Monday, March 17, 2025
Homeព័ត៌មានអន្តរជាតិលោកស៊ីជីនពីង និងលោកម៉ាក្រុង ​អំពាវនាវឱ្យ​សហ​គមន៍​អន្តរជាតិ ចាប់ផ្តើមចរចា​សន្តិភាពបញ្ចប់​សង្រ្គាម​នៅអ៊ុយក្រែន

លោកស៊ីជីនពីង និងលោកម៉ាក្រុង ​អំពាវនាវឱ្យ​សហ​គមន៍​អន្តរជាតិ ចាប់ផ្តើមចរចា​សន្តិភាពបញ្ចប់​សង្រ្គាម​នៅអ៊ុយក្រែន

បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំងប្រធានាធិបតីចិនលោក ស៊ីជីនពីងនិងសមភាគីបារាំងលោក អ៊ីម៉ានូអែល  ម៉ាក្រុង កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យសហគមន៍​អន្តរជាតិធ្វើការឆ្ពោះទៅរកការចាប់ផ្តើម​ឡើងវិញនូវកិច្ច​ចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌​មាន​ជប៉ុនក្យូដូកាលពីថ្ងៃសុក្រទី៧ ខែមេសាឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមេដឹកនាំទាំងពីរ ក៏បានចែករំលែកទស្សនៈថា អាវុធនុយក្លេអ៊ែរនឹងមិនត្រូវប្រើ ហើយសង្គ្រាមនុយក្លេអ៊ែរក៏នឹងមិនកើតឡើងដែរនៅអ៊ុយក្រែន។

លោកស៊ីជីនពីងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សាភាពសមហេតុផល និងការអនុវត្តការអត់ធ្មត់ ដើម្បីឲ្យ​សកម្មភាពដែលនឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់វិបត្តិអ៊ុយក្រែនត្រូវបានជៀសវាង។ លោកក៏បាននិយាយផងដែរ ក្នុងការស្វែងរកដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ថាកង្វល់សុវត្ថិភាពស្របច្បាប់របស់ភាគីទាំងអស់ គួរតែត្រូវបានយកមកពិចារណា។

ជាមួយគ្នានេះដែរកាលពីថ្ងៃព្រហស្បតិ៍ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រីUrsula von der Leyen បានចូលរួម​ជាមួយ​លោកស៊ី និង ម៉ាក្រុង សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីបន្ទាប់ពីបានពិ​ភាក្សាទ្វេភាគីដាច់ដោយ​ឡែកជា​មួយ​មេដឹកនាំចិន។

លោកស្រីVon der Leyen បាននិយាយថា លោកស្រីបានលើកទឹកចិត្ត ដល់លោកស៊ីជីនពីងឱ្យទាក់ទងទៅ​កាន់​ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីហើយមេដឹកនាំចិនបានបង្ហាញពីឆន្ទៈក្នុងការនិយាយជាមួយលោកហ្សេឡិនស្គីនៅពេលដែលមានលក្ខខណ្ឌ និងពេលវេលាត្រឹមត្រូវ។ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានថា នេះគឺជា ធាតុវិជ្ជមាន។នៅដើមដំបូងនៃកិច្ចចរចាជាមួយប្រធានាធិបតីចិនលោកម៉ាក្រុងបាននិយាយថា លោករំ​ពឹងថាលោកស៊ី នឹង នាំប្រទេសរុស្ស៊ីជាមួយនឹងហេតុផលនិងភាគីត្រឡប់ទៅតុចរចាវិញ។

លោកស្រី Von der Leyen ក៏បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសចិនមាន ការទទួលខុសត្រូវធំក្នុងការ​ប្រើ​ប្រាស់ឥទ្ធិពលរបស់ខ្លួនដោយផ្អែកលើមិត្តភាពរបស់ខ្លួនជាមួយរុស្ស៊ី។ លោកស្រីបានបន្ថែមថាយើងរំពឹង​ថាប្រ​ទេសចិននឹងដើរតួនាទីរបស់ខ្លួននិងលើកកម្ពស់សន្តិភាពដ៏ត្រឹមត្រូវមួយដែលគោរពអធិបតេយ្យភាព និងបូរ​ណ​ភាពទឹកដីរបស់អ៊ុយក្រែន។

ប្រធានសហភាពអឺរ៉ុបក៏បានព្រមានចិនប្រឆាំងនឹងការផ្តល់សព្វាវុធដល់រុស្ស៊ីដោយផ្ទាល់ ឬដោយប្រយោល ដោយ​និយាយថាការផ្តល់អាវុធដល់ជនឈ្លានពាននឹងបំពានច្បាប់អន្តរជាតិ និងប៉ះពាល់យ៉ាងខ្លាំងដល់​ទំនាក់​ទំនងរបស់ខ្លួនជាមួយប្លុកក្នុងតំបន់៕

RELATED ARTICLES