ្ធិមនុស្សបានថ្កោលទោសថ។
យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថាមនុស្សជាង ៣១០០នាក់ត្រូវបានសម្លាប់ និងជាង ២០០០០ នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារ៕