បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំងប្រធានាធិបតីចិនលោក ស៊ីជីនពីងនិងសមភាគីបារាំងលោក អ៊ីម៉ានូអែល ម៉ាក្រុង កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញនូវកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃសុក្រទី៧ ខែមេសាឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមេដឹកនាំទាំងពីរ ក៏បានចែករំលែកទស្សនៈថា អាវុធនុយក្លេអ៊ែរនឹងមិនត្រូវប្រើ ហើយសង្គ្រាមនុយក្លេអ៊ែរក៏នឹងមិនកើតឡើងដែរនៅអ៊ុយក្រែន។
លោកស៊ីជីនពីងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សាភាពសមហេតុផល និងការអនុវត្តការអត់ធ្មត់ ដើម្បីឲ្យសកម្មភាពដែលនឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់វិបត្តិអ៊ុយក្រែនត្រូវបានជៀសវាង។ លោកក៏បាននិយាយផងដែរ ក្នុងការស្វែងរកដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ថាកង្វល់សុវត្ថិភាពស្របច្បាប់របស់ភាគីទាំងអស់ គួរតែត្រូវបានយកមកពិចារណា។
ជាមួយគ្នានេះដែរកាលពីថ្ងៃព្រហស្បតិ៍ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រីUrsula von der Leyen បានចូលរួមជាមួយលោកស៊ី និង ម៉ាក្រុង សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីបន្ទាប់ពីបានពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយមេដឹកនាំចិន។
លោកស្រីVon der Leyen បាននិយាយថា លោកស្រីបានលើកទឹកចិត្ត ដល់លោកស៊ីជីនពីងឱ្យទាក់ទងទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីហើយមេដឹកនាំចិនបានបង្ហាញពីឆន្ទៈក្នុងការនិយាយជាមួយលោកហ្សេឡិនស្គីនៅពេលដែលមានលក្ខខណ្ឌ និងពេលវេលាត្រឹមត្រូវ។ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានថា នេះគឺជា ធាតុវិជ្ជមាន។នៅដើមដំបូងនៃកិច្ចចរចាជាមួយប្រធានាធិបតីចិនលោកម៉ាក្រុងបាននិយាយថា លោករំពឹងថាលោកស៊ី នឹង នាំប្រទេសរុស្ស៊ីជាមួយនឹងហេតុផលនិងភាគីត្រឡប់ទៅតុចរចាវិញ។

លោកស្រី Von der Leyen ក៏បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសចិនមាន ការទទួលខុសត្រូវធំក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដោយផ្អែកលើមិត្តភាពរបស់ខ្លួនជាមួយរុស្ស៊ី។ លោកស្រីបានបន្ថែមថាយើងរំពឹងថាប្រទេសចិននឹងដើរតួនាទីរបស់ខ្លួននិងលើកកម្ពស់សន្តិភាពដ៏ត្រឹមត្រូវមួយដែលគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
ប្រធានសហភាពអឺរ៉ុបក៏បានព្រមានចិនប្រឆាំងនឹងការផ្តល់សព្វាវុធដល់រុស្ស៊ីដោយផ្ទាល់ ឬដោយប្រយោល ដោយនិយាយថាការផ្តល់អាវុធដល់ជនឈ្លានពាននឹងបំពានច្បាប់អន្តរជាតិ និងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរបស់ខ្លួនជាមួយប្លុកក្នុងតំបន់៕