បាត់ដំបង ៖ ថ្មីៗនេះ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយ គឺចេកចម្លែក ចេញត្រយូងនិងផ្លែ ពីគល់ ធ្វើឲ្យអ្នកជឿលើ ជំនឿអរូបី បាននាំគ្នាអុជធូបបន់ស្រន់ តាមសេចក្តីប្រាថ្នារៀងៗខ្លួន បន្ទាប់ពីម្ចាស់ចេក បានបង្ហោះរូបភាពតាម បណ្តាញសង្គម ហ្វេសប៊ុក។
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ត្រីម្នាក់ ឈ្មោះស្រីលាភ ជាម្ចាស់ចេកចម្លែក មុខរបរលក់កូនឈើ និងដើមផ្កា រស់នៅខេត្តបាត់ដំបង បានឲ្យដឹងថា គាត់មិនបានចាប់អារម្មណ៍ថា ចេកចម្លែកនេះ ចេញត្រយូង និងផ្លែ តាំងពី ពេលណាទេ ស្រាប់តែនៅព្រឹកថ្ងៃខាងលើ នៅពេលអ្នកស្រីក្រោកព្រឹក ដើម្បីរៀបចំលក់ដូរតាមទម្លាប់ប្រចាំថ្ងៃ ក៏ឃើញនៅគល់ចេកមួយដើម ដែលត្រូវបានកាប់ដើមចោល បន្ទាប់ពីផ្លែមួយស្ទងរួចមកនោះ មានចេញត្រយូង និងផ្លែ គួរឲ្យភ្ញាក់ផ្អើលតែម្តង។
ស្ត្រីជាម្ចាស់ចេក បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា «ក្រោកពីព្រឹក ឃើញស្ដែងៗ សុំតែសុខ សប្បា យសិរីសួស្ដី មានលោភមានជ័យ រកទទួលទានមានបាន លុយហូរចូលដូចទឹកបាក់ទំនប់ បំណង ប៉ងប្រាថ្នាធំៗ សូមឲ្យបានសម្រេចក្នុងឆ្នាំ២០២៣»។
ភ្លាមៗបន្ទាប់ពីបានឃើញចេកចម្លែកនេះ អ្នកដែលជឿលើជំនឿអរូបីមួយចំនួន យល់ថា ជាចេកមានបារមី ក៏នាំគ្នាអុជធូប បន់ស្រន់សុំសេចក្តីសុខ និងសេចក្តីប្រាថ្នាផ្សេងៗ រីឯមនុស្សមួយចំនួនដែលពីមុនធ្លាប់លេង ល្បែងឆ្នោតកន្ទុយលេខ ទោះបីជាឥឡូវភ្ញាក់ខ្លួនឈប់លេង ព្រោះជាល្បែងស៊ីសងខុសច្បាប់ ក៏នៅតែនាំគ្នា កាត់ជាលេខឆ្នោតលេង ដោយអ្នកខ្លះថា «ខ្ទង់៧០» ឬចេកចេញផ្លែ «៤៧ ឬ៧៤» និងខ្លះថា ចេកចេញផ្លែពីគល់ «៧០ ឬ៧១» ជាដើម៕ ខៀវទុំ